ប្រេងឡើងថ្លៃ ប្រាក់ខែដដែល ផ្ទុះបាតុកម្មនៅឥណ្ឌូនេស៊ី តវ៉ារដ្ឋាភិបាល សុំដំឡើងប្រាក់ឈ្នួល 

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី15 ខែកញ្ញា ឆ្នាំ2022 ម៉ោង 7:21 នាទី ល្ងាច

សូរ្យសែង៖

ប្រទេសឥណ្ឌូនេស៊ីគ្រោងនឹងពិនិត្យឡើងវិញនូវប្រាក់ឈ្នួលអប្បបរមា បន្ទាប់ពីមានការបះបោរតវ៉ាប្រឆាំងទូទាំងប្រទេស ស្តីពីការកើនឡើងតម្លៃប្រេង ហើយ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ឲ្យ​ស្រប​តាម​ការ​ឡើង​ថ្លៃ​ក្នុង​ការ​រស់​នៅ ។

កាលពីថ្ងៃទី ១៣ កញ្ញា ២០២២ ការិយាល័យប្រធានាធិបតីឥណ្ឌូនេស៊ីឲ្យដឹងថា រដ្ឋាភិបាលកំពុងត្រៀមច្បាប់​ប្រាក់​ឈ្នួល​អប្បបរមា និង​ច្បាប់​ការងារ​ផ្សេង​ទៀត បន្ទាប់​ពី​សហជីព​ក្នុង​ឧស្សាហកម្ម​ផ្សេងៗ​បាន​ធ្វើ​ការ​ជួប​ជុំ​គ្នា​នៅ​ទូទាំង​ប្រទេស ដើម្បីទប់ទល់នឹងការកើនឡើងតម្លៃប្រេងនាពេលកន្លងមក ចំណែក​ប្រាក់​ចំណូល​របស់​កម្មករ​នៅ​ដដែល ។ ពួកគេក៏បានអំពាវនាវឱ្យមានការកែសម្រួលរូបមន្តដំឡើងប្រាក់ឈ្នួលអប្បបរមាប្រចាំឆ្នាំផងដែរ ដើម្បីឱ្យស្របទៅនឹងការពិត ។

ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ប្រធានាធិបតី ចូកូ វីដូដូ របស់ឥណ្ឌូនេស៊ីបានដំឡើងថ្លៃប្រេងឥន្ធនៈ 30 ភាគរយនៅដើមខែកញ្ញា ដើម្បីទប់ស្កាត់ការកើនឡើងនៃថវិកាលើការឧបត្ថម្ភធនថាមពល ទង្វើ​នេះ​បាន​ធ្វើ​ឲ្យ​កម្មករ និង​និស្សិត​តវ៉ា​ពេញទូទាំង​ប្រទេស ។ ការដំឡើងថ្លៃប្រេងបានបង្កើនល្បឿនអតិផរណានៅក្នុងប្រទេសឥណ្ឌូនេស៊ី ដែលបាន​ឈានដល់កម្រិតខ្ពស់បំផុតចាប់តាំងពីឆ្នាំ ២០១៥ ដោយធ្វើឱ្យតម្លៃម្ហូបអាហារកាន់តែកើនឡើង ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម