សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន - ជប៉ុនឆ្នាំទី៥០

ព័ត៌មានសង្គមថ្ងៃសុក្រ ទី15 ខែធ្នូ ឆ្នាំ2023 ម៉ោង 2:01 នាទី ល្ងាច

 

B. Chandararith 

ភ្នំពេញ៖សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិ ត ពេជ្រ ច័ន្ទមុន្នី ហ៊ុនម៉ាណែត នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុនដើម្បី អបអរសាទរឆ្នាំទី៥០ មិត្តភាពនិង កិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន តបតាមការអញ្ជើញរបស់លោកគឺស៊ីដា ហ៊ូមីអូ នាយករដ្ឋមន្ត្រីជប៉ុន ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងតូក្យូ ចាប់ពីថ្ងៃទី ១៦-១៨ ខែធ្នូ ឆ្នាំ ២០២៣។

អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រីនិងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា,លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រីនិងជា

រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា,   លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងមន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិ បាលព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភា ពាណិជ្ជកម្មកម្ពុជា។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាបានឲ្យដឹងថាកិច្ច ប្រជុំកំពូលនេះនឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិ សាស្ត្រមួយទៀតសម្រាប់អាស៊ាននិងជប៉ុន ដើម្បីសម្រេចបាននូវគោលដៅរួមក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពនៅ ក្នុងតំបន់និងជំរុញនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអា ស៊ាន-ជប៉ុន តាមរយៈការចេញនូវសេចក្តីប្រកាសចក្ខុវិស័យរួមស្ដីពី មិត្តភាព និង សហប្រតិបត្តិការអា ស៊ាន-ជប៉ុននិងផែនការអនុវត្តសេច ក្តីប្រកាសចក្ខុវិស័យរួមដែលបានបង្កើតឡើងក្រោមមូលបទសំខាន់ៗចំនួន៣រួមមាន(១)ដៃគូចិត្តនិងចិត្តគ្រប់ជំនាន់(២)ដៃគូសម្រាប់សហប ង្កើតសេដ្ឋកិច្ចនិងសង្គមនៃអនាគត និង(៣)ដៃគូសម្រាប់សន្តិភាពនិងស្ថិរភាព។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលសម្តេចធិបតី នឹងមានជំនួបកំពូលទ្វេភាគីជាមួយលោក គឺស៊ីដា ហ្វីមីអូ ដើម្បីពិភាក្សាអំពីការពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងជប៉ុនដើម្បីផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនទាំងពីរ។ ភាគីទាំងពីរនឹងផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិដែលជាក្ដីបារម្ភនិងផលប្រយោជន៍រួមផងដែរ។

បន្ថែមពីនេះនាយករដ្ឋមន្ត្រីទាំងពីរ នឹងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតប្តូរសារស្តីពីការផ្តល់ហិរញ្ញ ប្បទានឥតសំណងរបស់ជប៉ុនសម្រា ប់គម្រោងចំនួន ៣ ពាក់ព័ន្ធនឹងធារា សាស្ត្រការផ្គត់ផ្គង់ទឹកស្អាតនិងរដ្ឋាភិបាលអេឡិចត្រូនិក ព្រមទាំងឯកសារកិច្ចសហប្រតិបត្តិការផ្សេងទៀតលើវិស័យឌីជីថលធនាគារនិងថាមពល ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ ដឹកនាំប្រទេសនៃសហគមន៍បំភាយ ឧស្ម័នសូន្យអាស៊ី (AZEC) ដើម្បីពិភាក្សាអំពីគោលនយោបាយស្តីពី អន្តរការណ៍ថាមពលនិងជំរុញកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការកា ត់បន្ថយការបញ្ចេញឧស្ម័នកាបូននៅអាស៊ី។

ក្នុងអំឡុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានជំនួបអាហារការងារពេលព្រឹកជាមួ យលោក សនសៃ ស៊ីផាន់ជន នាយ ករដ្ឋមន្ត្រីឡាវ និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏នឹងជួបសំណេះសំណាលជាមួយសហគមន៍ខ្មែរដែលរស់នៅប្រទេសជប៉ុនផងដែរ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម