កាត់ទោសអតីតរដ្ឋមន្ត្រីឥណ្ឌូនេស៊ី ពីបទទួលសំណូក ក្នុងការទិញស្បៀងអាហារសម្រាប់ជនប៉ះពាល់កូវីដ

ព័ត៌មានអន្តរជាតិថ្ងៃអង្គារ៍ ទី24 ខែសីហា ឆ្នាំ2021 ម៉ោង 7:07 នាទី ល្ងាច

ពី AFP ដោយ សូរ្យរិទ្ធ៖


អតីតរដ្ឋមន្ត្រីកិច្ចការសង្គមរបស់ឥណ្ឌូនេស៊ី  ត្រូវតុលាការសម្រេចកាត់ទោសជាប់ពន្ធនាគារ ១២ ឆ្នាំនិងពិន័យជាប្រាក់ ៥០០ លានរូពី ឬ ១,២ លានដុល្លារ ឬ 4,886,803,425 រៀល កាលពីថ្ងៃទី ២៣ ខែសីហា ក្រោយរកឃើញថាបានទទួល«សំណូក» ដែលពាក់ព័ន្ធនឹងគម្រោងការឧបត្ថម្ភខាងស្បៀងអាហារគ្រួសារក្រីក្រប៉ះពាល់ពីមេរោគកូវីដ-១៩ ។

តុលាការទីក្រុងហ្សាការតាបានដាក់ទោសលោក ជូលៀរី បាទូបារ៉ា អតីតរដ្ឋមន្ត្រីក្រសួងកិច្ចការសង្គម ក្រោយចាប់ឃុំខ្លួនកាលពីខែធ្នូ ឆ្នាំ ២០២០ ដែលបានរកឃើញសាច់ប្រាក់លាក់នៅក្នុងវ៉ាលីស កាបូបស្ពាយ និងស្រោមសំបុត្រជាច្រើន ។

អតីតអ្នកនយោបាយរូបនេះក៏ត្រូវបានបង្គាប់ឲ្យសងការខូចខាតប្រមាណ ១ លានដុល្លារ ឬប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំបន្ថែមទៀត ។

សវនាការនៅតុលាការបានរកឃើញថា លោក បាទូបារ៉ា បានទទួលសំណូកជាសាច់ប្រាក់ពីអ្នកម៉ៅការពីរនាក់ ដែលជួលដោយអាជ្ញាធរដើម្បីផ្តល់ស្បៀងអាហារដល់ប្រជាជនដែលរងផលប៉ះពាល់ដោយជំងឺរាតត្បាតកូវីដ-១៩ ។

ប្រធានាធិបតី ចូកូវី ដូដូ បានប្តេជ្ញាមិនការពារមន្រ្តីពុករលួយឡើយ បន្ទាប់ពីការចាប់ខ្លួនលោក បាទូបារ៉ា ហើយថាជាការលួចលុយសាធារណៈ ។

អំពើពុករលួយនៅជាបញ្ហាដ៏ធំក្នុងប្រទេសឥព្ឌូនេស៊ី ក្នុងពេលដែលក្រុមអ្នកនយោបាយ ត្រូវគេក្រឡេកមើលឃើញយ៉ាងទូលំទូលាយថាជាក្រុមមានអំពើពុករលួយច្រើនបំផុត ។ កន្លងមកការិយាល័យប្រឆាំងអំពើពុករលួយរបស់ឥណ្ឌូនេស៊ី បានចាប់ឃុំមន្ត្រីរដ្ឋជាច្រើនរូបក្នុប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះមានលោក អ៊ីឌី ប្រាបូវ៉ូ រដ្ឋមន្ត្រីកិច្ចសមុទ្រ និងនេសាទ ជាប់ពន្ធនាគារ ៥ ឆ្នាំ ក្នុងក្តីទទួលសំណូកពាក់ព័ន្ធនឹងការនាំចេញបង្កង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម