សម្តេចធិបតីនាយករដ្ឋមន្ត្រីណែនាំឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ជួយដោះស្រាយទឹកធ្វើស្រូវជូនប្រជាពលរដ្ឋ

ព័ត៌មានសង្គមថ្ងៃពុធ ទី14 ខែកុម្ភៈ ឆ្នាំ2024 ម៉ោង 6:46 នាទី ល្ងាច

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានដាក់ណែនាំដល់ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រូវជួយសង្គ្រោះទិន្នផលស្រូវរបស់ប្រជាពលរដ្ឋ និងត្រូវយកចិត្តទុកដាក់លើប្រភពទឹក ។ ផ្ទៃដីដែលបានបង្កបង្កើនផលខាងលើនេះមួយចំនួន បានច្រូតកាត់ប្រមូលផលរួចរាល់ហើយ ប៉ុន្តែនៅមានផ្ទៃដីមួយចំនួនទៀត កំពុងនៅមានតម្រូវការទឹកស្រោចស្រពនៅឡើយ ។

គួរបញ្ជាក់ថា ខេត្តមួយចំនួនកំពុងដុតដៃដុតជើង ជួយស្រោចស្រពយ៉ាងសស្រាក់សស្រាំក្នុងការបូមទឹកសង្គ្រោះស្រូវរបស់បងប្អូនប្រជាពលរដ្ឋមានជាអាទិ៍៖ ខេត្តកំពត តាកែវ កណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ ប៉ៃលិន កពង់ធំ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ និងកំពង់ចាម ។

សម្តេចលើកឡើង ក្នុងពេលដែលប្រជាពលរដ្ឋកំពុងជួបបញ្ហាកង្វះខាតទឹក ហើយបានបានដាក់ចេញនូវបទបញ្ជាដល់ក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងក្រសួង-ស្ថាប័ន ក៏ដូចជាអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការជួយអន្តរាគមន៍សង្រ្គោះទិន្នផលស្រូវប្រជាពលរដ្ឋ គឺត្រូវអន្តរាគមន៍លើបញ្ហាប្រភពទឹកឱ្យបាន ។

នៅក្នុងរដូវប្រាំងឆ្នាំ២០២៣-២០២៤ នេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការបង្កបង្កើនផលស្រូវប្រាំង  ប្រមាណ ៥០ម៉ឺនហិចតា ប៉ុន្តែគិតមកដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ការបង្កបង្កើនផលស្រូវប្រាំងរបស់ ប្រជាកសិករ បានកើនឡើងលើសផែនការ រហូតដល់ជិតប្រមាណ ៨០ម៉ឺនហិចតា ។

រាជរដ្ឋាភិបាល នីតិកាលទី៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នាថ្ងៃទី២៤ សីហា ២០២៣ ដោយផ្តោតលើ “ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន” និងអាទិភាពចំនួន៥ ដោយ អាទិភាពទី៣ គឺការលើកស្ទួយកសិកម្ម និង ការអភិវឌ្ឍជនបទ ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការពង្រឹងតួនាទី និងការអភិវឌ្ឍជនបទ វិស័យកសិកម្មឱ្យទំនើប, សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង, បង្កើតតម្លៃខ្ពស់, ជំរុញភាពប្រកួតប្រជែង, និងលើកកម្ពស់គុណភាពជីវភាពនៅជនបទ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម