គម្រោងជួសជុលផ្លូវ ៦ ខ្សែក្នុងសង្កាត់ផ្សារដើមគរ សម្រេចបាន ៩៥% ហើយ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី23 ខែមិថុនា ឆ្នាំ2023 ម៉ោង 3:16 នាទី ល្ងាច

 

អត្ថបទពូ អាយ៖

សម្រាប់ការជួសផ្លូវក្នុងសង្កាត់ផ្សារដើមគរដែលខូចសម្បុកមាន់ និងខ្លះលើសសម្បុកមាន់ មកទល់នឹងថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២៣ នេះ សម្រេចកាយគ្រឹះយកអាចម៍ដីចេញ និងអ៊ុតកៅស៊ូ AC សម្រេចបាន ៥ផ្លូវហើយក្នុងចំនួន ៦ ផ្លូវ ដែលចាប់ដំណើរការពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៣ គឺផ្លូវលេខ 215, 236, 212, 220 និងផ្លូវលេខ 226 នៅសល់ផ្លូវលេខ 230 មួយខ្សែទៀតដែលត្រូវបង្ហើយមុនដំណាច់ខែនេះ ។

ការជួសជុលផ្លូវក្នុងសង្កាត់ផ្សារដើមគរនេះ ធ្វើឡើងបន្ទាប់បើកយុទ្ធនាការជួសជុលលើកដំបូងរបស់ក្រុមការងារថ្នាក់ជាតិនៅថ្ងៃទី ១ ខែមិថុនា សរុប ១១ ផ្លូវ នៅក្នុងសង្កាត់បឹងកក់ ២ ខណ្ឌទួលគោក ដែលមកទល់ពេលនេះបានហើយជាស្ថាពរ ។ នេះជាការអនុវត្តតាមប្រសាសន៍ណែនាំពីសំណាក់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ឱម យ៉ិនទៀង ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួលគោក ស្នើសហការជាមួយមន្ទីរសាធារណការរាជធានី គ្រោងនឹងជួសជុលផ្លូវក្នុងសង្កាត់ទាំង ១០ នៃខណ្ឌទួលគោក ហើយសង្កាត់ផ្សារដើមគរ ជាសង្កាត់ទីពីរដែលបានទទួលការជួសជុលផ្លូវ និងមានសង្កាត់បន្តបន្ទាប់ទៀត ដែលត្រូវធ្វើដូចគ្នា ក្នុងកិច្ចការដ៏ចាំបាច់របស់ក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានខណ្ដទួលគោក ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជន ដើម្បីសង្គមមួយរីកចម្រើន វឌ្ឍនភាព សេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ ដោយឡែកក្រុមការងារចុះជួយសង្កាត់ផ្សារដើមគរ ដែលមាន ឯកឧត្តម សុត ធា ជាប្រធាន បានណែនាំឲ្យក្រុមការងារ យកចិត្តទុកដាក់ដោះស្រាយបញ្ហាផ្សេងៗជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានកុំឲ្យរំលង ធ្វើបានកាន់តែលឿន កាន់តែល្អ ។

ប្រជាពលរដ្ឋរស់នៅតាមបណ្តោយផ្លូវខូចទាំងអម្បាលមាណ ពិសេសផ្លូវលេខ ២២៦ ប្អូនប្រុសម្ចាស់យានដ្ឋាន ជាង ចាន់ មានចិត្តត្រេកអរ ដោយបានប្រាប់យើងថា កន្លែងខូចមុខយានដ្ឋានគាត់ គាត់ចេញលុយធ្វើ ៤ ដងមកហើយ ដោយចាក់សាប តែអត់ជាប់ទេ មិនបានប៉ុន្មានផងខូចៗ តែនៅពេលឃើញក្រុមការងារចុះជួយសង្កាត់ផ្សារដើមគរ និងរដ្ឋបាលសង្កាត់ សហការជាមួយមន្ទីរសាធារណការរាជធានីមកធ្វើ គាត់អរសប្បាយចិត្ត និយាយជាមួយយើងញញឹមរហូត ។

នេះជាផ្កាផ្លែ នៃកិច្ចការពិសេសមួយ ក្នុងចំណោមកិច្ចការជាច្រើនដែលក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខណ្ឌទួល គោក ដែលមានឯកឧត្តម ទេសរដ្ឋមន្ត្រី ជាប្រធាន បានយកចិត្តទុកដាក់កសាងមូលដ្ឋានគ្រប់វិស័យ ឲ្យមានការវិវឌ្ឍ និងរីកចម្រើន ៕

 

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម