ក្រោយពីមានករណីរឹបអូសឈើជន្លង់ម្រេចនៅក្នុងដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ ភូមិសាស្ត្រស្រុកពេជ្រាដា ខេត្តមណ្ឌលគិរីចំនួនចំនួន ៥កន្លែងរបស់កម្លាំងចម្រុះចុះទៅដកហូតឈើជម្លង់នៅចម្ការម្រេចរបស់ឈ្មោះ សឿន នឿន ដែលគាត់ក៏បានប្រាប់សារព័ត៌មានថា កម្លាំងចម្រុះចុះទៅដកហូតជន្លង់ម្រេចរបស់ខ្លួន ដែលរៀបចំដាំដុះម្រេច ។
ឆ្លើយតបទៅនឹងការរឹបអូសជន្លង់ម្រេចរបស់កម្លាំងចម្រុះ លោកប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានអះអាងថា ប្រតិបត្តិការមិនមែនធ្វើតែឯកចិត្តនៃមន្ទីរតែមួយប៉ុណ្ណោះទេ គឺមានអន្តរកម្លាំងជាច្រើនបានចូលរួមបង្ក្រាបផងដែរ ដូចជា មានការសម្របសម្រួលពីលោក សុង គឹមហេង ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តមណ្ឌលគិរី គណៈបញ្ជាការឯកភាពស្រុក ខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងកម្លាំងយោធានៃអនុសេនាធំលេខ១(ដេអេ) បានចុះបង្ក្រាប និងទប់ស្កាត់បទល្មើសដឹកជញ្ជូន ប្រមូលធ្វើសន្និធិ ឬប្រមូលសន្និធិផល និងអនុផលធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិដោយគ្មានការអនុញ្ញាត ប្រព្រឹត្តផ្ទុយពីក្រមបរិស្ថាននិងធនធានធម្មជាតិ នៅជំពូកទី ៣៖ «បទល្មើសពាក់ព័ន្ធនឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ» ត្រង់មាត្រា ៨៥០ «បទល្មើសធនធានធម្មជាតិថ្នាក់ទី២ក្នុងតំបន់ការពារធម្មជាតិ» ត្រង់ចំណុច.គ ចែងថា៖ «កាប់ផ្តួលរំលំ គ្រៀវចងរឹត ធ្វើឲ្យរបួស ធ្វើឲ្យខូចខាត គាស់រម្លើង រុករាន កាប់បំផ្លាញព្រៃឈើ និងរុក្ខជាតិព្រៃ ដែលស្ថិតក្នុងចំណាត់ថ្នាក់ទី ៥ និងទី៦ នៃចំណាត់ថ្នាក់ប្រភេទរុក្ខជាតិព្រៃ ដោយគ្មានការអនុញ្ញាត និងត្រង់ចំណុច.ង បានចែងថា៖ «ដឹកជញ្ជូន ប្រមូលធ្វើសន្និធិ ឬប្រមូលសន្និធិផល និងអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត» ដែលត្រូវផ្តន្ទាទោសដាក់ពន្ធធានាគាពី១ឆ្នាំ ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០០ ដល់៥០០លានរៀល។
បើតាមលោកប្រធានមន្ទីរបរិសា្ថននិយាយថា «ការរឹបអូសនេះ ដោយសារក្រុមការងារបានពិនិត្យឃើញជន្លង់ម្រេច ជាកាប់អារថ្មីៗគ្មានការអនុញ្ញាត ដឹកយកពីក្នុងតំបន់ការពារធម្មជាតិ ដោយក្នុងនោះគណៈបញ្ជាការឯកភាពស្រុកបានអញ្ជើញម្ចាស់ចម្ការមកសួរនាំ និងផ្សព្វផ្សាយឱ្យបញ្ឈប់ការប្រមូលទិញឈើយកមកធ្វើជាជន្លង់ម្រេចដោយគ្មានលិខិតអនុញ្ញាត ។
បន្ថែមពីនេះ ក្នុងប្រតិបត្តិការនេះ កម្លាំងចម្រុះក៏បានរកឃើញជន្លង់ម្រេចរាប់ម៉ឺនដើមដែលទើបកាប់និងដឹកជញ្ជូនថ្មីៗ និងទើបដាំបញ្ឈររួចផងដែរ ។
នៅពេលដែលច្បាប់ឆ្លងកាត់ដំណើរការប្រើប្រាស់ ពលរដ្ឋគ្រាប់ជាន់ថ្នាក់ត្រូវតែគោរព យើងមិនអាច មិនគួរព្រងើយកន្តើយនឹងអនុវត្តច្បាប់ឲ្យបានខ្ជាប់នោះទេ បើមិនដូច្នេះទេ យើងនឹងរស់នៅក្នុងភាពអនាធិបតេយ្យ ដែលទាញឱ្យសង្គមវិនាសអន្តរាយ ។
ជាវិធានការ លោកប្រធានមន្ទីរបានចាត់កម្លាំងរបស់លោក បន្តការស្រាវជ្រាវ ទប់ស្កាត់ និងបង្ក្រាបនូវបទល្មើសធនធានធម្មជាតិគ្រប់ប្រភេទបន្តទៀត និងអនុវត្តច្បាប់១០០% ដោយគ្មានការលើកលែង ៕