សម្តេចតេជោ ហ៊ុន សែន បង្ហាញសមិទ្ធផលដែលរាជរដ្ឋាភិបាលអាណត្តិទី៦ សម្រេចបាន

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី19 ខែមិថុនា ឆ្នាំ2023 ម៉ោង 8:01 នាទី ល្ងាច

 

ដោយ តារារិទ្ធ៖

នៅរសៀលថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៣ នេះសម្តេចអគ្គមហាសេនាបបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវសមិទ្ធផលដែលរាជរដ្ឋាភីបាលនីតិកាលទី៦ សម្រេចបានក្នុងរយៈពេល ៥ឆ្នាំកន្លងមក នៅក្នុងពិធីបិទកិច្ចប្រជុំបូកសរុបរបាយការណ៍ប្រចាំអាណត្តិទី៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅវិមានសន្តិភាពរាជធានីភ្នំពេញ ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានលើកឡើងសមិទ្ធផលសំខាន់ៗ៖

១.រាជរដ្ឋាភិបាលរក្សាបានយ៉ាងរឹងមាំនៅសុខសន្តិភាព ស្ថេរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈទូទាំងប្រទេសជាពិសេសរក្សាបាននូវស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចក្នុងស្ថានភាពដែល សភាពការណ៍ក្នុងតំបន់និងពិភពលោកកំពុងមានការវិវត្តន៍ប្រែប្រួលយ៉ាងឆាប់រហ័សនិងប្រកបដោយគ្រោះថ្នាក់ជាពិសេសសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនរួមជាមួយនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ការប្រែប្រួលអាកាសធាតដែលបង្ករមានផលវិបាកនៃការលូតលាសេដ្ឋកិច្ចក្នុងតំបន់និងពិភពលោក ។

២.រាជរដ្ឋាភិបាលបានជំរុញឲ្យអនុវត្តន៍ជាប្រចាំនូវកម្មវិធីកែទម្រង់អភិបាលកិច្ចដែលជាស្នូលនៃយុទ្ធសាស្រ្តចតុកោណមានភាពប្រទាក់ក្រឡាគ្នាសម្រេចបាននូវសមិទ្ធផលតាមការគ្រោងទុកទាំងការកែទម្រង់រដ្ឋបាលសាធារណៈ,ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ,ការកែទម្រង់វិមជ្ឈការនិងសហវិមជ្ឈការ,ការកែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌,ការកែទម្រង់កងកម្លាំងប្រដាប់អាវុធនិងកម្មវិធីកែទម្រង់តាមវិស័យនានាដើម្បីធានាការលើកកំពស់ក្នុងវិស័យសាធារណៈនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចប្រកបដោយចីរភាពនិងសមធម៌។

៣.រាជរដ្ឋាភិបាលបានចាត់វិធានការមុត្រស្រួចក្នុងការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលានៅការឆ្លងរាលដានៃជំងឺកូវីដ១៩ជាមួយនឹងវិធានការស្ដារនិងជំរុញកំ ណើនសេដ្ឋកិច្ចដែលទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺ covid 19 ព្រមទាំងពង្រឹងប្រព័ន្ធគាំពារសង្គម ជំនួយសង្គម ដើម្បីជួយគាំពារដល់គ្រួសារក្រីក្រនិងជនងាយរងគ្រោះដែល ងាយទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយវិបត្តិជំងឺកូវីដ១៩,គ្រួសាតក្រីក្ររងហានិភ័យក្នុងពេលមានសម្ពាធអតិផរណានិងគ្រួសារងាយរងហានិភ័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីគ្រោះ ទឹកជំនន់ក្នុងរដូវវស្សានិងកម្មវិធីជំនួយសង្គមមួយចំនួនទៀតសម្រាប់ជាប្រយោជន៍ដល់គ្រួសារក្រីក្រនិងងាយរងគ្រោះទូទាំងប្រទេស។ ផ្អែកលើគោលនយោបាយនិងយុទ្ធសាស្ត្រដ៏ ត្រឹមត្រូវនិងកិច្ចខិតខំប្រឹងប្រែងខាងលើនេះរាជរដ្ឋាភិបាលបានទប់លំនឹងសេដ្ឋកិច្ចសង្គម និង ជីវភាពប្រជាជនឲ្យមានភាពប្រសើរឡើងតាមរយៈការស្ដារនិងជំរុញសេដ្ឋកិច្ចជាតិ ឲ្យមានកំណើនឡើងវិញយ៉ាងឆាប់រហ័ស ។

៤.ចំពោះការអនុវត្តគោលនយោបាយការបរទេសដែលក្នុងស្ថានភាពពិភពលោកកំពុងមានការវិវត្តប្រែប្រួលយ៉ាងឆាប់រ៉ារាជរដ្ឋាភិបាលបានអនុវត្តនូវគោលនយោបាយការបរទេសឯករាជ្យផ្អែកលើច្បាប់ប្រកបដោយភាពបទបែន ទៅនឹងការប្រែប្រួលនិងសម្ពាធភូមិសាស្ត្រនយោបាយ ដោយធានាបាននូវឯករាជ្យ ការពារបាននូវឯករាជ្យ អធិបតេយ្យជាតិ សុខ សន្តិភាពស្ថេរភាពដើម្បីផលប្រយោជន៍ជាតិនិងប្រជាជនកម្ពុជា។ ក្នុងក្របខណ្ឌតំបន់កម្ពុជាសម្រេចបានជោគជ័យយ៉ាងត្រចះត្រចង់និងជាប្រវត្តិសាស្ត្រក្នុងតួនាទីជាប្រធានប្តូរវេន អាស៊ានឆ្នាំ ២០២២ និងការរៀបចំប្រកបដោយជោគជ័យនិងជាទីមោទនៈភាពជាតិដ៏ឧត្តុង្គឧត្តមនៅព្រឹត្តិការកីឡាស៊ីហ្គេមលើកទី៣២  និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលបាន  បញ្ចប់កាលពីពេលថ្មីៗនេះ កម្ពុជាក៏បានកំពុងចូលរួមដើរតួនាទីយ៉ាងសកម្មដោយសមភាព ជាមួយបណ្ដាប្រទេសក្នុងតំបន់ជាច្រើនក្នុងសាកលលោក។

សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថាបច្ចុប្បន្នសមិទ្ធផលដែលកម្ពុជាទទួលបា នគឺមានច្រើនឥតគណនាហើយទីស្ដីការគណៈរដ្ឋមន្ត្រីក៏បានធ្វើការបោះពុម្ពផ្សាយរួចហើយនូវរបាយការណ៍អំពីសមិទ្ធផលសំខាន់ៗនៃការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី ៦នៃរដ្ឋសភា ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម