សេលេនស្គី អន្ទះសាជំរុញឲ្យ បៃដេន ជួយបានចូល«ណាតូ» ឆាប់រហ័ស ក្នុងពេលរុស្ស៊ីបង្កើនកម្លាំងយោធា ១៨០.០០០ នាក់បន្ថែម

ព័ត៌មានអន្តរជាតិថ្ងៃព្រហស្បត្តិ៍ ទី06 ខែកក្កដា ឆ្នាំ2023 ម៉ោង 6:27 នាទី ល្ងាច

ដោយ សូរ្យសែង៖

មេដឹកនាំអ៊ុយក្រែន លោក សេនលេនស្គី កំពុងប្រឈម​​នឹង​ការ​លំបាក​នៅ​ក្នុង​សមរភូមិ ទោះបី​ដណ្តើម​យក​ទឹកដីបាន​មួយ​ចំនួន​មក​វិញ​ក៏​ដោយ ប៉ុន្តែ​រុស្ស៊ី​បាន​ដាក់​ពង្រាយ​ទាហាន​ជាង ​១៨ ​ម៉ឺន​នាក់​នៅសមរភូមិមុខ​សំខាន់​ពីរ ស្របពេលអ៊ុយក្រែនអន្ទះសាយ៉ាងខ្លាំង ​​សុំឲ្យ​មេដឹកនាំ​អាមេរិក រុញអ៊ុយក្រែនចូលរួមជាមួយអង្កការ ណាតូ (NATO) ឥឡូវនេះជាបន្ទាន់ ។

ស្ថានភាពសង្រ្គាមចុងក្រោយរវាងរុស្ស៊ី និងអ៊ុយក្រែន លោក សេលេនស្គី បានសារភាពថា លោកកំពុងប្រឈមនឹងការលំបាកនៅលើសមរភូមិ ប៉ុន្តែ​ដណ្តើម​យក​ទឹកដី​បាន​ ៩​គីឡូម៉ែត្រ​ការ៉េ​នៅ​ភាគ​ខាងកើត និង ​២៨,៤ ​គីឡូម៉ែត្រ​ការ៉េ​ទៀត​នៅ​ភាគខាងត្បូង​មកវិញ ប៉ុន្តែ​មន្ត្រី​អ៊ុយក្រែន​នៅ​តែ​ព្រួយ​បារម្ភ​ចំពោះ​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ភាគ​ខាង​កើតនេះ ។

យោធាអ៊ុយក្រែនបាននិយាយថា ប្រទេសរុស្ស៊ីបានដាក់ពង្រាយទាហានជាង 180,000 នាក់នៅសមរភូមិសំខាន់ពីរ ហើយបាននិយាយថា វាគឺជា «ការចល័តដ៏មានឥទ្ធិពល» នៅក្នុងតំបន់ជុំវិញទីក្រុង លីម៉ង់ និង គូពីយ៉ាន់ស៍ និងជុំវិញទីក្រុងបាក់មុត ដែលស្ថិតក្នុងស្ថានភាពក្តៅ ព្រោះ​វា​បាន​ប្រឈម​នឹង​ការ​ប៉ះ​ទង្គិច​គ្នា​យ៉ាង​បង្ហូរ​ឈាម​តាំង​ពី​ដើម​ឆ្នាំមក ។

សកម្មភាពរស់រវើករបស់រុស្ស៊ី បានធ្វើឲ្យប្រធានាធិបតី សេលេនស្គី អំពាវនាវយ៉ាងអន្ទះសាឲ្យប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃដេន ជួយរុញអ៊ុយក្រែនឱ្យក្លាយជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ពីឥឡូវនេះទៅ ទោះបីជាឋានៈ «សមាជិក» នឹងមិនកើតឡើងរហូតដល់ចុងបញ្ចប់នៃសង្គ្រាមក៏ដោយ ។ (សេលេនស្គី ផ្តល់បទសម្ភាសន៍ដល់ CNN ជាភាសាអង់គ្លេស) ។

«ចូ បៃដេន គឺជា «អ្នកមានអំណាចសម្រេចចិត្ត» ថាតើអ៊ុយក្រែនបានចូលរួមជាមួយណាតូឬអត់? គាត់គាំទ្រអនាគតរបស់យើងនៅក្នុងអង្គការ NATO ក៏ពិតមែន ប៉ុន្តែការអញ្ជើញឱ្យចូលរួមនៅពេលនេះនឹងក្លាយជាការលើកទឹកចិត្តដ៏ធំមួយសម្រាប់យោធាអ៊ុយក្រែន» ។

មហិច្ឆតា​របស់​អ៊ុយក្រែន​ក្នុង​ការ​ចូល​ជា​សមាជិក​ណាតូ មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ហើយបន្ទាប់ពីការព្យាយាមកសាងទំនាក់ទំនងជាមួយណាតូតាំងពីទសវត្សរ៍ឆ្នាំ 1990 ហើយនៅក្នុងកិច្ចប្រជុំកំពូលនៅប្រទេសលីទុយអានីនៅថ្ងៃទី 11-12 ខែកក្កដាឆ្នាំ 2023 គេរំពឹងថាសមាជិកភាពរបស់អ៊ុយក្រែននឹងត្រូវបានពិភាក្សាផងដែរ ប៉ុន្តែខណៈពេលដែលលោកខាងលិចបានរួបរួមគ្នា ឯ​រុស្ស៊ី​នៅរំ​ពឹង​លើ​​មហាអំណាច​«ចិន» ដែលគ្រប់​កែវភ្នែក​កំពុងសម្លឹង​ទៅ​លើ​លោក​ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលនឹង​ចូល​រួម​ក្នុងកិច្ច​ប្រជុំ​(virtual summit)​ របស់អង្គការ​កិច្ចសហប្រតិបត្តិការ​សៀងហៃ (Shanghai) ឬ SCO ។

SCO មានសមាជិកចំនួនប្រាំបី គឺ ចិន រុស្ស៊ី ឥណ្ឌា ប៉ាគីស្ថាន កាហ្សាក់ស្ថាន គៀហ្ស៊ីស៊ីស្ថាន តាជីគីស្ថាន និង អ៊ូសបេគីស្ថាន ដោយចិនជាអ្នកបង្កើតក្រុមនេះ ព្រោះ​គេ​ចង់​កសាង​រណសិរ្ស​រួបរួម​គ្នា​ដើម្បី​ការពារ​តំបន់​ងាយ​រងគ្រោះ​បំផុត​ក្នុង​ប្រទេស គឺជា​តំបន់​ស្វយ័តស៊ីនជៀង-អ៊ុយហ្គ័រ ពីភេរវកម្ម(Terrorism), ការបំបែកទឹកដី(Separatism)  និងជ្រុលនិយម(Extremism) ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម