សម្តេចតេជោ៖ «រឿងឃុំព្រះដាក់ សូមស្ងប់ចិត្ត!»

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី06 ខែតុលា ឆ្នាំ2022 ម៉ោង 2:56 នាទី ល្ងាច

សារសម្លេងរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី

អ្នកទៅសៀមរាបអង្គរ  ច្បាស់ជាស្គាល់ឃុំព្រះដាក់ ប្រជាជនមានចរិតស្លូតបូត សុភាពរាបសា រស់នៅថ្លៃថ្នូរ ហើយប្រកប របរផ្សេងៗដោយក្តីសប្បាយ អ្វីដែលសំខាន់គឺជាកន្លែងនំបញ្ចុកខ្មែរដ៏ឆ្ងាញ់ពិសា មានស្ករត្នោតធម្មជាតិ និងមានផាសុកភាព អនាម័យ បរិស្ថានដ៏ស្រស់ត្រកាល ក្រោយលោក ឃឹម ហ្វីណង់ មកកាន់ជាចៅហ្វាយស្រុក ។ នៅមុខផ្ទះនីមួយៗ មានទង់ជាតិបក់រវិចៗជាប់រាល់ថ្ងៃ មានអំពូលភ្លើងសូឡាបំភ្លឺផ្លូវពេលរាត្រី ហើយពេលមានពិធីអ្វីមួយ ឃុំនេះសប្បាយ ដោយមានការរៀបចំកម្សាន្តរាំលេងគួរទាក់ទាញភ្ញៀវទេសចរណ៍ឲ្យទៅកម្សាន្ត ។

ប៉ុន្តែនៅសុខៗ ស្រាប់តែមានផ្ទុះការតវ៉ាមួយដ៏ធំ នៅសាលាឃុំព្រះដាក់ ស្រុកបន្ទាយស្រី កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២២ ខ្លះក្រាបយំ ខ្លះយំននៀលនៅលើដី ដោយពោលពាក្យថា ...អស់រលីងហើយ គេរឹបអូសយកដី គ្មានអ្វីសង្ឃឹមទៀតទេ...។

ការតវ៉ារឿងរុះរើឃុំព្រះដាក់ ទៅនៅកន្លែងថ្មី ជារឿងស្រពិចស្រពិល មិនច្បាស់ការណ៍ តែមិនដឹងបានប្រភពមកពីណា ហាក់មិនមានការពិត ។

រូបភាពក្នុងឃ្លីបវីដេអូខ្លីៗប៉ុន្មានឃ្លីប ត្រឹមតែមួយថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០២២ ធ្វើឲ្យជះឥទ្ធិពលមិនល្អមិនតិចទេនៅលើបណ្តាញសង្គម ។

ដើម្បីឲ្យអស់ចម្ងល់ នៅព្រឹកថ្ងៃទី ៦ ខែតុលា សម្តេចតេជោបានបង្ហោះសារសំឡេងមួយពាក់ព័ន្ធនឹងរឿង«ព្រាលៗ»នៅឃុំព្រះដាក់ ។ សម្តេចមានប្រសាសន៍ថា «ចំពោះព័ត៌មានអំពីការរុះរើឃុំព្រះដាក់ ទៅរុនតាឯក យើងមិនទាន់មានការប៉ះពាល់ណាមួយនោះឡើយ ។ សម្តេចលើកឡើងថា យើងគ្រាន់តែលើកឡើងពីហេដ្ឋារចនាសម្ព័ន្ធអង្គរ ដែលមានបារាយណ៍ខាងកើត អាចផ្ទុកទឹកបានរហូតដល់ ៣០លានម៉ែត្រត្រីគុណ តែយើងពិចារណាមិនគួរដល់ប៉ុណ្ណឹង! តើហេតុអ្វីបានជានាំគ្នាផ្អើលតវ៉ា...» ។ ឥឡូវនេះ ប្រសាសន៍របស់សម្តេចផ្ទាល់មាត់ «សូមឲ្យស្ងប់ស្ងាត់» ! ។ ម្ខាងយើងការពារប្រជាជនរស់នៅទីនោះ (អាងដែលកំពុងទទួលផល) និងម្ខាងទៀតដើម្បីការពារអង្គរ ។

សម្តេចថា អ្វីដែលសំខាន់ គឺអ្នកដែលរសនៅក្រោយឆ្នាំ ១៩៧៩ ដែលរស់នៅព័ទ្ធជុំប្រាសាទ តាំងទីលំនៅដែលខុសច្បាប់ ដែលមិនស្របនឹងលក្ខខណ្ឌតម្រូវរបស់អង្គការយូនីស្កូសម្រាប់បេតិកភណ្ឌ ហើយរាជរដ្ឋាភិបាលកំពុងសម្លឹងមើលដីនៅពាក់ស្នែងដើម្បីកសាងទីលំនៅដើម្បីដោះស្រាយ រីឯដីនៅរុនតាឯកសល់តែ ២០០ ឡូតិ៍ សម្តេចឲ្យទុកបម្រុង ។

សង្ឃឹមថា ប្រជាពលរដ្ឋយល់ សូមស្ងប់ចិត្ត សម្តេចមើលឃើញហើយនូវឃ្លីបបង្ហោះពីការតវ៉ានៅសាលាឃុំព្រះដាក់ ទើប​សម្តេចណែនាំឲ្យឯកឧត្តម ជា សុផារ៉ា និង លោកជំទាវ ភឿង សក្កុណា ទៅជួបនៅថ្ងៃនេះ (៦ តុលា) ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម