ប្រទេសអាហ្វ្រិកមួយទៀតហើយ ប្រកាសធ្វើរដ្ឋប្រហារ

ព័ត៌មានអន្តរជាតិថ្ងៃពុធ ទី30 ខែសីហា ឆ្នាំ2023 ម៉ោង 7:48 នាទី ល្ងាច

ដោយ សូរ្យសែង៖

កងទ័ពប្រទេសហ្គាបុង(Gabon) ស្ថិតក្នុងទ្វីបអាហ្វ្រិក បានប្រកាសធ្វើរដ្ឋប្រហារតាមទូរទស្សន៍នៅថ្ងៃទី ៣០ ខែសីហា ក្រោយលោក អាលី បុងហ្គោ ឈ្នះឆ្នោតនៃអាណត្តិទី​៣ ។

អ្នកធ្វើរដ្ឋប្រហារបានប្រកាសថា ពួកគេកំពុងលុបចោលលទ្ធផលបោះឆ្នោត និង​បិទ​ព្រំដែន​គ្រប់​ទិសទី រហូត​ដល់​មាន​ការ​ប្រកាស​ផ្សេង​ទៀត។

ទីភ្នាក់ងារព័ត៌មានរ៉ឺទ័រ ក៏បានរាយការណ៍ផងដែរថា សំឡេងខ្លាំងៗ និងការបាញ់កាំភ្លើងត្រូវបានឮនៅក្នុងទីក្រុង លីប៊្រេវីល (Libreville) ។

មជ្ឈមណ្ឌលបោះឆ្នោតហ្គាបុង បានប្រកាសកាលពីថ្ងៃពុធថា លោក អាលី បុងហ្គោ ប្រធានាធិបតីប្រទេសហ្គាបុង បានឈ្នះការបោះឆ្នោតជាមួយនឹងលទ្ធផល 64.27% នៃសម្លេងឆ្នោត បន្ទាប់មក អាល់បឺត អនដូ អាស្សា (Albert Ondo Azza) ទទួលបាន 30.77% ។ ការ​បោះ​ឆ្នោត​ទទួល​បាន​ការ​រិះគន់​ពី​គណបក្ស​ប្រឆាំង​ថា​មិន​ត្រឹមត្រូវ និងមិន​យុត្តិធម៌ ប៉ុន្តែក្រុមរបស់លោក បុងហ្គោ បានបដិសេធការចោទប្រកាន់នេះ ។

លោក អាលី បុងហ្គោ ប្រធានាធិបតីប្រទេសហ្គាបុង

ជាមួយគ្នានេះ គណបក្សជាច្រើន បានចាត់ទុកការបោះឆ្នោតនេះ ជាការគួរឲ្យសង្ស័យ ដូចជាមិនអនុញ្ញាតឲ្យបរទេសចូលរួមសង្កេតការណ៍ជាដើម ។ ប្រព័ន្ធផ្សព្វផ្សាយបរទេសមួយចំនួនមិនត្រូវបានអនុញ្ញាតឱ្យរាយការណ៍ទេ និងកាត់ផ្តាច់អ៊ីនធឺណិត និងបានប្រកាសបម្រាមគោចរពេលយប់នៅទូទាំងប្រទេសមុនការបោះឆ្នោត ។

នេះ​ជា​រដ្ឋប្រហារ​លើក​ទី​ ៨ ហើយ ​ដែល​ធ្វើ​ឡើង​នៅ​តំបន់​អាហ្វ្រិក​កណ្តាល​ចាប់​តាំង​ពី​ឆ្នាំ​២០២០ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម