ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន (UNHCR) លោក ហ្វីលីប ហ្គ្រានឌី បាននិយាយកាលពីថ្ងៃអង្គារ ទី៨ មីនាថា ចាប់តាំងពីរុស្ស៊ីបានចាប់ផ្តើមលុកលុយពេញលេញលើអ៊ុយក្រែនមក មនុស្សចំនួន ២.០១១.៣១២ នាក់បានភៀសខ្លួនចេញពីអ៊ុយក្រែនទៅកាន់ប្រទេសជិតខាង។
ប្រទេសប៉ូឡូញទទួលជនភៀសខ្លួនច្រើនជាងគេជាងពាក់កណ្តាល ឬ ប្រមាណ ១,២ លាននាក់, ហុងហ្គារី ប្រមាណ ១៩១.៣៥០ នាក់, ស្លូវ៉ាគី ១៤០.៧៤៥ នាក់ ។ ចំណែកប្រទេសរុស្ស៊ីក៏មានជនភៀសខ្លួនអ៊ុយក្រែនរត់ចូលដែរ ប្រមាណ ៩៩.៣០០ នាក់ និងម៉ុលដូវ៉ាមាន ៨២.០០០ នាក់ ។
UNHCR បានឲ្យដឹងទៀតថា ជនភៀសខ្លួនប្រមាណ ២១០.០០០ នាក់បានចូលទៅប្រទេសដទៃក្នុងអឺរ៉ុបហើយដែរ ៕