បទអត្ថាធិប្បាយ ៖ លើកកម្ពស់ការយល់ដឹងអំពីការបំផ្លាញធនធានធម្មជាតិនៅក្នុងរង្វង់សង្គម និងសហគមន៍! មនុស្សកាន់តែច្រើន យល់ដឹងកាន់តែច្រើន ពួកគេអាចជួយបានកាន់តែច្រើន!

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី19 ខែមិីនា ឆ្នាំ2024 ម៉ោង 1:40 នាទី ល្ងាច

 

ក្រសួងបរិស្ថាន បាននិងកំពុងអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណដែលជាយុទ្ធសាស្ត្រប្រាកដនិយមឆ្ពោះទៅមុខ ក្នុងរយៈពេល ២៥ឆ្នាំ ដោយបានដាក់ចេញជា ៥ដំណាក់កាលដើម្បីតម្រង់ទិសអនុវត្តកម្មវិធីនយោបាយរាជរដ្ឋាភិបាលនៃនីតិកាលនីមួយៗ តាំងពីអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន និងបន្តមកអាណត្តិរាជរដ្ឋាភិបាលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ ភាពច្បាស់លាស់ ប្រាកដនិយមនេះ គឺជាត្រីវិស័យបង្ហាញផ្លូវដល់ថ្នាក់ដឹកនាំ ក្រសួងស្ថាប័នរដ្ឋពាក់ព័ន្ធ ឳ្យតម្រង់ចង្កូតនាវា ឆ្ពោះទៅគោលដៅរួមរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក្នុងនោះក្រសួងបរិស្ថាន ដឹកនាំដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្ត្រចក្រា ដោយ​ផ្តោតលើការងារអាទិភាពចម្បង ៣ គឺ ភាពស្អាត ភាពបៃតងនិង ចីរភាព 

ទោះបីជាមានបញ្ហាប្រឈមនៅចំពោះមុខក៏ដោយ ក៏ការប្រឹងប្រែងដ៏មុតស្រួចរបស់ក្រសួងបរិស្ថាន រួមជាមួយស្ថាប័នពាក់ព័ន្ធ កំណត់បាននូវវិធានការថ្មីៗ និងដំណោះស្រាយប្រកបដោយសុទិដ្ឋិនិយម សម្រាប់ឱកាសប្រទេសកម្ពុជាឆ្ពោះទៅអនាគតរុងរឿងដោយនិរន្តរភាព នាំដល់ប្រជាជាតិខ្មែរថ្កើងគ្រប់ទិសទី។

ការអនុវត្តន៍យុទ្ធសាស្ត្រទាមទារឱ្យមានការភ្ញាក់រឭក  ដាស់ស្មារតីទទួលខុសត្រូវ ទាំងសមត្ថកិច្ចការពារធនធានធម្មជាតិ និងសហគមន៍មូលដ្ឋាន។ សហគមន៍មូលដ្ឋាន គប្បីប្រកាន់ភ្ជាប់នូវសម្មាទិដ្ឋិ សុខដុមនីយកម្ម ជាមួយសមត្ថកិច្ចការពារធនធានធម្មជាតិ  និងអ្នកមានភារកិច្ចអភិរក្សធនធានធម្មជាតិ។ ព្រៃឈើនៅតែជាមូលដ្ឋានពហុមុខងារ និង ពហុប្រយោជន៍ សម្រាប់ប្រជាជនក្នុងតំបន់ និងទទួលបានឱកាសចូលរួមក្នុងការសម្រេចចិត្ត។ ក្នុងកិច្ចដំណើរការនេះ រាជរដ្ឋាភិបាលដែលមានក្រសួងបរិស្ថានជាសេនាធិការ ដឹកនាំ សម្របសម្រួល និងផ្តល់ការគាំទ្រលើកាចូលរួមអនុវត្តន៍គោលនយោបាយ ផែនការយុទ្ធសាស្ត្រ លិខិតបទដ្ឋាន គតិយុត្ត អប់រំផ្សព្វផ្សាយ  លើកកម្ពស់ការយល់ដឹងអំពីសារប្រយោជន៍ពហុមុខងារ និងផលវិបាកពីការេចរឹកឬបាត់បង់ព្រៃឈើ។

ភាពរីកចម្រើនលើកិច្ចការការពារនិងអភិរក្សព្រៃឈើ  អាស្រ័យលើការយល់ដឹង  និង ការចូលរួមដោយទិដ្ឋិសម្បត្តិ។

បទពិសោធន៍ ជាមេរៀនជាតិរៀងមក សម្រាប់ការអភិរក្សធនធានធម្មជាតិប្រកបដោយជោគជ័យ អាស្រ័យលើកិច្ចសហការចូលរួមពីប្រជាពលរដ្ឋមូលដ្ឋាន និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ មានការទទួលខុសត្រូវ និងសច្ចៈគាំទ្រផ្នែកច្បាប់។

ព្រៃឈើមានមុខងារផ្តល់ពហុប្រយោជន៍ដោយមិនទារកម្រៃ ពេលទទួលបានការបំផ្លិចបំផ្លាញ ក៏មិនមានការស្រែកអង្វរ រកជួយដែរ ប៉ុន្តែរាជរដ្ឋាភិបាលមានការប្តេជ្ញាចិត្ត និងក្រសួងបរិស្ថាន មានកាតព្វកិច្ចការពារធនធានធម្មជាតិឳ្យស្ថិតស្ថេរចីរកាលតរៀងទៅ ។ ការបាត់បង់ និងរេចរឹលព្រៃឈើ ជារៀងរាល់ឆ្នាំ បានដឹងឮ ហើយជាការប្រឈម និងត្រូវចាត់វិធានការ ដោយយកជនប្រព្រឹត្តអំពើល្មើសមកទទួលខុសត្រូវចំពោះមុខច្បាប់។

ការអភិរក្សព្រៃឈើ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងសហគមន៍មូលដ្ឋាន ដែលសំដៅលើការគ្រប់គ្រងព្រៃឈើ ដោយមានការចូលរួមពីប្រជាពលរដ្ឋនៅក្នុង ឬជិតតំបន់ព្រៃឈើ ធានាសិទ្ធិប្រពៃណីក្នុងការទទួលបានផលប្រយោជន៍ពីព្រៃឈើ និងទទួលបានការអភិវឌ្ឍន៍ជីវភាព និងសមត្ថភាពមុខរបរ កាត់បន្ថយការពឹងអាស្រ័យលើការប្រមូលផល អនុផលព្រៃឈើ។

ការចុះប្រតិបត្តិល្បាត ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសបំផ្លាញព្រៃឈើ និងសត្វព្រៃ ទទួលបានប្រសិទ្ធភាពរយៈពេលខ្លីប្រៀបបាន ពួកជនទុច្ចរិតបំបាំងកាយពេលមានអាសន្ន និងវិលវិញពេលស្ងប់ស្ងាត់។

ក្នុងករណីនេះ កិច្ចការអភិរក្សប្រកបដោយប្រសិទ្ធផល និងស័ក្តិសិទ្ធភាព តម្រូវការចាំបាច់មិនអាចខ្វះបាន គឺការចូលរួមដោយសកម្មពីមូលដ្ឋាន  គប្បីចៀសវាងពីមេរៀនបរាជ័យដែលតែងតែកើតមានកន្លងមក។ លទ្ធផលនៃដំណើរការចូលរួម  ច្រើនតែអាស្រ័យទៅលើកត្តាបន្ថែមដូចជា ស្ថាប័នពាក់ព័ន្ធ ឬក្របខ័ណ្ឌច្បាប់ និងការអប់រំ ឬផលប្រយោជន៍របស់ប្រជាជនក្នុងតំបន់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម