នឹងមានកិច្ចប្រជុំពិសេសមួយ ដាក់ចេញយុទ្ធនាការការពារសន្តិសុខនៅខេត្តព្រះសីហនុ

ព័ត៌មានសង្គមថ្ងៃពុធ ទី31 ខែមករា ឆ្នាំ2024 ម៉ោង 10:55 នាទី ព្រឹក

 

អត្ថបទ ដារ៉ារិទ្ធ៖

   «នៅពេលឆាប់ៗខាងមុខ សម្តេចនឹងដឹកនាំកិច្ចប្រជុំពិសេសមួយដើម្បីគិតគូរដាក់ចេញវិធានការជាយុទ្ធនាការដើម្បីជ្រុងសន្តិសុខនៅខេត្តព្រះសីហនុ» ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នាព្រឹកថ្ងៃទី៣១ ខែមករា  ឆ្នាំ ២០២៤ នៅខេត្តព្រះសីហនុ ។

   សម្តេចលើកឡើងថា យើងដាក់គោលនយោបាយទាក់ទាញវិនិយោគ យើងខិតខំវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ... វិនិយោគចិនច្រើនណាស់ដែលបោះទុនរាប់រយលាន រាប់ពាន់លាន កសាងអគារ គាត់ចង់បានមនុស្សមក ។ អញ្ចឹងយើងត្រូវធានាបរិស្ថានសន្តិសុខមួយដែលគេអាចមកទាំងអ្នកវិនិយោគ ទាំងអ្នកទេសចរណ៍ ។

   សម្តេចបន្តថា «កុំថាតែអ្នកក្រៅប្រទេសនោះ បើសិនជាខេត្តព្រះសីហនុអត់មានសន្តិសុខ អ្នកនៅក្រុងភ្នំពេញអ្នកនៅខេត្តផ្សេងក៏មិនមកដែរ។ ធ្វើការហត់ចង់ងាប់ ថ្ងៃសៅរ៍-អាទិត្យដឹកកូនមកលេងបែរជាភ័យខ្លាចគេបាញ់គ្នាត្រូវ...»។

   សម្តេចបានស្នើគណៈបញ្ជាការឯកភាព សមត្ថកិច្ច កងកម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ ដែលពាក់ព័ន្ធការងារនេះ ធ្វើយ៉ាងណាគ្រប់គ្រងបញ្ហាសន្តិសុខ សុវត្ថិភាពសង្គមនៅក្នុងខេត្តព្រះសីហនុ។

   សម្តេចបានរំឭកថា កាលសម្តេចទៅចិនថ្ងៃមុន ជួបជាមួយវិនិយោគិនចិន ជួបជាមួយអ្នកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ គាត់ថាគាត់ត្រូវតែដើរការពារកម្ពុជា ព្រោះអ្នកនៅទីនោះគេមើលឃើញរឿងកុនមួយនៅកម្ពុជាដែលធ្វើឲ្យមានការយល់ច្រឡំអញ្ចឹងគ្រប់គ្នាភ័យមិនចង់មកកម្ពុជាទេ។ បើចង់មក ក៏ក្រុមគ្រួសារមិនឲ្យមកដែរ។

   សម្តេចបន្តថា តើអ្នកវិនិយោគដែលដឹងរឿងពិតប្រាកដប៉ុន្មាននាក់ចេញការពារ ហើយរឿងអាក្រក់ដែលមនុស្សរាប់លាននាក់បានឃើញ ! សម្តេចបន្តថា យើងត្រូវការជិត២០ ឆ្នាំក្រោយសង្គ្រាមបានបញ្ចប់ ដើម្បីកសាងរូបភាពថាប្រទេសកម្ពុជាមានសន្តិភាព គេមកលេងអង្គរច្រើន។ ក៏ប៉ុន្តែព័ត៌មានអាក្រក់ប្រើរយៈពេលតែ ៦ខែប៉ុណ្ណោះ តាមរយៈព័ត៌មានចេញតាមទូរទស្សន៍ តាមព័ត៌មានមកគឺបំផ្លាញទាំងអស់ ។ ដូច្នេះយើងត្រូវតែខិតខំលុបបំបាត់អសន្តិសុខជាពិសេស​នៅខេត្តព្រះសីហនុតែម្ដង ដើម្បីកុំឲ្យគេចាប់កំហុសយើងយកទៅផ្សព្វផ្សាយ  កុំឱ្យគេយកហេតុផលរឿងមួយឬពីរទៅបំផុស នេះហើយជាកិច្ចការសំខាន់ដែលត្រូវធ្វើ ។ ខេត្តព្រះសីហនុទៅវែងឆ្ងាយអញ្ចឹងវាត្រូវធានានៅនិរន្តរភាពបែបនេះ។

   ចុងបញ្ចប់ សម្តេចថា យើងមានសន្តិភាពហើយត្រូវការពារឲ្យបាន នេះជាគន្លឹះធំណាស់ មិនមែនត្រឹមតែខេត្តព្រះ សីហនុទេ ដាច់ខាតការពារឲ្យបាននូវសន្តិភាពជាគោលការណ៍ធំ តែសន្តិភាពយើងមានហើយ ត្រូវការសន្តិសុខសុវត្ថិភាព អញ្ចឹង! កិច្ចការដែលសំខាន់នៅខេត្តព្រះសីហនុ ក្រៅពីការដាក់ចេញវិធានគន្លឹះសម្រាប់ជួយវិស័យសេដ្ឋកិច្ច យើងត្រូវធានាឲ្យបរិស្ថានសេដ្ឋកិច្ចនោះឲ្យលូតទៅតាមសក្តានុពលដែលអាចទៅបាន គឺធានាភាពកក់ក្តៅនិងសុវត្ថិភាពផ្ទាល់ខ្លួន នេះជាគោលការណ៍សំខាន់ណាស់សម្រាប់អនុវត្តន៍នូវការីកចម្រើនរបស់ខេត្តព្រះសីហនុ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម