សម្ដេចនាយករដ្ឋមន្ត្រី៖ ការប្រឡងរើសមន្ត្រីថ្មី ដាច់ខាត សុក្រឹតភាព «ចេះជាប់»

ព័ត៌មានសង្គមថ្ងៃច័ន្ទុ ទី15 ខែមករា ឆ្នាំ2024 ម៉ោង 1:15 នាទី ល្ងាច

ដោយ សូរ្យសែង៖

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ចាប់ពីពេលនេះតទៅការប្រឡងរើសមន្ត្រីថ្មី គឺដាច់ខាតសុក្រឹតភាព«ចេះជាប់» ។

សម្តេចថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅធ្វើការ និងសិក្សានៅទ្វីបអឺរ៉ុបប្រមាណ ២.៥០០នាក់នៅទី ក្រុងប៉ារីសប្រទេសបារាំងនៅយប់ថ្ងៃទី ១៤ ខែមករាឆ្នាំ២០២៤  ។

សម្តេចធិបតីថ្លែងថា ទី១ «ការប្រលងជ្រើសមន្ត្រីថ្មី ដាច់ខាតត្រូវតែមានសុក្រឹតភាព «អ្នកចេះជាប់» ចាប់ផ្តើមពីការប្រឡងថ្ងៃមុនដែលយើងដាក់ ហើយការប្រឡងទៅមុខទៀត គឺធ្វើយ៉ាងណាធានាឲ្យអាយុជនយើងដែលដាក់ពាក្យប្រឡងគឺធានាថាខ្លួនមិនចាំបាច់រត់ទៅរកពីណាឲ្យជួយទេ ពឹងតែខ្លួនឯងទៅ គឺប្រឡងជាប់ហើយ នេះជាគោលការណ៍ដែលសំខាន់» ។

សម្តេចបន្តថា ទី២ គឺ«ការកំណែទម្រង់ស្ថាប័នផ្ទៃក្នុង ត្រូវពិនិត្យមើលខាងក្នុងរបស់យើង ពិនិត្យវាយតម្លៃឡើងវិញពីផ្ទៃក្នុងរបស់ស្ថាប័ន ការប្រើប្រាស់មន្ត្រីនៅក្នុងស្ថាប័នមានប៉ុន្មាន ប្រើប្រាស់ឲ្យអស់ប្រសិទ្ធភាព កន្លែងណាលើសកន្លែងណាខ្វះ ចាត់ចែងយ៉ាងណា ដើម្បីយើងបណ្ដុះបណ្ដាលកន្លែងណាសមត្ថភាពនៅមានកម្រិត ត្រូវយកមកដើម្បីបណ្ដុះបណ្ដាលឡើង វិញឱ្យចំតែម្ដងជៀសជាងរើសមន្ត្រីថ្មី» ។

សម្តេចគូសបញ្ជាក់ថា«ខ្ញុំផ្អាកការរើសមន្ត្រីថ្មីឆ្នាំនេះ ទាល់តែប្រាប់ខ្ញុំឲ្យច្បាស់ ពីព្រោះឥឡូវយើងខិតខំពង្រឹង សន្សំថវិកា ជៀសជាងរើសថ្មីមិនចាំបាច់ យកថវិកាបំប៉នមន្ត្រីរបស់យើងដែលខិតខំធ្វើការទៅវិញ នេះជាគោលការណ៍សំខាន់ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម