ដោយ សូរ្យសែង៖
នាយករដ្ឋមន្ត្រីប្រទេសន័រវេស លោកស្រី អឺណា សូលបឺក ត្រូវប៉ូលិសពិន័យ ២០.០០០ ខ្រូណា ប្រមាណ ៣០០០ ដុល្លារ ពីកំហុសល្មើសនឹងវិធានការគ្រប់គ្រងកូវីដ-១៩ ដោយប្រារព្ធធ្វើពិធីជប់លៀង មានភ្ញៀវលើសកំណត់ ។
នៅថ្ងៃទី ៩ មេសានេះ ពីទីក្រុងអូស្លូ ប្រទេសន័រវេស លោកមេបញ្ជាការតម្រួត លោក អូឡេ សេវេរ៉ូដ បានថ្លែងថា ប៉ូលិសបានពិន័យទោសនាយករដ្ឋមន្ត្រី អឺណា ចំនួន ២០.០០០ ខ្រូណា ។
ពិធីជប់លៀងនោះ គឺធ្វើខួបកំណើតរបស់លោកស្រីគម្រប់អាយុ ៦០ ឆ្នាំ ប្រារព្ធធ្វើនៅរីសតមួយកន្លែងនៅតំបន់ថ្រមកាលពីខែកន្លងមក មានអ្នកចូលរួម ១៣ នាក់ លើសវិធានការរបស់ក្រសួងសុខាភិបាល ដែលកំណត់ឲ្យមានគ្នាចូលរួមត្រឹម ១០ នាក់ ។
ទោះជាទឹកប្រាក់ពិន័យប៉ុនណឹងវាមិនច្រើនទេ តែប៉ូលិសបានរិះគន់នាយករដ្ឋមន្ត្រីថា ជាអ្នកបង្កើតច្បាប់ តែបែរល្មើសខ្លួនឯងទៅវិញ ។ ច្បាប់នៅក្នុងប្រទេសន័រវេសបង្គាប់ឲ្យជនទាំងឡាយក្នុងប្រទេស «អនុវត្តស្មើៗគ្នា» ។
លោកស្រីនាយករដ្ឋមន្ត្រី បានថ្លែងសុំទោសប្រជាជនន័រវេស និងបានសន្យាថានឹងមិនធ្វើបែបនេះទៀតទេ ។
បច្ចុប្បន្នប្រទេសន័រវេសមានអ្នកកើតកូវីដ-១៩ ចំនួន១០១.៩៦០ នាក់ ព្យាបាលជា ៨៨.០០០ នាក់ និងស្លាប់ ៦៨៤ នាក់ ៕
រូបថត GETTY IMAGES