ដោយ សាវុឌ្ឍ៖
ក្រសួងសុខាភិបាលប្រទេសបង់ក្លាដែសបានឲ្យដឹងថា គ្រាន់តែរយៈពេលកន្លះខែកក្កដា ឆ្នាំ ២០២៣ នេះ មានអ្នកកើតជំងឺគ្រុនឈាមសម្រាកព្យាបាលនៅមន្ទីរពេទ្យទូទាំងប្រទេសមានចំនួន ១១,០០០ នាក់ ។
ទីភ្នាក់ងារព័ត៌មានស៊ីនហួរបស់ចិនរាយការណ៍ពីទីក្រុងថាកា ប្រទេសបង់ក្លាដែសថា ចំនួនអ្នកកើតជំងឺគ្រុនឈាម ចាប់តាំងពីដើមឆ្នាំ ២០២៣ នេះមានចំនួន ១៩.៤៥៤ នាក់ បាត់បង់ជីវិត ១០០ នាក់ ។ អ្វីដែលកើនឡើងខ្ពស់បន្ថែមទៀតនោះ គឺគ្រាន់តែកន្លះកក្កដានេះមានអ្នកឆ្លង ១១,៤៧៦ នាក់ បាត់បង់ជីវិត ៥៤ នាក់ ហើយក្លាយជាវិបត្តិធ្ងន់សម្រាប់ប្រទេសមួយនេះ ។
ទោះយ៉ាងណាក៏ដោយ ជំងឺគ្រុនឈាម បង្កឡើងដោយការចម្លងពីមូសខ្លា ។ វាអាចបណ្តាលឱ្យមានជំងឺធ្ងន់ធ្ងរដូចជា ឈឺក្បាល ក្តៅខ្លួនខ្លាំង អស់កម្លាំង ឈឺសាច់ដុំ និងឈឺសន្លាក់ ហើមកូនកណ្តុរ ក្អួត និងឡើងកន្ទួលក្រហមពាសពេញរាងកាយ ។
ដូច្នេះ នៅកម្ពុជាយើង ទោះជាមិនមានអ្វីគួរបារម្ភ តែគួរប្រុងប្រយ័ត្ន ព្រោះរដូវវស្សាចាប់ផ្តើមឈានចូលមកហើយ ត្រូវប្រុងប្រយ័ត្នចំពោះកុមារតូចៗ ៕
ប្រភព :XINHUA