សម្តេចធិបតី៖ កុំយកព័ត៌មានមិនពិតមកបំភ្លៃ ដើម្បីកេងចំណេញនយោបាយ នាំពលរដ្ឋភ័យខ្លាច!

ព័ត៌មានសង្គមថ្ងៃពុធ ទី27 ខែធ្នូ ឆ្នាំ2023 ម៉ោង 1:29 នាទី ល្ងាច

B. Dararith:

នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ ២០២៣ នេះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ត្រូវមានក្រមសីលធម៌និងការទទួលខុសត្រូវទើបយើងបានសុខទាំងអស់គ្នា ។

សម្តេចធិបតីបានលើកឡើងពាក់ព័ន្ធការផ្សាយព័ត៌មានមិនពិតមិនគ្រប់ជ្រុងជ្រោយ អត់មានហេតុផលច្បាស់លាស់ មិនបានបម្រើប្រជាជនពិតប្រាកដ ដែលបង្កឲ្យប្រជាជនមានកង្វល់ ប៉ុន្តែទីបំផុតគឺកេងប្រវ័ញ្ចផលប្រយោជន៍ពីប្រជាជន យកព័ត៌មានបំភ្លៃដើម្បីកេងចំណេញនយោបាយធ្វើឱ្យប្រជាជនភ័យខ្លាច ។

សម្តេចចាត់ទុកថា នេះគឺជារឿងក្រមសីលធម៌ ។ «ខ្ញុំមិនអង្វរហើយមិនសុំឲ្យឈប់វ៉ៃប្រហាររិះគន់នោះទេ វាជាសិទ្ធិរបស់អ្នកឯងទេ ប៉ុន្តែសុំឲ្យមានក្រមសីលធម៌»។

សម្តេចបន្តថា សូមគោរពសិទ្ធិរបស់ប្រជាពលរដ្ឋផង បានន័យថា ខ្លួនឯងតាំងខ្លួនជាអ្នកវិភាគ តាំងខ្លួនជាអ្នកផ្តល់ព័ត៌មាន សូមផ្ដល់រឿងពិតឲ្យប្រជាជនដឹងផង កុំយកអារឿងក្លែងក្លាយមកឲ្យប្រជាជនមានការកង្វល់ អត់មានហេតុផលច្បាស់លាស់ មិនបានបម្រើប្រជាជនពិតប្រាកដទេ ។

សម្តេចបន្តថា រាជរដ្ឋាភិបាលមិនខ្លាចទេនូវទង្វើអវិជ្ជមានរបស់ខ្លួន និងការរិះគន់ ។ កន្លងទៅ សម្តេចបានដឹងរឿង នេះហើយ យើងបានដោះស្រាយបានច្រើនណាស់ តាំងពីរឿងគ្រោះថ្នាក់ចរាចរណ៍ រឿងដីធ្លី ... ហើយមិ្សលមិញដោះស្រាយរឿងអ្នកគ្រូមួយនៅបន្ទាយមានជ័យ ។ ដោយសារព័ត៌មានយើងបានដឹងដាក់មកចន្លោះប្រហោង យើងពិនិត្យមើល តើជាការពិតឬយ៉ាងណាដើម្បីយើងដោះស្រាយយើងស្វាគមន៍។

សម្តេចធិបតីក៏បានអរគុណបងប្អូនសារព័ត៌មាន ដែលខិតខំចែករំលែកព័ត៌មានលឿន ប៉ុន្តែធ្វើយ៉ាងម៉េចឲ្យបានគ្រប់ជ្រុងជ្រោយ ហើយប្រសិនជាខុស សុំកែសម្រួលដើម្បីឱ្យបងប្អូនកុំទម្លាក់ខុស ហើយមិនខ្ចីមាត់ខ្លាចបាក់មុខ ត្រូវមានក្រមសីលធម៌ថា «ខ្ញុំផ្សាយអត់គ្រប់ជ្រុងជ្រោយខ្ញុំសុំកែតម្រូវ នេះហើយជាកាតព្វកិច្ច» ។

សម្តេចបន្តទៀតថា៖ ជាកាតព្វកិច្ចវិជ្ជាជីវៈ ប្រសិនបើយើងចន្លោះប្រហោង នៅពេលដែលយើងបានព័ត៌មានគ្រប់ជ្រុងជ្រោយយើងត្រូវតែហ៊ានចេញមកកែសម្រួលដើម្បីឲ្យគេដឹង។ ហ្នឹងគឺជាកាតព្វកិច្ច មិនមែនយកមកធ្វើអត់ត្រូវមកភរ ហើយដល់តែពេលគេដឹងរឿងយើងធ្វើឆ្កុយ ដើម្បីបាន Like Share តាមពិតវាយប្រហារអ្នកផ្សេងទៀតអត់ដឹងរឿង ។

សម្តេចបន្ថែមថា៖ «លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព ត្រូវមានក្រមសីលធម៌និងការទទួលខុសត្រូវ ទើបយើងបានសុខទាំងអស់គ្នា ។ បើយើងភរយើងធ្វើឱ្យអ្នកផ្សេងទៀតប៉ះពាល់យើង បង្កាច់បង្ខូចអ្នកដទៃយើងរំលោភសិទ្ធិលើអ្នកដទៃ យើងបញ្ជូនព័ត៌មានចេតនាអាក្រក់ឲ្យប្រជាពលរដ្ឋ យើងរំលោភសិទ្ធិប្រជាពលរដ្ឋនៅក្នុងការទទួលបានព័ត៌មាន​ពិតពីអនាគតជាតិរបស់យើង ។

ប្រសាសន៍របស់សម្តេចធិបតីទាំងអស់នេះ មានឡើងនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផល​គម្រោងស្ថានីយ៍ប្រព្រឹត្តិកម្មទឹកកខ្វក់ជើងឯកក្នុងរាជធានីភ្នំពេញ៕

រូបថតពី Chanel SHS

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម