ដោយ លៀង សូរ្យរិទ្ធ៖
ខណៈពេលដែលបណ្តាប្រទេសលោកខាងលិច ត្រូវបានគេមើលឃើញថា មានភាពអាត្មានិយម ដោយការទិញវ៉ាក់សាំងពីក្រុមហ៊ុនអាមេរិក ច្រើនជាងភាពចាំបាច់នៃចំនួនប្រជាជនរបស់ខ្លួនទៅទៀត ។ ប្រទេសរុស្ស៊ី និង ចិនបានធ្វើការរួមគ្នាដើម្បីពន្លឿនការផលិតវ៉ាក់សាំងជាច្រើនសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ មួយផ្នែកជាមនុស្សធម៌ មួយផ្នែកទៀតសម្រាប់ហេតុផលការទូត និងការទិញទឹកចិត្ត ក៏អាចថាបាន ។
សហរដ្ឋអាមេរិក កាណាដា អង់គ្លេស ញូវហ្សឺលែន ជាប្រទេសដែលទិញវ៉ាក់សាំងច្រើនជាងពីរដង នៃចំនួនប្រជាជនរបស់ខ្លួន ជាពិសេសវ៉ាក់សាំង Pfizer, Modena និង Johnson & Johnson ធ្វើឱ្យប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៍មិនអាចលូកដៃចូលវ៉ាក់សាំងរបស់លោកខាងលិចបាន ។
ងាកទៅវ៉ាក់សាំង ស្ពុតនិក វី (Sputnik V) របស់រុស្ស៊ី និងវ៉ាក់សាំង ស៊ីណូវ៉ាក់ (Sinovac) និង ស៊ីណូហ្វាម (Sino Farm) របស់ចិន កំពុងត្រូវបានបញ្ជូនទៅក្នុងក្រុមប្រទេសកំពុងអភិវឌ្ឍនៅទូទាំងពិភពលោក ដោយរុស្ស៊ីបានសន្យាថានឹងជួលក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ចិន ឲ្យផលិត Sputnik V ឲ្យបានបរិមាណច្រើន ដើម្បីបញ្ជូនទៅទ្វីបអាហ្វ្រិក និងអាមេរិកឡាទីន (អាមេរិកខាងត្បូង) ។
ប្រទេសចិនមានអ្នកផលិតវ៉ាក់សាំងជាច្រើនក្រុមហ៊ុន ដោយចុងក្រោយនេះ បានសន្យាផលិតឲ្យបាន ២៥០ លានដូសនៃវ៉ាក់សាំង Sputnik V ឲ្យប្រទេសរុស្ស៊ីបញ្ជូនទៅឲ្យប្រទេសដែលបញ្ជាទិញ បច្ចុប្បន្នវ៉ាក់សាំងនេះបានប្រើជាង ៦០ ប្រទេសទូទាំងពិភពលោកហើយ ទោះជាអង្គការសុខភាពពិភពលោក(WHO) មិនផ្តល់ការយល់ព្រមណាមួយនៅឡើយ ។
បច្ចុប្បន្ន វ៉ាក់សាំង Sino Farm របស់ចិន ត្រូវបាន WHO អនុញ្ញាតឲ្យស្ថិតក្នុងវ៉ាក់សាំងសង្គ្រោះបន្ទាន់ ហើយវ៉ាក់សាំង Sinovac នៅរង់ចាំការទទួលស្គាល់នៅឡើយ ប៉ុន្តែវ៉ាក់សាំងនេះបានប្រើនៅក្នុងប្រទេសជាច្រើនលើពិភពលោករួចមកហើយបន្ទាន់ ដែលចិនបានប្រើជាបច្ច័យសំខាន់ខាងការទូត ដើម្បីសម្តែងឲ្យដល់ប្រទេសកំពុងអភិវឌ្ឍនានា ។ ទាំងរុស្ស៊ី និងចិន ជាមិត្តពឹងពាក់គ្នាបាន នេះជាវិធានការដែលត្រូវទិញទឹកចិត្ត និងយកឈ្នះចិត្ត ក្នុងការព្យាយាម បង្កើតមិត្តភាពខាងការទូត ។
ចិន និងរុស្ស៊ី ចង់បង្ហាញពិភពលោកថា ពួកគេមិនមែនជារដ្ឋអធិរាជដូចដែលគេចោទប្រកាន់នោះទេ ហើយបានបង្ហាញថា បណ្តាប្រទេសលោកខាងលិចគឺជាមនុស្សគ្មានមេត្តា បម្រុងទុកវ៉ាក់សាំងសម្រាប់ការប្រើប្រាស់អាត្មានិយម ទោះបីជានៅសល់ច្រើនប៉ុនណាក៏ដោយ ក៏នឹងមិនចែករំលែកឲ្យទៅប្រទេសផ្សេងទៀតដែលត្រូវការទេ!
ប្រទេសរុស្ស៊ីគឺជាប្រទេសដំបូងគេដែលអាចផលិតវ៉ាក់សាំងដំបូងនៅលើពិភពលោកកាលពីខែសីហាឆ្នាំមុន ហើយបានអះអាងថា វាមានប្រសិទ្ធភាពខ្ពស់ដល់ ៩១,៦% ។ សរុបទៅវ៉ាក់សាំងរុស្ស៊ី និងចិនរាប់រយលានដូសត្រូវបានចែកចាយទូទាំងពិភពលោក ។
បណ្តាប្រទេសអាមេរិកឡាទីន ដែលជាធម្មតាជាមិត្តជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ជាពិសេសអាហ្សង់ទីន និងឈីលី បានបញ្ជាទិញវ៉ាក់សាំងមានបរិមាណដ៏ច្រើនពីប្រទេសរុស្ស៊ី និងចិន ដោយសារតែពួកគេមិនមានលទ្ធភាពទទួលវ៉ាក់សាំងពីប្រទេសលោកខាងលិចបាន ។ អាហ្សង់ទីនបានទិញវ៉ាក់សាំងពីរុស្ស៊ីចំនួន ៣០ លានដូស ក្រៅពីនោះ អាហ្សង់ទីន បានបញ្ជាទិញវ៉ាក់សាំង Sino Farm របស់ចិនចំនួន ៤ លានដូស តែមិនអាចទិញ Pfizer បាន ហើយបញ្ជាទិញវ៉ាក់សាំង Astra Zeneca ២៣ លានដូសក៏មិនបានសម្រេចទៀត ។
ប្រទេសជាច្រើនដែលជាសម្ព័ន្ធមិត្តសំខាន់របស់សហរដ្ឋអាមេរិក មិនអាចបញ្ជាទិញវ៉ាក់សាំងរបស់ Pfizer និង ម៉ាកយីហោផ្សេងៗទៀតបាន រួមទាំង AstraZeneca ។ សម្រាប់សាធារណៈជន បានបង្ហាញហេតុផលមួយចំណែកថា វ៉ាក់សាំង AstraZeneca ផលិតនៅក្នុងប្រទេសឥណ្ឌា សម្រាប់កិច្ចព្រមព្រៀង Covax ប៉ុន្តែត្រូវផ្អាកការនាំចេញ ។
ប្រទេសឥណ្ឌាបានលើកឡើងពីតម្រូវការក្នុងការពន្លឿនផលិតកម្មឲ្យគ្រប់គ្រាន់ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃជំងឺCOVID-19 នៅក្នុងប្រទេសកាន់តែខ្លាំង ជាហេតុធ្វើឲ្យបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក និងទ្វីបដទៃទៀត អស់សង្ឃឹមក្នុងការបានទទួលចាក់វ៉ាក់សាំងពីប្រទេសឥណ្ឌា ។
ឥណ្ឌូណេស៊ីដែលជាសម្ព័ន្ធមិត្តរបស់អាមេរិក មិនអាចលូកដៃចូលដល់ AstraZeneca ទេ ព្រោះឥណ្ឌាមិនអាចបញ្ជូនបាន ដូច្នេះត្រូវតែបញ្ជាទិញវ៉ាក់សាំងពីប្រទេសចិន ជាពិសេសចំនួន ១២៥ លានដូសពី Sinovac ទោះយ៉ាងណានេះ នៅតែមិនទាន់គ្រប់គ្រាន់សម្រាប់ប្រជាជនជាង ២៥០ លាននាក់ ។
មូលនិធិទ្រព្យសម្បត្តិ RDIF របស់រុស្ស៊ី រាយការណ៍ថា មានសេចក្តីត្រូវការវ៉ាក់សាំង Sputnik V ចំនួន ២,៥ ពាន់លានដូស ខណៈដែល Sino Farm រាយការណ៍ថា ខ្លួនបានទទួល ៥០០ លានដូស និង Sinovac មានការបញ្ជាទិញរហូតដល់ទៅ ៤៥០ លានដូសដែរ ។ សំខាន់ជាងនេះ Sinovac ត្រៀមផ្ទេរបច្ចេកវិទ្យាផលិត ទៅកាន់ប្រទេសយ៉ាងតិច ១០ ប្រទេស ។
សូម្បីតែបញ្ជូនវ៉ាក់សាំងពីរុស្ស៊ី និងចិនទៅប្រទេសផ្សេងៗគ្នា នោះគឺជាការធ្វើពាណិជ្ជកម្មធម្មតា ជាជាងការបរិច្ចាគ ។ មេដឹកនាំចិន លោក ហ្ស៊ី ជិនពីង បានបង្ហាញឥរិយាបថក្នុងការបញ្ជូនវ៉ាក់សាំងទៅប្រទេសនានា នោះគឺដើម្បីគាំទ្រដល់គម្រោងខ្សែក្រវ៉ាត់ និងផ្លូវ ។
ដូច្នេះប្រទេសចិន មិនត្រឹមតែផលិតវ៉ាក់សាំង Sino Farm និង Sinovac ប៉ុនណោះទេ មានក្រុមហ៊ុនផ្សេងៗគ្នា បានចុះកិច្ចសន្យាផលិតវ៉ាក់សាំងឲ្យរុស្ស៊ី ក្នុងចំនួនរាប់រយលានដូស ដោយសាររុស្ស៊ីមានសមត្ថភាពផលិតមានដែនកំណត់ ។
Sino Farm ក៏បានប្រកាសផងដែរថា ខ្លួនអាចផលិតវ៉ាក់សាំងបានរហូតដល់ ៣ ពាន់លានដូសក្នុងមួយឆ្នាំ ដែលធ្វើឱ្យក្រុមហ៊ុនក្លាយជាក្រុមហ៊ុនផលិតធំជាងគេបំផុតនៅលើពិភពលោក ខណៈពេលដែល Sinovac នឹងបង្កើនសមត្ថភាពផលិតកម្មរបស់ខ្លួនរហូតដល់ទៅ ២ ពាន់លានដូសក្នុងមួយឆ្នាំផងដែរ ។
ប្រទេសរុស្ស៊ីមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំងចំនួន ២០ នៅក្នុង ១០ ប្រទេសសម្រាប់ការផលិត Sputnik V នេះ ។ ទាំងមេដឹកនាំរុស្ស៊ី និងចិន បានធ្វើការជាមួយគ្នាក្នុងផលប្រយោជន៍ភូមិសាស្ត្រនយោបាយនៅក្នុងប្រទេសនានាជុំវិញពិភពលោក ។
ចាត់ទុកថាជាជោគជ័យមួយនៅក្នុងសម្ព័ន្ធមិត្តសម្រាប់ប្រទេសពីរ ដែលកំពុងប្រឈមនឹងការដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច ហើយសំឡេងរបស់ប្រទេសកំពុងអភិវឌ្ឍន៍ គឺចាំបាច់ក្នុងការបោះឆ្នោតលើវិធានការណ៍ផ្សេងៗរបស់អង្គការអន្តរជាតិ ។
ជាមួយនឹងការផ្ទុះឡើងនៃ COVID-១៩ បានធ្វើឱ្យរុស្ស៊ី និងចិនពង្រឹងទំនាក់ទំនងគ្នាបានល្អ ហើយប្រទេសទាំងពីរបានប្រកាសថានឹង«ដើរទៅជាមួយគ្នា» គឺដូចជាសម្ព័ន្ធមិត្តដ៏សំខាន់មួយក្នុងសង្គ្រាមលោកលើកទី ២ ដែលនឹងផ្តល់ផលប្រយោជន៍ដល់ពិភពលោក ៕