លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ បន្តចុះចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនប្រជាពលរដ្ឋ 2000 គ្រួសារនៅខណ្ឌដូនពេញ

ព័ត៌មានសង្គមថ្ងៃព្រហស្បត្តិ៍ ទី22 ខែមេសា ឆ្នាំ2021 ម៉ោង 8:47 នាទី ល្ងាច

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារ ចុះសំណេះសំណាលនិងចែកអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងចែកជានិមិត្តរូប ២០០គ្រួសារ លើចំនួន ២.០០០គ្រួសារដែលរដ្ឋបាលខណ្ឌដូនពេញបានរៀបចំក្នុងថ្ងៃនេះ  ជូនដល់ប្រជាពលរដ្ឋអំឡុងពេលបិទខ្ទប់ ស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២១ ។

ក្នុងឱកាសនោះលោកជំទាវក៏បាននាំប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសម្តេចទាំងទ្វេរ ផ្ញើជូនបងប្អូនប្រកបដោយក្តីនឹករឭក និងបានសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ មានការអត់ធ្មត់ និងគោរពតាមវិធានការ  ៣ការពារ ៣កុំ និងអនុវត្តឲ្យបានតាមសេចក្តីសម្រេចស្តីពីវិធានការដែលត្រូវអនុវត្តក្នុងអំឡុងពេលបិទខ្ទប់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលកូវីដ១៩ និងកាត់ផ្តាច់នៃការឆ្លងនៃព្រឹត្តិការណ៍ ២០ កុម្ភៈ ឲ្យឆាប់បានវិលទៅរកស្ថានភាពធម្មតាវិញ ។ ទន្ទឹមនឹងនោះផងដែរលោកជំទាវក៏បានពន្យល់ និងសូមការអធ្យាស្រ័យពីប្រជាពលរដ្ឋអំពីការបង្វែរថវិកា ៣០ម៉ឺនរៀលក្នុងមួយគ្រួសារ មកជាស្បៀងវិញផងដែរ ក្រោមការគិតគូរយ៉ាងយកចិត្តទុក្ខដាក់ពីប្រមុខរាជរដ្ឋាភិបាល ។

ក្នុងថ្ងៃដដែលនេះ ក្រុមការងាររបស់លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានចុះទៅ ៤ខណ្ឌ ដើម្បីចូលរួមក្នុងសកម្មភាពចែកអំណោយជំនួយសង្គមរបស់សម្តេចតេជោឲ្យបានឆាប់ រួមមាន ៖

១-ឯកឧត្តម ណុប ចាន់ណារិន្ទ  រដ្ឋលេខាធិការ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច  ចុះទៅខណ្ឌពោធិសែនជ័យ

២- ឯកឧត្តម ហុង ឡុង នាយកខុទ្ទកាល័យ និងជាក្រុមលេខាធិការដ្ឋាន ក្រុមការងារ ថ្នាក់ជាតិ ចុះទៅខណ្ឌមានជ័យ

៣- ឯកឧត្តម តុង វណ្ណៈ  នាយករងខុទ្ទកាល័យ លោកជំទាវ ឧប និងជាក្រុមលេខាធិការដ្ឋាន ក្រុមការងារ ថ្នាក់ជាតិ ចុះទៅសង្កាត់គោករកា

៤-ឯកឧត្តម សុផាត យុត្តិធន  នាយករង ខុទ្ទកាល័យ លោកជំទាវ ឧប  និងជាក្រុមលេខាធិការដ្ឋាន ក្រុមការងារ ថ្នាក់ជាតិ ចុះទៅខណ្ឌព្រែកព្នៅ ៕

 

អត្ថបទ និង រូប ទាផូលីន


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម