គណបក្សកាវក្លៃ លេងមួយក្បាច់វិញ ដោយស្នើធ្វើវិសោធនកម្មមាត្រា ២៧២ ដកសិទ្ធិអំណាចសមាជិកព្រឹទ្ធសភា ក្នុងការបោះឆ្នោតរើសនាយករដ្ឋមន្ត្រី

ព័ត៌មានអន្តរជាតិថ្ងៃសុក្រ ទី14 ខែកក្កដា ឆ្នាំ2023 ម៉ោង 7:36 នាទី ល្ងាច

ដោយ សូរ្យសែង៖

គណបក្សកាវក្លៃ បានជូនសេចក្តីព្រាងវិសោធនកម្ម មាត្រា២៧២ ដកហូតអំណាចសមាជិកព្រឹទ្ធសភាដែលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ទៅប្រធានរដ្ឋសភានៅរសៀលថ្ងៃទី ១៤ កក្កដានេះហើយ ។​ តើការស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ មាត្រា ២៧២ នឹងបានសម្រេចដូចបំណងឬអអត់? សូមរង់ចាំតាមដាន ។

លោក ឆៃថាវ៉ាត់ តុឡាធន អនុប្រធានគណបក្សកាវក្លៃ (ឈានទៅមុខ) និងជាអគ្គលេខាគណបក្សកាវក្លៃ បានផ្តល់បទសម្ភាស​នៅថ្ងៃ​នេះថា ​ជា​បឋមយើងនឹងពិភាក្សាជាមួយគណបក្សភឿថៃ មុនពេលពិភាក្សាជាមួយគណបក្សទាំង 8 នៃរដ្ឋាភិបាលចម្រុះ ដើម្បីរិះរកវិធីណាផ្សេងទៀតដើម្បីទទួលបានសំឡេងកើនឡើង ។

នៅពេលសួរថា ហេតុអ្វីបានជាមិនដកថយក្នុងគោលនយោបាយកែប្រែមាត្រា ១១២ ដែលធ្វើឲ្យជាប់គាំងនោះ ? លោក ឆៃថាវ៉ាត់ មានប្រសាសន៍ថា លោកមិនអាចធ្វើបានទេ ព្រោះវាជាគោលនយោបាយមួយក្នុងចំណោមគោលនយោបាយមួយរយដែលបានធ្វើយុទ្ធនាការ ហើយបានសន្យាជាមួយប្រជាជនរួចហើយ ​បើ​ទោះ​គាត់​ដក​ថយ​ក៏​មិន​ច្បាស់​ដែរ​ថា ​តើ​គាត់​នឹង​ទទួល​បាន​ការ​បោះ​ឆ្នោត​ពី​សមាជិក​ព្រឹទ្ធសភា​ឬ​អត់​នោះ​ដែរ ។

អ្នកនយោបាយជាន់ខ្ពស់ជាច្រើន បានប្រាប់លោក ភីថា ប្រធានគណបក្សកាវក្លៃមុនថ្ងៃបោះឆ្នោតរើស​នាយករដ្ឋមន្ត្រីថា ត្រូវ «ដកថយរឿងមាត្រា ១១២ វាជាការល្អ» ។

លោកអនុប្រធានបក្សនិយាយថា ខ្ញុំបានឃើញសារនៅលើ Online របស់សមាជិកព្រឹទ្ធសភាមុនពេលបោះឆ្នោតនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «ប្រយ័ត្នលោក ភីថា ដែលគាត់ថា មិនស្នើវិសោធនកម្មមាត្រា ១១២ ក្រែងជាការបោកបញ្ឆោត ហើយមានផែនការអាក្រក់កើតឡើង ដូច្នេះ​កុំ​ចាញ់​បោក​គេ!» ។

លោក វ៉ាន់ ន័រ មូហាំម៉ាត់ ប្រធានរដ្ឋសភាមានប្រសាសន៍ថា គាត់បានទទួលសេចក្តីព្រាងវិសោធនកម្មរដ្ឋ​ធម្មនុញ្ញរួចហើយ ហើយនឹងដំណើរការឲ្យបានលឿនបំផុត គាត់នឹងកោះប្រជុំរដ្ឋសភា ដើម្បីបោះឆ្នោតរើសនាយករដ្ឋមន្ត្រីជាលើកទី ២ នៅថ្ងៃទី ១៩ កក្កដា វេលាម៉ោង ៩.៣០ នាទីព្រឹក ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម