ពុករលួយក្នុងវិស័យកីឡាជប៉ុន ! កាត់ទោសអតីតនាយកប្រតិបត្តិអូឡាំពិកតូក្យូក្នុងការគ្រប់គ្រងការដេញថ្លៃមិនប្រក្រតី

កីឡាថ្ងៃសុក្រ ទី22 ខែធ្នូ ឆ្នាំ2023 ម៉ោង 7:28 នាទី ល្ងាច


ដោយ ម៉ារ៉ា៖

Kyodo News កាលពីសប្តាហ៍ទីពីរនៃធ្នូនេះ តុលាការក្រុងតូក្យូបានកាត់ទោសអតីតនាយកប្រតិបត្តិនៃគណៈកម្មា ធិការរៀបចំកីឡាអូឡាំពិកទីក្រុងតូក្យូ ឱ្យជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ជាមួយនឹងការព្យួរទោស ៤ ឆ្នាំពីបទដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងការដេញថ្លៃទាក់ទងនឹងកីឡាអូឡាំពិករដូវក្តៅកាលពីឆ្នាំ 2021 ។

យ៉ាស៊ូអុ ម៉ូរី (Yasuo Mori) បានធ្វើជាអធិបតីក្នុងការដេញថ្លៃ ដោយបានប្រើប្រយោជន៍ពីឥទ្ធិពលរបស់គាត់​ក្នុងឋានៈជានាយកប្រតិបត្តិ ។ លោក Kenji Yasunaga ប្រធានតុលាការក្រុងតូក្យូបាននិយាយនៅក្នុងសេចក្តីសម្រេចអំពីតួនាទីរបស់ ម៉ូរី ក្នុងការដេញថ្លៃសម្រាប់កិច្ចសន្យាដែលមានតម្លៃប្រមាណ 43.7 ពាន់លានយ៉េន ដើម្បីរៀបចំផែនការ និងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក តូក្យូ។

ករណី​នេះ​គួបផ្សំ​នឹង​រឿងអាស្រូវ​សូកប៉ាន់ផងដែរ ​ដែល​ពាក់ព័ន្ធ​នឹង​អតីត​នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​រៀបចំ​ការ​ប្រកួត​ម្នាក់​ទៀត ដែលបានធ្វើឱ្យព្រឹត្តិការណ៍អូឡាំពិកប្រារព្ធឡើងនៅរដូវក្តៅឆ្នាំ 2021 ពន្យារពេលមួយឆ្នាំដោយសារតែការរាតត្បាតនៃមេរោគឆ្លង។

ការកាត់ក្តីនេះបានលើកឡើងថា ម៉ូរី បានដើរតួយ៉ាងសំខាន់នៅក្នុងគម្រោងការខុសច្បាប់ ហើយសកម្មភាពរបស់ គាត់បានរំខានយ៉ាងខ្លាំងដល់ការប្រកួតប្រជែងដេញថ្លៃដោយសេរី និងយុត្តិធម៌ ។ លោក​មិន​បាន​គិតគូរ​ពី​គោលការណ៍​នៃ​ការ​ដេញ​ថ្លៃ​ដោយបើក​ចំហ ​ដល់​លក្ខណៈ​សាធារណៈ​របស់​គណៈកម្មការ​នោះ​ទេ ។

ម៉ូរី ធ្លាប់​សារភាព​កំហុស ​បាន​ថ្លែង​ក្នុង​អំឡុង​ពេល​សវនាការ​លើក​ដំបូង​ថា លោក​ជឿ​ថា ​សកម្មភាព​របស់​លោក​គឺ​ជា​ការ​ចាំបាច់ ដើម្បីធានាឲ្យបានជោគជ័យនៃកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកទីក្រុងតូក្យូ ។ ព្រះរាជអាជ្ញា​បាន​កាត់សេចក្តី​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ពីរ​ឆ្នាំ​សម្រាប់​លោក ម៉ូរី ខណៈ​មេធាវី​ការពារ​ក្តី​បាន​សុំ​បន្ធូរបន្ថយ​ទោស ។

នេះ​បើ​តាម​សាលក្រម​និង​ប្រភព​ផ្សេងៗ ម៉ូរី បានឃុបឃិតជាមួយអ្នកផ្សេងទៀត រួមទាំងលោក Koji Hemmi អតីតនាយកប្រតិបត្តិនៅក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មជប៉ុន Dentsu Inc. ដើម្បីសម្រេចនៅចន្លោះខែកុម្ភៈ និងខែកក្កដា ឆ្នាំ 2018 ថាតើក្រុមហ៊ុនណាមួយនឹងទទួលបានកិច្ចសន្យាដើម្បីរៀបចំផែនការសកម្មភាពក្នុងការសាកល្បង និងរៀបចំការប្រកួតពិតប្រាកដ។

ក្នុងករណីនេះ ក្រុមហ៊ុនចំនួនប្រាំមួយ រួមទាំងក្រុមហ៊ុន Dentsu Group Inc. និងដៃគូប្រកួតប្រជែង Hakuhodo Inc. រួមជាមួយនឹង ម៉ូរី និងមនុស្ស ៦ នាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ ដោយ ម៉ូរី គឺជាតួអង្គសំខាន់ក្នុងការរៀបចំសម្រាប់ការដេញថ្លៃ។

នៅក្នុងរឿងអាស្រូវមួយផ្សេងទៀតដែលពាក់ព័ន្ធនឹងកីឡាអូឡាំពិកទីក្រុងតូក្យូ លោក Haruyuki Takahashi អតីតនាយកប្រតិបត្តិនៃគណៈកម្មាធិការរៀបចំការប្រកួត ដែលជានាយកគ្រប់គ្រងជាន់ខ្ពស់របស់ក្រុមហ៊ុន Dentsu ត្រូវបានចាប់ខ្លួន ពីបទទទួលសំណូកសរុបប្រមាណ 198 លានយ៉េន ជាថ្នូរនឹងការជួយក្រុមហ៊ុនផ្សេងៗ ទទួលបានក្នុងការជ្រើសរើស ក្នុងនាមជាអ្នកឧបត្ថម្ភអូឡាំពិក ឬតំណាងទីផ្សារ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម