អត្ថបទពិសេស៖ ក្រឡេកមើលពិភពលោកនៅឆ្នាំ 2024 តាមដានមនុស្ស 4.2 ពាន់លាននាក់មានសិទ្ធិបោះឆ្នោត

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី03 ខែមករា ឆ្នាំ2024 ម៉ោង 7:51 នាទី ល្ងាច

 

បកប្រែពី khaosod:

ដោយ សូរ្យរិទ្ធ៖

រៀងរាល់ឆ្នាំនៅក្នុងទស្សនាវដ្តី The Economist ដែលជាទស្សនាវដ្តីឈានមុខគេរបស់ប្រទេសអង់គ្លេស បានធ្វើការវិភាគ និងវាយតម្លៃអំពីស្ថានការណ៍ពិភពលោកទាំងមូល មាននយោបាយ សេដ្ឋកិច្ច កិច្ចការបរទេស និងបច្ចេកវិជ្ជា ។

បណ្ណាធិការ Tom Standage បើកឡើងអំពីការពិតដែលថាជីវិតនឹងផ្លាស់ប្តូរជានិច្ច ថាតើមានការកើនឡើងនៃជម្លោះប្រដាប់អាវុធ កិច្ចខិតខំប្រឹងប្រែងស្វែងរកថាមពលថ្មីជុំវិញពិភពលោក ឬការរីកចម្រើនយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត (AI) ពិភពលោកកំពុងផ្លាស់ប្តូរក្នុងល្បឿនមិនគួរឱ្យជឿ។

អត្ថបទនេះជួយឲ្យអ្នកអានតាមទាន់ពិភពលោក ទៅលើរឿងរ៉ាវ 10 ចំណុចសំខាន់ៗដូចខាងក្រោម៖

១. បោះឆ្នោតទូទាំងពិភពលោក

នៅឆ្នាំ 2024 មានការបោះឆ្នោតជាង 70 លើក នៅក្នុងប្រទេសនានាជុំវិញពិភពលោក ដែលមានចំនួនប្រជាជនសរុបប្រមាណ 4.2 ពាន់លាននាក់ ឬច្រើនជាងពាក់កណ្តាលនៃចំនួនប្រជាជនពិភពលោក។ ជា​លទ្ធផល​ឆ្នាំ​នេះ​នឹង​មាន​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​ច្រើន​មិន​ដែលមាន​ពី​មុន ។

រួម​ទាំង​ការ​លើក​ឋានៈ​លទ្ធិប្រជាធិបតេយ្យ​ជុំវិញ​ពិភពលោក​ឱ្យ​កាន់​តែ​លេចធ្លោ​​ ទោះ​បីចំនួន​បោះ​ឆ្នោតមានច្រើន ប៉ុន្តែ​នេះ​មិន​ធានា​ថា​លទ្ធិប្រជាធិបតេយ្យ​នឹង​ពង្រឹងបាននោះ​ទេ ព្រោះ​អាច​នឹង​មិន​យុត្តិធម៌ សេរី និង​តម្លាភាព ។

២. ជម្រើសសកលរបស់អាមេរិក

ឆ្នាំនេះ ពិភពលោកចាប់ភ្នែកមើលលើចលនាអ្នកមានសិទ្ធិបោះឆ្នោតនៅសហរដ្ឋអាមេរិក រួមទាំងតុលាការដែលគ្រោងនឹងសម្រេចលើបណ្តឹងរបស់លោក ដូណាល់ ត្រាំ អតីតប្រធានាធិបតីសហរដ្ឋអាមេរិក ដែលមានឱកាស ១ ក្នុង ៣ ក្នុងការទទួលបានតំណែងជាមេដឹកនាំប្រទេសឡើងវិញ ។

លទ្ធផលអាចអាស្រ័យលើអ្នកមានសិទ្ធិបោះឆ្នោត មិនប៉ុន្មានម៉ឺននាក់នៅក្នុងរដ្ឋ Swing State ឬរដ្ឋដែលគាំទ្ររបស់គណបក្សធំៗទាំងពីរដែលបានទទួលសំឡេងស្មើគ្នា ប៉ុន្តែ​ផលដែលតាមមក នឹងប៉ះទង្គិច រួមទាំង​ជះ​ឥទ្ធិពល​ទៅ​លើ​ទិសដៅ និង​ លទ្ធភាពជុំវិញ​ពិភពលោក។ ពីគោលនយោបាយអាកាសធាតុ ដល់ការគាំទ្រយោធាសម្រាប់អ៊ុយក្រែន រួមទាំងជោគវាសនារបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ក្នុងការបោះឆ្នោត ។

៣. អម្រែកអឺរ៉ុប

អឺរ៉ុបត្រូវតែបង្កើន និងផ្តល់ការគាំទ្រផ្នែកយោធា និងសេដ្ឋកិច្ចដល់អ៊ុយក្រែន ដែលខ្លួនត្រូវការនៅក្នុងការតស៊ូដ៏យូរអង្វែង ដើម្បីរក្សាអធិបតេយ្យភាពរបស់ខ្លួន។ ក្នុងពេលជាមួយគ្នានេះ មាគ៌ារបស់អ៊ុយក្រែនទៅកាន់សមាជិកភាពសហភាពអឺរ៉ុបត្រូវតែត្រូវបានដាក់ចេញ។ នេះគឺជារឿងត្រឹមត្រូវដែលត្រូវតែធ្វើឲ្យបាន ដែលនឹងការពារជាមុនប្រឆាំងនឹងហានិភ័យនៅក្នុងព្រឹត្តិការណ៍ដែលលោក ដូណាល់ ត្រាំ ឡើងកាន់អំណាចជាប្រធានាធិបតីសហរដ្ឋអាមេរិក ចំពោះការដកការគាំទ្ររបស់គាត់ចំពោះអ៊ុយក្រែន ។

៤. ភាពវឹកវរនៅមជ្ឈិមបូព៌ា

ភាពវឹកវរនៅមជ្ឈិមបូព៌ាពីជម្លោះបង្ហូរឈាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស តើវាពិតជាអាចបង្វែរតំបន់ជុំវិញ និងលុបបំបាត់គំនិតដែលថា ពិភពលោកអាចនឹងនៅព្រងើយកន្តើយនឹងស្ថានភាពរបស់ប្រជាជនប៉ាឡេស្ទីនស្លូតត្រង់ដែរឬទេ?

នេះអាចក្លាយជាជម្លោះក្នុងតំបន់កាន់តែរីករាលដាល តែក៏ជាឱកាសថ្មីសម្រាប់បង្កើតសន្តិភាពដែរ ។ សម្រាប់​សហរដ្ឋ​អាមេរិក ជា​មហាអំណាច​ដែល​បាន​សាយភាយ​ឥទ្ធិពល​ខ្លាំង​ពេក បញ្ហានេះអាចជាការសាកល្បង ថាតើយើងអាចសម្របខ្លួនទៅនឹងពិភពលោកដែលកាន់តែស្មុគស្មាញ និងគំរាមកំហែងខ្លាំងឡើងដែរឬទេ?

៥. ភាពវឹកវរផ្សេងទៀតកំពុងកើតឡើង

ផែនការសំខាន់ៗរបស់អាមេរិកនៅអាស៊ី ផ្តោតលើការប្រកួតប្រជែងជាមួយចិន ប្រទេសដ៏មានឥទ្ធិពលនៅក្នុងតំបន់នេះ ត្រូវបានបំផ្លាញដោយសង្គ្រាមនៅអ៊ុយក្រែន និងតំបន់ហ្គាហ្សាស្ទ្រីប។ ទន្ទឹមនឹងនេះ រុស្ស៊ីក៏កំពុងបាត់បង់ឥទ្ធិពលផងដែរ។ ជម្លោះដ៏ត្រាំត្រែងកំពុងរលាយបន្តិចម្តងៗ ហើយសង្គ្រាមត្រជាក់ក្នុងតំបន់កំពុងផ្ទុះឡើងជុំវិញពិភពលោក។

អស្ថិរភាពក្នុងតំបន់ Sahel តំបន់ព្រំដែនបែងចែកអាហ្រ្វិក ទៅជាខាងជើង និងខាងត្បូង វាបានកើនឡើងយ៉ាងច្បាស់ក្រឡែត ។ ពិភពលោកកំពុងរៀបចំសម្រាប់ជម្លោះកាន់តែច្រើន ហើយឥឡូវនេះ «សម័យកាលអំណាចតែមួយ» របស់សហរដ្ឋអាមេរិកបានបញ្ចប់ ។

៦. សង្គ្រាមត្រជាក់លើកទីពីរ

ទន្ទឹម​នឹង​នេះ កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ ភាពតានតឹងនៅតៃវ៉ាន់កំពុងកើនឡើងខ្ពស់ ឯសហរដ្ឋ​អាមេរិក​បន្ត​ដាក់​កម្រិត​ការ​ចូលដល់​បច្ចេកវិទ្យា​ទំនើប​របស់​ចិន ។ យុគ «សង្រ្គាម​ត្រជាក់​ថ្មី» កើនឡើងទ្វេដង។ ក្រុមហ៊ុនលោកខាងលិចដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើប្រទេសចិននៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់ នឹងរកឃើញថា នេះគឺជាការនិយាយងាយស្រួល ជាងការធ្វើ ។

៧. ភូមិសាស្ត្រថាមពលថ្មី

ការផ្លាស់ប្តូរខាងថាមពលស្អាត កំពុងបង្កបង្កើតមហាអំណាចបៃតង និងកំណត់ធនធានថាមពលថ្មី Lithium ទង់ដែង និងនីកែល មានតម្លៃជាងពេលណាៗទាំងអស់ ខណៈដែលប្រេង ឧស្ម័នធម្មជាតិ និងតំបន់ដែលគ្រប់គ្រងការផ្គត់ផ្គង់របស់ពួកគេកាន់តែមិនសូវសំខាន់ ។ ការប្រកួតប្រជែងសម្រាប់ធនធានបៃតងកំពុងផ្លាស់ប្តូរភូមិសាស្ត្រនយោបាយ និងពាណិជ្ជកម្ម បង្កើតអ្នកឈ្នះ និងអ្នកចាញ់ដែលមិននឹកស្មានដល់។

៨. ភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ច

សេដ្ឋកិច្ចលោកខាងលិចនឹងធ្វើបានល្អជាងការរំពឹងទុកកាលពីឆ្នាំ 2023 តែអត្រាការប្រាក់នៅខ្ពស់ជាងនេះ នឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុន និងអ្នកប្រើប្រាស់ ទោះបីជាវិបត្តិសេដ្ឋកិច្ចខ្លះអាចជៀសវាងបានក៏ដោយ។ ឯប្រទេសចិនអាចធ្លាក់ចូលទៅក្នុងបរិត្តផរណា ( ការដក​ចំនួន​រូបិយវត្ថុ​មួយ​ភាគ ចេញពី​ទីផ្សារ​ដែល​លើស​ចំនួន​ត្រូវការ​ចរាចរណ៍​របស់​សាច់ប្រាក់ ដើម្បី​ធ្វើ​ឲ្យ​ចំនួន​រូបិយវត្ថុ​សមាមាត្រ​និង​តម្រូវការ​ចាំបាច់​សម្រាប់​ចរាចរណ៍​) ។

៩. មុងងារ AI

ធុរកិច្ចផ្សេងៗកំពុងទទួលយក AI មកប្រើ ។ និយតករ (វត្ថុ ឬអ្វីៗដែលអាចត្រួតពិនិត្យ ឬកែតម្រូវអ្វីមួយជាប្រចាំ) ក៏កំពុងធ្វើនិយតកម្មផងដែរ ហើយ​ផ្នែក​អភិវឌ្ឍន៍​បច្ចេកវិទ្យា​បន្ត​កែលម្អ​។ ការជជែកវែកញែកនឹងកាន់តែខ្លាំងឡើងអំពីវិធីល្អបំផុតដើម្បីគ្រប់គ្រង AI រួមទាំងហានិភ័យដែលនៅតែមាន ។ ក្នុងចំណោមកង្វល់ជាច្រើនគឺផលប៉ះពាល់នៃ AI លើការងារ និងការជ្រៀតជ្រែកការបោះឆ្នោត ។

១០. ពិភពលោកបញ្ចូលគ្នា?

ប្រហែលជាភាពខុសគ្នាខាងមនោគមវិជ្ជានឹងត្រូវទុកមួយឡែកសិន នៅពេលដែលពិភពលោករីករាយនឹងការប្រកួតកីឡាអូឡាំពិកឆ្នាំ 2024 នៅទីក្រុងប៉ារីស ប្រទេសបារាំង ឬចូលរួមជាមួយអវកាសយានិកដែលនឹង «អាច» ធ្វើដំណើរក្នុងរង្វង់ព្រះច័ន្ទ ប៉ុន្តែ​វា​ក៏​អាច​ទៅ​រួច​ដែរ ​ដែល​ក្តី​សង្ឃឹម​សម្រាប់​ការឯកភាព​ជា​សកល​នឹង​សំយ៉ុង​ចុះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម