តុលាការជាន់ខ្ពស់ទីក្រុង Peshawar ប៉ាគីស្ថាន បានសម្រេចឲ្យខាងទូរគមនាគមន៍ប៉ាគីស្ថាន (PTA) ដកបទបញ្ជា នៃការបិទកម្មវិធី TikTok ជាលើកទីពីរ ដែលត្រូវបានគេចោទប្រកាន់ពីការផុសខ្លឹមសារ និងវីដេអូអាសអាភាស ។ តុលាការបានឲ្យមន្ត្រី PTA និង TikTok ធ្វើការជាមួយអាជ្ញាធរដោយឱ្យបម្រើការជាមជ្ឈមណ្ឌលសម្រាប់ការសម្របសម្រួលរឿងវីដេអូផុស ។
ក្នុងពេលបើកសវនាការ លោក Qaiser Rashid Khan ប្រធានតុលាការកំពូលនៃទីក្រុង Peshawar ក៏បានលើកឡើងដែរថា នៅពេលដែលសាធារណជនដឹងថា PTA នឹងចាត់វិធានការប្រឆាំងនឹងពួកគេ មនុស្សទាំងនេះលែងហ៊ានដាក់វីដេអូមិនសមរម្យទៀតដែរ ដែលត្រូវបានត្រួតពិនិត្យដោយបុគ្គលិក TikTok ។
បន្ទាប់ពីតុលាការបានដកបម្រាមនេះ TikTok បាននិយាយថា ខ្លួនរីករាយដែលបានបើកបម្រើ TikTok ដល់មហាជនតាមអ៊ិនធឺរណែតឡើងវិញ ហើយប្តេជ្ញាលើកកម្ពស់ឲ្យមានសុវត្ថិភាព និងមានប្រយោជន៍ ។
ថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២០ PTA បានចេញបម្រាមលើ TikTok app នៅប៉ាគីស្ថាន ដោយសារតែការត្អូញត្អែរឥតឈប់ឈរនៅក្នុងវិស័យផ្សេងៗក្នុងសង្គមចំពោះការលេងដែលមិនសមរម្យ ហើយបានចេញសេចក្តីជូនដំណឹងព្រមានដើម្បីបង្កើតយន្តការសម្រាប់ការសម្របសម្រួលមាតិកាឱ្យកាន់តែប្រសើរឡើង ។
សរុបសេចក្តីមក TikTok បានរួចផុតពីបម្រាមទី ២ តាមរយៈការរៀបចំឱ្យមនុស្សពិនិត្យមើលការផុសកាន់តែប្រសើរ លើសពីនេះអាជ្ញាធរត្រូវតែមានការពិន័យចំពោះការបង្ហោះខ្លឹមសារមិនសមរម្យផងដែរ ដែលត្រូវតាមដានដើម្បីដឹងថា តើ TikTok នឹងអាចដោះស្រាយបញ្ហានេះបានឬអត់ ឬវានឹងត្រូវហាមឃាត់ជាលើកទីបី ឬនឹងត្រូវបិទជាអចិន្ត្រៃយ៍ ?
ប្រភព sanook
បកប្រែដោយ ម៉ារ៉ា