វិបត្តិ «ភ្លើងលឿង» ក្នុងសង្គមខ្មែរ!

ព័ត៌មានសង្គមថ្ងៃសៅរ៍ ទី29 ខែមករា ឆ្នាំ2022 ម៉ោង 9:47 នាទី ល្ងាច

អត្ថបទ សូរ្យសែង៖

នឹកឃើញរឿងកំប្លែងមួយ ដែលអ្នកគ្រូបង្រៀនសិស្សអំពីភ្លើងសញ្ញា «ស្តុប» ។ អ្នកគ្រូបានសួរសិស្ស ៣ នាក់ថា តើភ្លើងក្រហម ភ្លើងបៃតង និងភ្លើងលឿង សម្រាប់អ្វី? សិស្សទីមួយឆ្លើយថា៖ ភ្លើងក្រហមសម្រាប់ឲ្យឈប់ ។ សិស្សទី ២ ឆ្លើយថា៖ ភ្លើងបៃតងសម្រាប់ឲ្យទៅ ។ ចំណែកសិស្សទី ៣ ឆ្លើយយ៉ាងលឿនថា៖ «ភ្លើងលឿង»សម្រាប់ឲ្យបន្ថែមល្បឿន... ។

សព្វថ្ងៃសង្គមយើងជួបវិបត្តិ«ភ្លើងលឿង» ច្រើនជាងគេ! នៅតាមវិថី មហាវិថី ប៉ូលិសចរាចរណ៍បានចេញស្ទាក់ឃាត់ ផាកពិន័យនូវកំហុសគ្រប់ប្រភេទ ដូចជា បត់តាមស្តាំនៅភ្លើងក្រហម អត់មួក អត់ពាក់ក្រវាត់មួក អត់ពាក់ខ្សែក្រវាត់ និយាយទូរស័ព្ទដៃម្ខាង ។ល។ ប៉ុន្តែរឿងរ៉ាវឃាត់ផាកច្រើន ប្រកែកគ្នាច្រើន គឺរឿង «ភ្លើងលឿង» នេះឯង !

អ្នកដំណើរភាគច្រើនអាចបន្ថែមល្បឿន នៅពេលភ្លើងលឿង ប៉ុន្តែស្តុបខ្លះមិនមានភ្លើងលឿង និងស្តុបខ្លះនៅពេលយានយន្តកំពុងមានល្បឿនក៏លោតភ្លើងលឿង ចំណុចនេះហើយដែលប៉ូលិសមាន«លេស»ចោទថា បំពានភ្លើងស្តុប !

អ្នកនិយាយផ្សេង អ្នកអនុវត្តផ្សឹង! លោក ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ផ្លូវគោក ធ្លាប់បាននិយាយណែនាំកោកៗថា បើភ្លើងលឿងលោតហើយ នៅតែបើកទៅមុខបន្ត នោះជាកំហុស ប៉ុន្តែបើកង់យានយន្តទៅផុតគំនូសសហើយ គេអាចបន្តទៅមុខបាន មិនមានកំហុសទេ មិនអាចឈប់នៅកណ្តាលទ្រូងផ្លូវទេ! ចំណុចនេះហើយដែលពលរដ្ឋអ្នកធ្វើដំណើរ ដែលត្រូវប៉ូលិសឃាត់ផាក តែងថ្នាំងថ្នាក់ និងមិនពេញចិត្តនឹងការអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ ។ មិនតិចនាក់ទេ ដែលមានការហួសចិត្ត ថ្នាំងថ្នាក់ប្រកែកមិនឈ្នះ មានតែបង់លុយឲ្យប៉ូលិស...។

តើយើងគួរដោះស្រាយវិបត្តិ«ភ្លើងលឿង»បែបណាដើម្បីកុំឲ្យមានរឿងដូច្នឹងកើតឡើង? ប្រជាជនខ្មែរស្លូតបូត និងឆាប់មានអារម្មណ៍ល្អ អាក្រក់ទៅតាមសភាពការណ៍ មានន័យថា ពលរដ្ឋភាគច្រើនលើសលុបបានគោរពច្បាប់ចរាចរណ៍ ប៉ុន្តែរឿងដែលសេសសល់ភាគច្រើន គឺផាកជិះកាត់ «ភ្លើងលឿង» ដែលពួកគាត់ជិះហួសគំនូស ។

ឥឡូវនេះនៅតាមប្រជុំជនមានមនុស្សច្រើនកកកុញ មហាជនខ្លាចកូវីដ, តែចរាចរតាមផ្លូវមហាជនខ្លាចប៉ូលិសចរាចរណ៍ជាងខ្លាចខ្លា ! បើនៅតាមផ្លូវជាតិវិញ ភ្នែកសំឡឹងមើលតែកន្លែងកាមេរ៉ាសុវត្ថីភាព ចោលភ្នែកយ៉ាងឆ្ងាយ ខ្លាចបន្ថយល្បឿនមិនទាន់ ដូចជាផ្លូវជាតិលេខ ៣ ជាដើម ...៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម