ថ្មីៗនេះ បន្ទាប់ពីអង្គការឱសថសហភាពអឺរ៉ុប (EMA) បានចេញរបាយការណ៍ផ្លូវការបញ្ជាក់ថា «សុវត្ថិភាព និងប្រសិទ្ធភាព» នៃវ៉ាក់សាំងការពារកូវីដ-១៩ របស់ក្រុមហ៊ុន Astra Seneca / Oxford បណ្តាប្រទេសអន្តរជាតិក្នុងតំបន់បានបញ្ជាក់ថា កំពុងត្រឡប់មកប្រើម្តងទៀតវិញហើយ ។
ថ្ងៃទី ១៩ មីនា ព័ត៌មានពីទីក្រុងឡុងដ្រ៍ ប្រទេសអង់គ្លេសថា EMA បានត្រួតពិនិត្យប្រសិទ្ធភាពរបស់វ៉ាក់សាំងការពារកូវីដ-១៩ ដែលអភិវឌ្ឍដោយក្រុមហ៊ុន អេស្ត្រា សេណេកា រួមជាមួយមហាវិទ្យាល័យអុកហ្វដ របស់អង់គ្លេស ដែលលើកនេះអាស្រ័យទៅលើប្រជាជនប្រមាណ ២០លាននាក់ ដែលទទួលការចាក់វ៉ាក់សាំងខាងលើ ទាំងអង់គ្លេស និងសមាជិកតំបន់សេដ្ឋកិច្ចអឺរ៉ុប (EEA) ៣០ ប្រទេសទៀត ។
EMA បានធ្វើការសន្និដ្ឋានយ៉ាងច្បាស់ថា វ៉ាក់សាំងជួយបង្កើនភាពស៊ាំប្រឆាំងនឹងកូវីដ-១៩ កាត់បន្ថយហានិភ័យនៃការធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតដល់ថ្នាក់ទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងកាត់បន្ថយអត្រាមរណៈ តែទោះយ៉ាងណាគេនៅសិក្សាលម្អិតបន្តទៀត ។
លោកនាយករដ្ឋមន្រ្តី ហ្សង់ ហ្គាសតេស (Jean Gaestez) អាយុ ៥៥ ឆ្នាំ ទទួលចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca / Oxford នៅថ្ងៃសុក្រទី ១៩ ខែមីនានេះម៉ោងក្នុងស្រុក ដើម្បីពង្រឹងទំនុកចិត្តឲ្យប្រជាជនបារាំង ។
ស្របពេលដែលរដ្ឋាភិបាលអ៊ីតាលី បញ្ជាក់ដល់លោកនាយករដ្ឋមន្រ្តី ម៉ារីអូ ដ្រាហ្គី (Mario Draghi) ក៏បានចាក់វ៉ាក់សាំង Astrazeneca / Oxford ដូចគ្នា ។ ចំណែករដ្ឋាភិបាលអាឡឺម៉ង់ លីទុយអានី អេស្ប៉ាញ សាយប្រឺស និង ឡាត់វី បានប្រកាសពីផែនការចែកវ៉ាក់សាំងយីហោនេះទៅឲ្យប្រជាជនផងដែរ ។
វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុន Astra Seneca / Oxford គឺជាកម្លាំងដ៏សំខាន់មួយនៅក្នុងគម្រោង Covax របស់អង្គការសុខភាពពិភពលោក (WHO) ដែលអង្គការ WHO បានប្រកាសក្នុងសប្តាហ៍នេះនូវការបញ្ជាក់ពីទំនុកចិត្តលើប្រសិទ្ធភាពនៃវ៉ាក់សាំង AstraZeneca / Oxford ៕
ពី REUTERS
ដោយ ចាន់ធឿន