ព្រឹកស្អែកសម្តេចតេជោ នឹងអញ្ជើញសម្ពោធអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងចែកសញ្ញាបត្រ ១.៨៣៥ នាក់

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី05 ខែមិថុនា ឆ្នាំ2023 ម៉ោង 7:26 នាទី ល្ងាច

អត្ថបទ តារារិទ្ធ៖

នៅព្រឹកថ្ងៃទី៦ ខែមិថុនាឆ្នាំ២០២៣ស្អែកនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋនៃព្រះរាជាណាចក្រកម្ពុជានឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «អគារបណ្ឌិត្យ​សភា​ភូមិន្ទយុត្តិធម៌កម្ពុជា» ដែលមានតម្លៃប្រមាណ៤.៩១លានដុល្លារ និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និង សិស្សសារការី ចំនួន ១,៨៣៥នាក់ ។

យោងតាមរបាយយការណ៍រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អគារថ្មីទាំង២នេះ រួមមាន៖អគារទី១មានឈ្មោះថា«អគាររដ្ឋបាលពហុ​បំណងនៃវិស័យយុត្តិធម៌»និងអគារ ទី២មានឈ្មោះ ថា «បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា» ។ អគារទី១នេះមានទំហំ ៦០ម៉ែត្រគុណនិង ៣០ម៉ែត្រមានកម្ពស់៣ជាន់និងមានផ្ទៃ​ក្រឡា​សរុប​ចំនួន ៤,៩៤៦ ម៉ែត្រក្រឡាមាន មុខងារប្រើប្រាស់ជាទីតាំង​រដ្ឋបាលរបស់បណ្ឌិត្យ​សភា​ភូមិន្ទយុត្តិធម៌កម្ពុជានិងយន្តការមួយចំនួនក្នុងវិស័យយុត្តិធម៌ជាអាទិ៍ក្រុមប្រឹក្សា​នីតិ​កម្មនិងយុត្តិធម៌, ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ជាដើម។ចំណែកឯអគារទី២មានទំហំ ៥២ម៉ែត្រគុណ៤០ម៉ែត្រមាន កម្ពស់ ៣ជាន់ និងមានផ្ទៃក្រឡា​សរុបចំនួន ៥,៧១៦ម៉ែត្រក្រឡាមានមុខងារប្រើប្រាស់ជាទីកន្លែង​បណ្តុះបណ្តាល​របស់បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជានិងរបស់មជ្ឈមណ្ឌលបណ្តុះ​បណ្តាលវិជ្ជាជីវៈ​មេធាវីរបស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ ការសាងសង់អគារទាំង២ខ្នងនេះបានប្រើរយៈពេល ១ឆ្នាំ៦ខែនិង ២៧ថ្ងៃនិងបាន​ប្រើប្រាស់ថវិកាជាតិសរុបប្រមាណ៤.៩១លានដុល្លារអាមេរិក។អគារ២ខ្នងនេះស្ថិតលើផ្ទៃដីជាង២ហិកតាដែលត្រូវសម្ពោធដាក់​ ឱ្យប្រើ​ប្រាស់​ជាផ្លូវការនាពេលនេះ។

សម្រាប់ពិធីប្រគល់សញ្ញាបត្រដែលត្រូវរៀបចំឡើងក្រោមអធិបតីភាពរបស់សម្តេច​តេជោ​​​នាយករដ្ឋមន្ត្រីគឺជាការប្រគល់សញ្ញាបត្រជាផ្លូវការជាលើកទី ២ ដល់ សិស្ស​វិជ្ជា​ជីវៈទាំងអស់ចំនួន១,៨៣៥នាក់ (នារី ៤៣២នាក់)ដែលបានបញ្ចប់ការ​សិក្សា​ដោយ​ជោគជ័យតាំងពីឆ្នាំ២០០៨រហូតដល់ឆ្នាំ២០២២ ។ បច្ចុប្បន្ន សិស្សវិជ្ជាជីវៈទាំងអស់ដែលបាន បញ្ចប់ការសិក្សាដោយជោគជ័យបាននិងកំពុង​បំពេញ​មុខងារជាចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និង ជាអាជ្ញាសាលា នៅតាមសាលា​ជម្រះ​ក្តី និងអយ្យការអមសាលា ជម្រះក្តីគ្រប់ជាន់ថ្នាក់និងជាសារការីនៅតាម​មន្ទីរសារ​ការី​នានានៅក្នុងព្រះរាជាណា ចក្រកម្ពុជាព្រមទាំងមួយចំនួនកំពុងបំពេញការងារ​រដ្ឋ​បាលសា​ធារណៈផងដែរ។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឱ្យដឹងថា នៅមុនឆ្នាំ២០០២ កម្ពុជាពុំមាន​សាលា​បណ្តុះបណ្តាលវិជ្ជាជីវៈតុលាការនោះទេ។ នៅពេលនោះចៅក្រម , ព្រះរាជ​អា​ជ្ញា និងក្រឡាបញ្ជី ត្រូវបានជ្រើសចេញពីធនធានមនុស្ស​ដែលនៅរស់រាន​មានជីវិតពី​របប​ប្រល័យពូជសាសន៍ ប៉ុល ពត រួចបញ្ជូនទៅបណ្តុះបណ្តា លនៅក្រៅប្រទេសឬ​បំពាក់បំ ប៉នជំនាញរយៈពេលខ្លីមុននឹងត្រូវជ្រើសឱ្យចូលបំពេញការងារនៅ​តាមសាលា​ជម្រះក្តីនិងអយ្យការអមសាលាជម្រះក្តីនានា ។ដោយមានជំនួយកិច្ចសហប្រតិបត្តិការពីប្រទេសបារាំងក្រោមកម្មវិធី«ការគាំទ្រ​នីតិ​រដ្ឋ»ការបណ្តុះបណ្តាលវិជ្ជាជីវៈតុលា ការបានចាប់ផ្តើមដំបូងនៅឆ្នាំ ២០០២តាមរយៈ​ការ​បង្កើតឱ្យមានជា «សាលាភូមិន្ទចៅក្រម» ដោយអនុក្រឹត្យចុះថ្ងៃទី៥ ខែកុម្ភៈឆ្នាំ​២០០២។

បន្ទាប់មកនៅឆ្នាំ២០០៥ ក្នុងក្របខណ្ឌកំណែទម្រង់ច្បាប់និងប្រព័ន្ធ​យុត្តិ​ធម៌របស់រាជរដ្ឋាភិបាលសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្នែកតុលាការនេះក៏បានអភិ​វឌ្ឍ​ខ្លួនទៅជា«រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលា ការ»។ ចុងក្រោយនេះតាមរយៈព្រះរាជ​ក្រឹត្យលេខ នស/រកត/០៣២៣/៥២០ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ «រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ»ត្រូវបានប្តូរឈ្មោះមកជា«បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា»ដែលជាផ្នែកមួយនៃការកែទម្រង់ស្ថាប័នបណ្តុះបណ្តាលវិជ្ជា ជីវៈផ្នែកច្បាប់និងតុលាការ​របស់​កម្ពុជា។ ការផ្លាស់ប្តូរសំដៅ៖ ទី១ព.ង្រឹងគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈចៅក្រម ព្រះ​រាជ​អាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី, ទី២.ពង្រីក​សក្តានុពល​ភាព​នៃ​ស្ថា​ប័ន​នេះ ដើម្បីបណ្តុះបណ្តាលពង្រឹងសមត្ថភាពបច្ចេកទេសរបស់​មន្ត្រីកាន់ការងារ​ច្បាប់​ផ្សេងទៀត ក្នុងវិស័យយុត្តិធម៌ ជាពិសេសមន្ត្រី ក្រសួងយុត្តិធម៌ មន្ត្រីរបស់អង្គភាព​រដ្ឋ​បាលតុលាការនិងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀតនិង ទី៣.លើកកម្ពស់សមត្ថភាព​ផ្នែក​សិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយនូវស្នាដៃផ្សេងៗ ដែលជាឧត្តមប្រយោជន៍​ដល់វិស័យ​ច្បាប់ និងយុត្តិធម៌នៅកម្ពុជា។

លោក កើត រិទ្ធ បានឱ្យដឹងទៀតថាបច្ចុប្បន្ននេះបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាគឺជា​គ្រឹះស្ថាន​បណ្តុះបណ្តាល សាធា រណៈ ស្ថិតក្រោមការគ្រប់គ្រងរបស់​ក្រ សួងយុត្តិ​ធម៌ និងដឹកនាំដោយក្រុមប្រឹក្សាភិបាលមួយហើយមានរចនាសម្ព័ន្ធចំណុះរួមមាន៖ សាលាភូមិន្ទចៅក្រមនិងព្រះរាជអាជ្ញា, សាលាភូមិន្ទក្រឡាបញ្ជី, សាលាភូមិន្ទ​អាជ្ញា​សាលា, សាលាភូមិន្ទសារការី, សាលាច្បាប់និងអគ្គលេខាធិការដ្ឋានព្រមទាំងមាន​ក្រុមប្រឹក្សាវិទ្យាសាស្ត្រនិងគរុកោសល្យមួយជាសេនាធិការ។

ដោយឡែកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវីដែលជាស្ថាប័នបណ្តុះ​បណ្តាល​វិជ្ជាជីវៈមេធាវីក្រោមគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក៏ស្ថិតនៅក្រោមអាណា​ព្យាបាលផ្នែករដ្ឋបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ ។ បណ្ឌិត្យសភា​ភូមិន្ទ​យុត្តិ​ធម៌កម្ពុជា មានថ្នាក់ដឹកនាំ,មន្ត្រីរាជការ, មន្ត្រីជាប់កិច្ចសន្យានិងគ្រូបណ្តុះ​បណ្តា​ល ដែលកំពុងបម្រើការងារសរុបចំនួន ១២១នាក់(នារី ២៦ នាក់)ក្នុងនោះគ្រូ​បណ្តុះ​បណ្តាលមានចំនួន៥០នាក់(នារី ៩នាក់) ដែលសុទ្ធសឹងជាឥស្សរជនដែល​ជាចៅ​ក្រមជាព្រះ រាជអាជ្ញា និងជាអ្នកប្រកបវិជ្ជាជីវៈច្បាប់ដែលមានចំណេះដឹងនិងបទ​ពិសោ​ធ​ន៍​ខ្ពស់ក្នុងវិស័យច្បាប់និងយុត្តិធម៌។

លោក កើត រិទ្ធ បានឱ្យដឹងទៀតថាទន្ទឹមនឹងការបណ្តុះបណ្តាលដំបូង, បណ្ឌិត្យសភា​ភូមិន្ទយុត្តិធម៌កម្ពុជា ក៏បានអនុវត្តផងដែរ​នូវកម្មវិធី បណ្តុះបណ្តាលបន្តដល់ចៅក្រម,ព្រះរាជអាជ្ញា, ក្រឡាបញ្ជី,អាជ្ញាសាលា និងសារការី ព្រមទាំងមន្ត្រីអនុវត្តច្បាប់​ផ្សេង​ទៀត តាមរយៈកម្មវិធីបណ្តុះបណ្តាលរយៈពេលខ្លី, សិក្ខាសាលា និងបទបឋកថានានា សំដៅបន្តពង្រឹង និងលើកកម្ពស់ជាប់ជាប្រចាំ នូវសមត្ថភាពនៃមន្រ្តីវិជ្ជាជីវៈច្បាប់ និង​តុលាការ ឱ្យឆ្លើយតបបានទៅនឹងការវិវត្តរីកចម្រើនឥតឈប់ឈររបស់សង្គមជាតិ និង​វិស័យច្បាប់។ទន្ទឹមនេះបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក៏បាននិងកំពុងធ្វើការកែ​ទម្រង់​ផ្ទៃក្នុងរបស់ខ្លួន ទាំងលើយន្តការដឹកនាំ ទាំងលើកម្មវិធីសិក្សារបស់​សាលា វិជ្ជាជីវៈ​នី​មួយៗ ទាំងលើការលើកកម្ពស់សមត្ថភាពរបស់គ្រូបង្គោលផ្នែកព្រហ្មទណ្ឌនិងផ្នែក​រដ្ឋ​ប្បវេណី ព្រមទាំងគ្រូបង្គោលពាក់ព័ន្ធជំនាញពិសេសផ្សេងៗទៀត។

បច្ចុប្បន្នប្រទេស​ជប៉ុនតាមរយៈអង្គការ JICA បាននិងកំពុងជួយបណ្ឌិត្យ​សភាភូមិន្ទ​យុត្តិធម៌កម្ពុជាក្នុងការបណ្តុះបណ្តាលគ្រូបង្រ្គោលផ្នែករដ្ឋប្បវេណី, ហើយខាងសាលាកំពុងស្វែងរកដៃគូសហការបន្ថែមទៀតដើម្បីផ្លាស់ប្តូរបទពិសោធន៍ សំដៅលើក​កម្ពស់​សមត្ថភាពនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាដែល ជាមជ្ឈមណ្ឌលប្រមូលផ្តុំ​ការ​បណ្តុះបណ្តាលវិជ្ជាជីវៈច្បាប់ និងតុលាការ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

កន្លង​មកក្នុងការអនុវត្តបេសកកម្មរបស់ខ្លួនបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាក៏ទទួល​បាននូវកិច្ចសហប្រតិបត្តិការពីដៃគូមួយចំនួនរួមមាន៖ បារាំង, ជប៉ុន,អង់គ្លេស ,សហរដ្ឋអាមេរិក, សាធារណរដ្ឋកូរ៉េ, អាល្លឺម៉ង់, អូស្ត្រាលី, ស៊ុយអែត, ទីភ្នាក់ងារសហប្រតិបត្តិការជប៉ុន JICA,កម្មវិធីអូស្ត្រាលី-អាស៊ីដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរ មនុស្ស (AAPTIP), អង្គការបេសកកម្មអន្តរជាតិ IJM,កម្មវិធីអាស៊ាន-អូស្ត្រាលីដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស (ASEAN-ACT)និងធនាគារអភិវឌ្ឍន៍ អាស៊ី ADBជាដើម ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម