ឯកឧត្តម ង៉ូវ បូរីណា តំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បាននាំថវិកាជូនលោក នួន ប៉ុម ដែលបានជួបគ្រោះអគ្គីភ័យ

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី22 ខែមិីនា ឆ្នាំ2021 ម៉ោង 8:58 នាទី ល្ងាច

នារសៀលថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ង៉ូវ បូរីណា តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បាននាំយកថវិការបស់លោកជំទាវកិត្តិសង្គបណ្ឌិត និងមន្ត្រីរាជការក្រោមឱវាទ ប្រគល់ជូន នួន ប៉ុម ដែលត្រូវជាឳពុកក្មេក របស់ លោក ឈឹម ប៊ុនខន ក្នុងគ្រាដែលក្រុមគ្រួសាររបស់លោកបានជួបគ្រោះអគ្គីភ័យ ដើម្បីជាការសម្រាលបន្ទុកក្នុងគ្រួសារ ។ 

អគ្គីភ័យនេះបានបណ្តាលឲ្យខូចខាតផ្ទះមួយខ្នង មាន ២បន្ទប់ រោងដាក់គោ ១ និងបណ្តាលឲ្យគោ ១ក្បាលបានស្លាប់ និង ២ក្បាលទៀតរបួសធ្ងន់ និងស្រាល ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១  ។

 

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ង៉ូវ បូរីណា ក៏បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់លោកជំទាវកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ជូនដល់គ្រួសាររងគ្រោះ និងចូលរួមសោកស្តាយចំពោះហេតុការណ៍ដ៏អាក្រក់ ដែលបានកើតឡើងកាលពីពេលកន្លងមក ។

ចំណែកឯ លោក នួន ប៉ុម ក៏បានគោរពថ្លែងអំណរគុណដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងមន្រ្តីរាជការក្រោមឱវាទ ដែលមានទឹកចិត្តសណ្តោសប្រោសប្រណីដល់ក្រុមគ្រួសាររបស់លោកនាពេលនេះ ។ លោកក៏បានបួងសួងសូមឲ្យលោកជំទាវ ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ សូមមានសុខភាពល្អ និង ទទួលបានជោគជ័យគ្រប់ភារកិច្ចរដ្ឋាភិបាលប្រគល់ជូន ៕

អត្ថបទ ផូលីន

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម