សម្តេចធិបតី៖ ការបញ្ចប់សង្រ្គាមនៅកម្ពុជា បានរួមចំណែកក្នុងការពង្រឹងសន្តិភាពក្នុងតំបន់ និងចូលរួមដោះស្រាយកិច្ចការអន្តរជាតិ

ព័ត៌មានសង្គមថ្ងៃសុក្រ ទី29 ខែធ្នូ ឆ្នាំ2023 ម៉ោង 6:14 នាទី ល្ងាច

B. Dararith: 

នៅព្រឹកថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២៣ នេះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា នយោបាយឈ្នះឈ្នះមិនត្រឹមតែបានផលសម្រាប់ប្រជាជាតិខ្មែរ កូនចៅខ្មែរបច្ចុប្បន្ន និងទៅអនាគតទេ ប៉ុន្តែថែមទាំងចែកផលទៅដល់ប្រទេសផ្សេងៗនៅក្នុងតំបន់និងនៅលើពិភពលោកនេះ គឺជាអ្វីដែលជាផលនៃនយោបាយឈ្នះឈ្នះ ។

សម្តេចថ្លែងក្នុងពិធីអបអរសាទរការប្រារព្ធខួបលើកទី២៥នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជានិងការអនុវត្តប្រកបដោយជោគជ័យនយោបាយឈ្នះឈ្នះនិងខួប៥ឆាំ្ននៃការកសាងវិមានឈ្នះឈ្នះ(២៩ ធ្នូ១៩៩៨ - ២៩ ធ្នូ ២០២៣)នៅវិមានឈ្នះឈ្នះ ។

សម្តេចធិបតីបន្តថា ការបញ្ចប់សង្រ្គាមនៅកម្ពុជា បានរួមចំណែកក្នុងការពង្រឹងសន្តិភាពក្នុងតំបន់ និងចូលរួមដោះស្រាយកិច្ចការអន្តរជាតិ។ នយោបាយឈ្នះឈ្នះមិនបានថយនៅកម្ពុជា នាំឲ្យមានសន្តិភាពតំបន់ ការពារសន្តិភាពនៅកម្ពុជាគឺការពារសន្តិភាពនៅក្នុងតំបន់ ។

សម្តេចបានលើកឧទាហរណ៍ថា៖ ជាក់ស្ដែងជម្លោះនៅក្នុងប្រទេសមីយ៉ាន់ម៉ាបច្ចុប្បន្ន ក៏ជះទៅដល់ឥទ្ធិពលនៅ ក្នុងតំបន់ ជនភៀសខ្លួនទៅកាន់ប្រទេសថៃ  ប្រជាពលរដ្ឋធ្វើចំណាកស្រុក ការឈ្លោះគ្នាចំណាយថវិកាជាតិច្រើនណាស់ ត្រូវចំណាយទៅលើការទិញគ្រាប់ទិញអាវុធ ដើម្បីយកមកសម្លាប់គ្នា ធ្វើឲ្យតំបន់ទាំងមូលក៏មិនរីកចម្រើនក៏ប៉ះពាល់មួយចំនួន ។ កម្ពុជាដូចគ្នា កាលពីយើងនៅមានសង្គ្រាមធ្វើឲ្យពាក់ព័ន្ធទៅដល់ប្រទេសជិតខាងដើម្បីជួយ។

នៅពេលដែលកម្ពុជាមានសន្តិភាព កម្ពុជាបានពង្រឹងខ្លួន ដើរតួនាទីចូលរួមក្នុងការថែរក្សាសន្តិភាពក្នុងតំបន់ ចូលរួមនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងតំបន់ មិនតែប៉ុណ្ណោះ យើងក៏ចូលរួមនៅក្នុងការថែរក្សាសន្តិភាពនៅប្រទេសផ្សេងទៀតនៅលើពិភពលោក បច្ចុប្បន្នយើងមានកងទ័ពរបស់យើងចេញរក្សាសន្តិភាពជាងប្រាំបីពាន់នាក់ហើយដែលចេញទៅបេសកកម្មនៅក្រៅប្រទេស ដើម្បីចូលរួមក្នុងការថែរក្សាសន្តិភាព កងទ័ពកងដោះមីនរបស់យើងបានចូលរួមបង្ហាត់បង្រៀនដើម្បីការដោះមីន ជួយមនុស្សធម៌ជួយដល់ប្រទេសដែលមានសង្គ្រាម ៕

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម