ផ្លូវខូចខ្លាំង ៣ ខ្សែ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក នឹងដំណើរការជួសជុលឆាប់ៗនេះ

ព័ត៌មានសង្គមថ្ងៃអង្គារ៍ ទី27 ខែមិថុនា ឆ្នាំ2023 ម៉ោង 11:18 នាទី ព្រឹក

  ដោយ ម៉ាយ អាយ៖  

យោងតាមការចាត់តាំងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម  កិត្តិនីតិកោសលបណ្ឌិត  ឱម  យ៉ិនទៀង ទេសរដ្ឋមន្ត្រីប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោក  និងជាប្រធាន គ៧៨ ឯកឧត្តម ទូច ស៊ុនណារី អនុប្រធានក្រុមការងារចុះជួយខណ្ឌទួលគោក បានដឹកនាំក្រុមការងារ  រួមជាមួយលោក  ពៅ  ម៉េងហៃ   អនុប្រធានមន្ទីរសាធារណការណ៍រាជធានីភ្នំពេញ  និងតំណាងក្រុមហ៊ុនកៅស៊ូ  អមដំណើដោយលោក  ហែម  កន  ចៅសង្កាត់បឹងសាឡាង  នាព្រឹកថ្ងៃអង្គារ  ទី ២៧  ខែមិថុនា  ឆ្នាំ២០២៣  នៅមូលដ្ឋានសង្កាត់បឹងសាឡាង បានចុះពិនិត្យស្ថានភាពផ្លូវខូច  និងបានវាស់វែងប្រវែងផ្លូវ  ក្នុងមូលដ្ឋានសង្កាត់បឹងសាឡាង  និងបានប្រជុំពិភាក្សាលម្អិតអំពីការងាររៀបចំផ្សេងៗសម្រាប់ជួសជុល ក្រាលកៅស៊ូត្រជាក់លើផ្លូវ  ៣ខ្សែ ប្រវែងសរុប  938 ម៉ែត្រ គិតជាក្រឡាផ្ទែសរុប 6,694 ម៉ែត្រការ៉េ ហើយពេលវេលាដំណើរការជួសជុល គឺចាប់ពីសប្តាហ៍នេះតទៅ ។

ផ្លូវដែលត្រូវជួសជុលមាន

  • ផ្លូវលេខ 261 មានបណ្ដោយ 306 ម៉ែត្រ ទទឹង 8 ម៉ែត្រ ប្រើកៅស៊ូអស់ប្រមាណ 2,448 ម៉ែត្រការ៉េ
  • ផ្លូវលេខ 247  មានបណ្ដោយ  247 ម៉ែត្រ  ទទឹង  5 ម៉ែត្រ ប្រើកៅស៊ូអស់ប្រមាណ  1,358.5 ម៉ែត្រការ៉េ
  • ផ្លូវលេខ 261 មានបណ្ដោយ  306 ម៉ែត្រ  ទទឹង  5 ម៉ែត្រ ប្រើកៅស៊ូអស់ប្រហែល  2,887.5 ម៉ែត្រការ៉េ

ការជួសជុលផ្លូវនេះ យោងតាមអនុសាសន៍ក្នុងកិច្ចប្រជុំជីវភាពបកខណ្ឌទួលគោក កាលពីថ្ងៃទី  ២៤  មិថុនា ២០២៣ បានទទួលយកសំណូមពររបស់ប្រជាពលរដ្ឋ តាមរយៈលោកចៅសង្កាត់បឹងសាឡាង ដែលបានស្នើ ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រីប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌទួលគោក ជួយដោះស្រាយ ។

សូមបញ្ជាក់ថា ផ្លូវក្នុងមូលដ្ឋានខណ្ឌទួលគោកទាំង ១០ សង្កាត់ មានគម្រោងជួសជុលចាក់កៅស៊ូដូចៗគ្នាទាំងអស់ ដូចជាកន្លងមក ផ្លូវ​ ៦ ខ្សែក្នុងសង្កាត់ផ្សារដើំមករសម្រេចជួសជុលហើយ ១០០% និងផ្លូវខូច ២៣ ខ្សែក្នុងសង្កាត់បឹកក់ ២ ក៏ហើយជាស្ថាពរ និងត្រូវបានឯកឧត្តម ទូច ស៊ុនណារី ជាអធិបតីបិទកាលពីថ្ងៃទី ២៥ មិថុនា ឆ្នាំ ២០២៣ ៕

 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម