ពីដើមដល់ចប់បុរស ហ៊ុន សែន ដឹកនាំប្រទេសដោយផ្តោតលើយុទ្ធសាស្ត្រពីរ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី27 ខែមិថុនា ឆ្នាំ2023 ម៉ោង 7:11 នាទី ល្ងាច

សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ជានិច្ចកាលយុទ្ធសាស្ត្ររបស់សម្តេច ឬមនោគមវិទ្យារបស់សម្តេច តែងតែក្តាប់នូវចំណុចស្នូលពីរដែលមានទំនាក់ទំនង ជាចុងខ្សែពីរនៃចំណងមួយ ម្ខាងត្រូវថែរក្សាសន្តិភាព ស្ថិរភាពនយោបាយឲ្យខានតែបាន ឯម្ខាងទៀតត្រូវរក្សាឲ្យបាននៅស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចឲ្យបាន ពីរហ្នឹងត្រូវដើរទន្ទឹមគ្នា។ សម្តេចបន្តថា ពីដើមដល់ចប់ ហ៊ុន សែន ដឹកនាំប្រទេសដោយផ្តោតលើយុទ្ធសាស្ត្រពីរហ្នឹង ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបែបនេះក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនីចំនួន ១៨,០០០ នៅក្នុងខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា នៅឆ្នាំ ២០០៤ ពេលនោះគណៈរដ្ឋមន្ត្រីជាប់គាំងទម្រាំបង្កើតបានមួយឆ្នាំដោយសារគណបក្សប្រជាជនទទួលបាន៧៣ កៅអី, គណបក្សពីរផ្សេងទៀត មួយ ២៦កៅអី និងមួយទៀត២៤កៅអី អញ្ចឹងដើម្បីតថ្លៃ គេត្រូវប្រឆាំងនឹងការបង្កើតរដ្ឋាភិបាល ។ សម្តេចក៏បានបញ្ចេញនូវការសម្ងាត់ដែលកើតឡើងនៅពេលនោះថា៖«ពេលនោះសូមបញ្ចេញថ្ងៃនេះឲ្យអស់តែម្ដងទៅ ប្រជុំឯកភាពគ្នាក្រោមព្រះរាជធិបតីភាពរបស់ព្រះមហាក្សត្រ អតីតព្រះមហាក្សត្រ គឺសម្ដេចឪ ឯកភាពគ្នាបង្កើតរដ្ឋាភិបាលត្រីភាគី…។ វាថាវាទទួលស្គាល់ហើយ ហ៊ុន សែន ធ្វើនាយករដ្ឋមន្ត្រី ប៉ុន្តែសន្លឹកឆ្នោតលើដៃសមាជិកសភា ។ អញ្ចឹងប្រាប់ពួកយើងថាលេងទៅលេងកំដរ ។ ក្តាប់ជាប់យុទ្ធសាស្ត្ររក្សាស្ថិរភាពនយោបាយ និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ចង់រដ្ឋាភិបាលកើតឬមិនកើតកុំខ្វល់ពេក ។ ការពិតរដ្ឋាភិបាលមានច្បាប់ឲ្យចាយថវិកា១ ភាគ១២ ឯពួកសមាជិកសភាអត់មានលុយទេ ។ សមាជិកសភារបស់គណបក្ស ប្រជាជន គណបក្សឲ្យខ្ចីក្នុងម្នាក់មួយខែ ២០០០ដុល្លារពេលនោះ… ។ ចំណែកគណបក្សដទៃគឺអត់មានលុយ» ។

សម្តេចតេជោ ហ៊ុន សែន បន្តថា សមាជិកសភាគណបក្ស ២ទៀតអត់លុយចាយ …មានអីដល់ពេលបង្កើតរដ្ឋាភិបាលហើយរត់មកសុំសម្តេចសុំបើកប្រាក់ខែរដ្ឋសភា ចាប់ផ្ដើមតាំងពីសភាប្រជុំដំបូង កុំថាពួកនេះមិនចេះចាយលុយ ។ ពួកនេះអាក្រក់ៗណាស់ ហើយបើធ្វើជាគណៈកម្មការសភាវិញទៀតាំងពីឡាន ឡានចាស់មិនយកទេយកសុទ្ធតែថ្មី រួចហើយចោទគេថា សុទ្ធតែគេហ្នឹងពុករលួយ!

ដូចនេះត្រូវចាំឲ្យច្បាស់ ទីមួយគឺរក្សាស្ថិរភាពភាពនយោបាយ ទីពីរគឺរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រក្សាកម្លាំងទិញ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ ឥឡូវយើងក៏ត្រូវខិតខំរក្សាម្ខាងរក្សាស្ថិរភាពនយោបាយ ឯម្ខាងទៀតត្រូវរក្សានូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ។

សម្តេចតេជោបានបន្តថា រាជដ្ឋាភិបាលបានខិតខំទាំងឡាយគឺដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច កុំឱ្យគ្រាប់បែកសេដ្ឋកិច្ចផ្ទុះ គ្រាប់បែកពិតប្រាកដអាចបំផ្លាញចោលភូមិមួយឬមនុស្សមួយក្រុម បាត់បង់ជីវិតនិងរបួស ប៉ុន្តែបើគ្រាប់បែកសេដ្ឋកិច្ចវាផ្ទុះវាបំផ្លាញមិនត្រឹមតែជីវិតមនុស្សដែលនៅជិតទេ សូម្បីតែកូនក្នុងផ្ទៃក៏វាទទួលរងផលប៉ះពាល់ដែរ ។ បើទំនិញឡើងថ្លៃ ជាពិសេសទំនិញដែលចាំបាច់សម្រាប់តម្រូវការជាអង្ករ អំបិល ជាត្រីសាច់ បើវាឡើងក៏វាឡើងក្នុងកម្រិតណាមួយ ហើយតាមការព្យាករណ៍អតិផរណារបស់យើងនឹងវិលត្រឡប់មកដូចដើមនៅពេលមិនយូរប៉ុន្មាន ទោះបីវាទៅហួសបន្តិច ។ ប៉ុន្តែវាមិនទាន់កន្លងហួសបន្ទាត់ដូចដែលប្រទេសមួយចំនួនបានជួបប្រទះនោះទេ ។

សម្តេចតេជោបន្តថាទោះបីប្រទេសជិតខាងយើងនៅក្នុងតំបន់មានអតិផរណាខ្ពស់ ប៉ុន្តែយើងខិតខំរក្សាអតិផរណានៅក្នុងប្រទេសរបស់យើង សំដៅរក្សានៅស្ថិរភាពនៃជីវភាពប្រជាពលរដ្ឋ ព្រោះរាជរដ្ឋាភិបាលបានចំណាយប្រមាណ ៤០ លានដុល្លារក្នុងមួយខែចិញ្ចឹមពលរដ្ឋដែលរងផលប៉ះពាល់ដោយកូវីដ-១៩ ។ នៅពេលដែលមានការបិទផ្ទប់មានការព្យួរររោងចក្រទាក់ទិនជាមួយនឹងរឿងកូវីដ ១៩ ការផ្គត់ផ្គង់វត្ថុធាតុដើមពីក្រៅស្រុកចូលមកមិនគ្រប់ ក្មួយៗជាកម្មករ-កម្មការិនីទទួលបានប្រាក់ ៧០ដុល្លារក្នុងមួយខែដោយអត់មានធ្វើអ្វី ក៏ប៉ុន្តែរាជរដ្ឋាភិបាលត្រូវទទួលខុសត្រូវដោយបានចំណាយ ៤០ លានដុល្លារ ហើយម្ចាស់រោងចក្រក៏ត្រូវទទួលខុសត្រូវ ៣០ លានដុល្លារបើកផ្តល់ឲ្យកម្មករ-កម្មការិនី ៕

Photo by Dararith


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម