យល់ដឹងពីលក្ខខណ្ឌ និងកិច្ចដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា

ចំណេះដឹងទូទៅថ្ងៃសុក្រ ទី16 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 10:32 នាទី ព្រឹក

ដោយ សូរ្យសែង៖

 និយាយតាមពិតទៅ ពលរដ្ឋយើងមួយចំនួនមិនទាន់យល់ដឹង អំពីការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា​(អសកល)​នៅឡើយទេ ដោយខ្លះបានសួរថា ប្រជាជនត្រូវទៅបោះឆ្នោតថ្ងៃទី ២៥ កុម្ភៈនេះទេ ខ្លះទៀតសួរថា នរណាខ្លះទៅបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានេះ? បោះឆ្នោតសកល អសកល មានន័យដូចម្តេច? តោះសូមអាននៅខាងក្រោមៈ

     ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង៦ ឆ្នាំម្តង នៅថ្ងៃអាទិត្យ សប្តាហ៍ទី៨ មុនដំណាច់ឆ្នាំទី៦ នៃនីតិកាលព្រឹទ្ធសភា លើកលែងតែក្នុងករណីដែលមានចែងក្នុងបទប្បញ្ញត្តិ មាត្រា១០២ថ្មី នៃរដ្ឋធម្ម​នុញ្ញ ។

    កាលបរិច្ឆេទនៃការបោះឆ្នោត ត្រូវកំណត់និងប្រកាស ដោយ​នាយករដ្ឋមន្រ្តី តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។ នីតិកាលព្រឹទ្ធសភា ត្រូវផុតកំណត់នៅពេល ព្រឹទ្ធ​សភា​ ថ្មីចូលកាន់តំណែង ។​ ព្រឹទ្ធសភា មានចំនួនសមាជិកយ៉ាងច្រើន ស្មើនឹងពាក់កណ្ដាលនៃចំនួន សមាជិករដ្ឋ​សភាទាំងមូល ។

ការបោះឆ្នោតព្រឹទ្ធសភា (អសកល)

    អ្នកបោះឆ្នោត និងតួអង្គបោះឆ្នោត គឺតំណាងរាស្ត្រក្នុងតំណែង សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ទាំងអស់ក្នុងតំណែង នៅក្នុងក្របខ័ណ្ឌនៃភូមិភាគនីមួយៗ ។

     សមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ មានចំនួន ៦២ រូប ៖

        - សមាជិកព្រឹទ្ធសភា ចំនួន ២ រូប ត្រូវបានចាត់តាំងដោយព្រះមហាក្សត្រ

        - សមាជិកព្រឹទ្ធសភា ចំនួន ២ រូប ត្រូវបានរដ្ឋសភាជ្រើសតាំងតាមមតិភាគច្រើនដោយប្រៀប

      - សមាជិកព្រឹទ្ធសភា ចំនួន ៥៨ ទៀត ត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកលមិនចំពោះ តាមវិធីជ្រើសរើសឆ្នោតជាសម្ងាត់។

     ចំពោះមណ្ឌលបោះឆ្នោតត្រូវរៀបចំ និងបែងចែកជា ៨ ភូមិភាគ និងអាសនៈត្រូវបែងចែកតាមភូមិភាគ ដូចខាងក្រោម:

  • ភូមិភាគទី ១ រាជធានីភ្នំពេញ មាន ៦ អាសនៈ
  • ភូមិភាគទី ២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន ៨ អាសនៈ
  • ភូមិភាគទី ៣ ខេត្តកណ្តាល មាន ៥ អាសនៈ
  • ភូមិភាគទី ៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន ១០ អាសនៈ
  • ភូមិភាគទី ៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន ៧ អាសនៈ
  • ភូមិភាគទី ៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន ៧ អាសនៈ
  • ភូមិភាគទី ៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន ៩
  • ភូមិភាគទី ៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន ៦ អាសនៈ។

     សមាជិកព្រឹទ្ធសភាក្នុងព្រឹទ្ធសភា គឺជាតំណាងរបស់ប្រជាជាតិខ្មែរទាំងមូល ពុំមែនគ្រាន់តែជាតំណាងឲ្យភូមិភាគរបស់ខ្លួននោះទេ ។

    ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ត្រូវអនុវត្តតាមប្រព័​ន្ធ សមាមាត្រ និងការបែងចែកអាសនៈ តាម មណ្ឌល ត្រូវធ្វើតាមរូបមន្តមធ្យមភាគខ្ពស់បំផុត ដូចមានកំណត់ក្នុង មាត្រា១៣៥​ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត ។

      គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មានសម​ត្ថកិច្ចគ្រប់គ្រង ការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ។

     ក្រុមប្រឹក្សាធម្មនុញ្ញ មានសមត្ថកិច្ចធានា ការពារការ គោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញ និងច្បាប់ដែលរដ្ឋសភា បានអនុម័ត និងព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ ។

     ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិ ពិនិត្យ និងសម្រេច អំពីករណីវិវាទកម្មទាក់ទងនឹង ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត និងការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា ។

   សេចក្តីសម្រេចរបស់ ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្តីសម្រេចបិទផ្លូវតវ៉ា ។ រាយការណ៍ជូនព្រឹទ្ធសភា ឬ ជូនគណៈ កម្មាធិការអចិន្ត្រៃយ៍ ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំព្រឹទ្ធសភា ជាបន្ទាន់ ដើម្បីសម្រេច ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម