តើ ហ្ស៊ី និង បៃដេន និយាយទូរស័ព្ទជាមួយគ្នា លើកដំបូងអំពីអ្វី?

ព័ត៌មានអន្តរជាតិថ្ងៃសៅរ៍ ទី13 ខែកុម្ភៈ ឆ្នាំ2021 ម៉ោង 1:57 នាទី ល្ងាច

សេតវិមានបាននិយាយថា មេដឹកនាំអាមេរិក«ទទូចឱ្យការពារសន្តិសុខ ទ្រព្យសម្បត្តិ សុខភាព និងជីវិតរបស់ជនជាតិអាមេរិកជាមុនសិន និងការពារតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកសេរីនិងបើកចំហ» ។

ក្រៅពីនេះ ហ្ស៊ី ជិនពីង មេដឹកនាំចិន និង ចូ បៃដេន មេដឹកនាំសហរដ្ឋអាមេរិក បានពិភាក្សាអំពីការរាតត្បាតជំងឺកូវីដ-១៩, ការប្រែប្រួលអាកាសធាតុ និងលទ្ធភាពដែលប្រទេសទាំងពីរនឹងបន្តសហប្រតិបត្តិការដើម្បីគ្រប់គ្រងអាវុធដោយស៊ីជម្រៅ និងមានប្រសិទ្ធភាព ។

យ៉ាងណាក៏ដោយ បៃដេន ក៏បានបញ្ជាក់ជាច្រើនប្រការដែលភាគីទាំងពីរនៅមិនយល់ស្របគ្នា ដោយសេតវិមាននិយាយថា មេដឹកនាំសហរដ្ឋអាមេរិកមានកង្វល់ដល់កិច្ចការសេដ្ឋកិច្ចរបស់ចិនដែល «បង្ខំ និងគ្មានយុត្តិធម៌» ការបង្រ្កាបអ្នកតវ៉ាហុងកុង ការល្មើសសិទ្ធិមនុស្សក្នុងតំបន់ស្វ័យគ្រប់គ្រងស៊ិនជៀងអ៊ុយហ្គោរ និងការគំរាមកំហែងក្នុងភូមិភាគទ្វេឡើង រួមទាំងឥរិយាបថចំពោះតៃវ៉ាន់ ។

ចំណែកស្ថានីយទូរទស្សន៍ផ្លូវការរបស់ចិនក៏បានរាយការណ៍ថា មេដឹកនាំចិនជជែកជាមួយមេដឹកនាំសហរដ្ឋថា សម្ព័ន្ធភាពទ្វេភាគី គឺផ្លូវចេញតែមួយដែលត្រូវដោះស្រាយ និងគ្រប់គ្រងភាពខុសគ្នានៃប្រទេសទាំងពីរ ។ លោកបានអំពាវនាវឱ្យមានការវិលត្រឡប់ទៅរកការចរចាទ្វេភាគីឡើងវិញ «ជៀសវាងការយល់ច្រឡំ» ។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់ចិនក៏បានបញ្ជាក់ថា លោកប្រធានាធិបតី ហ្ស៊ី បានប្រាប់ប្រធានាធិបតី បៃដេន ថា លោកសង្ឃឹមថាសហរដ្ឋអាមេរិកនឹងចាត់វិធានការដោយ«ប្រុងប្រយ័ត្ន» ចំពោះបញ្ហាទាំងនេះ។ឲ រួមទាំងតៃវ៉ាន់ ហុងកុង និងតំបន់ស្វយ័តស៊ីនជៀងអ៊ុយហ្គោរ ដែលជាកិច្ចការផ្ទៃក្នុងរបស់ចិន និងវាគឺជា«អធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់ចិន» ។

ការសន្ទនារវាងមេដឹកនាំទាំងពីរបានកើតឡើងតែប៉ុន្មានម៉ោង បន្ទាប់ពីមេដឹកនាំអាមេរិក ទស្សនកិច្ចលើកដំបូងទៅកាន់ក្រសួងការពារជាតិអាមេរិក ក្នុងឋានៈជាមេបញ្ជាការជាន់ខ្ពស់ ដោយលោក បៃដេន បានបញ្ជូនសញ្ញាថា រដ្ឋាភិបាលឈុតនេះបានត្រៀមខ្លួនរួចជាស្រេចដើម្បីទប់ទល់នឹងការកើនឡើងនៃអំណាចរបស់ប្រទេសចិន ដោយលោកបានប្រកាសបង្កើតក្រុមដោយឡែកមួយ ដើម្បីត្រួតពិនិត្យលើបញ្ហាផ្សេងៗ តាំងពីយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក រហូតដល់ស្ថានភាពបច្ចេកវិទ្យា និងចារកម្ម ដើម្បីទប់ទល់ជាមួយប្រទេសចិន ៕

ដោយ ចាន់ធឿន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម