វេជ្ជបណ្ឌិតខ្មែរមួយរូប ដែលព្យាបាលជនរងគ្រោះរួចពីក្នុងរបបខ្មែរក្រហម បានទទួលពានរង្វាន់ Ramon Magsaysay ដ៏មានកិត្យានុភាពនៅអាស៊ី

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី01 ខែកញ្ញា ឆ្នាំ2022 ម៉ោង 6:03 នាទី ល្ងាច

 

 

អត្ថបទ សូរ្យរិទ្ធ៖

វេជ្ជបណ្ឌិតវិកលចរិតខ្មែរមួយរូប ជាអ្នកព្យាបាលជនរងគ្រោះក្នុងរបបខ្មែរក្រហម បានស្ថិតក្នុងចំណោមអ្នកដែលទទួលបានពានរង្វាន់ Ramon Magsaysay Award 2022 ដែលជារង្វាន់ណូបែលដ៏មានកិត្យានុភាពនៅអាស៊ី ។

ពានរង្វាន់នេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1957 ហើយត្រូវបានគេដាក់ឈ្មោះតាមប្រធានាធិបតីហ្វីលីពីន ដែលបានទទួលមរណភាពក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ ដើម្បី​គោរព​អ្នក​ដែលបាន​លះបង់​ដើម្បី​បម្រើ​ប្រជាជន​អាស៊ី ។

អ្នកដែលទទួលបានពានរង្វាន់ Magsaysay ឆ្នាំនេះ គឺលោក ជឹម សុធារ៉ា (Sutheara Chim) អាយុ 54 ឆ្នាំ ជាពេទ្យ​វិកលចរិត និងជាអ្នករស់រានមានជីវិតពីរបបខ្មែរក្រហមដ៏ឃោរឃៅ ដែលបានសម្លាប់ប្រជាជនកម្ពុជាចំនួនមួយភាគ​បួនពីការអត់ឃ្លាន និងការសម្លាប់យ៉ាងព្រៃផ្សៃនៅក្នុងទសវត្សរ៍ឆ្នាំ 1970 ។

 

លោកវេជ្ជបណ្ឌិត ជឹម សុធារ៉ា ផ្នែកចិត្តវិទ្យា បានទទួលរង្វាន់ប្រចាំ ២០២២ (រូបថត AFP)

 

វេជ្ជបណ្ឌិត សុធារ៉ា បានលះបង់ជីវិតដើម្បីជួយអ្នករងគ្រោះពីរបបខ្មែរក្រហម ដោយផ្តោតលើការព្យាបាល «បាក់ស្បាត, បាក់ទឹកចិត្ត» ឬ «ភាពអស់សង្ឃឹម» នោះ​ជា​ក្រុម​រោគ​សញ្ញា​ដែល​មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែលស្រដៀងទៅនឹងជំងឺស្ត្រេសក្រោយការប៉ះទង្គិចផ្លូវចិត្តជំនាន់នោះ ។

អ្នក​រៀបចំ​កម្មវិធី Magsaysay Awards បាន​សរសើរ​ទឹកចិត្ត​ដ៏​រឹងមាំរបស់លោកវេជ្ជបណ្ឌិត សុធារ៉ា ​ដែល​បាន​យក​ឈ្នះ​លើ​របួសស្នាម​ដ៏ជ្រាល​ជ្រៅ​របស់​ខ្លួនឯង ហើយបានក្លាយជាអ្នកព្យាបាលរោគផ្លូវចិត្តនេះ ។

លោកវេជ្ជបណ្ឌិត សុធារ៉ា ក៏បានផ្តល់សក្ខីកម្មក្នុងនាមជាសាក្សីជំនាញទៅកាន់តុលាការ ដែលឧបត្ថម្ភដោយអង្គការសហប្រជាជាតិកាត់ទោសមេដឹកនាំជាន់ខ្ពស់ខ្មែរក្រហម ។

ក្រៅពីលោកវេជ្ជបណ្ឌិត ជឹម សុធារ៉ា អ្នកឈ្នះពានរង្វាន់ Magsaysay ឆ្នាំ 2022 រួមមានសកម្មជនបរិស្ថាន និងផលិតករភាពយន្តជនជាតិបារាំងអាយុ 27 ឆ្នាំ Gary Bencheghib ដែលបានទទួលពានរង្វាន់សម្រាប់ការខិតខំប្រឹងប្រែងរបស់គាត់ក្នុងការសម្អាតទន្លេ Chitarum នៃប្រទេសឥណ្ឌូនេស៊ី ដែល​ជា​ទន្លេ​មួយ​ក្នុង​ចំណោម​ទន្លេ​ដែល​បំពុល​ខ្លាំង​បំផុត​ក្នុង​ពិភពលោក ។

លោក Bernadette Madrid ជាគ្រូពេទ្យជនជាតិហ្វីលីពីន អាយុ 64 ឆ្នាំបានទទួលរង្វាន់សម្រាប់ការបង្កើតមជ្ឈមណ្ឌលការពារកុមារនៅទូទាំងប្រទេសហ្វីលីពីន ដើម្បីជួយជនរងគ្រោះដោយអំពើហិង្សាក្នុងគ្រួសារ និងគ្រូពេទ្យភ្នែកជនជាតិជប៉ុន Tadashi Hattori អាយុ 58 ឆ្នាំបានទទួលពានរង្វាន់សម្រាប់ការផ្តល់ការវះកាត់ភ្នែកដោយឥតគិតថ្លៃនៅប្រទេសវៀតណាម ហើយពិធីប្រគល់ពានរង្វាន់នឹងធ្វើឡើងនៅទីក្រុងម៉ានីលក្នុងខែវិច្ឆិកា ឆ្នាំនេះ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម