Bong SoRith
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.) បានអំពាវនាវទៅដល់ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតតាំងពីឆ្នាំ ២០១៦ សូមអញ្ជើញទៅធ្វើបច្ចុប្បន្នភាពទិន្ន័យ ជីវមាត្រ (គឺថតរូប និងផ្តិតស្នាមខ្ចៅដៃ) ឡើងវិញ ។ ការអំពាវនាវនេះ ដោយហេតុថា រយៈពេល ១០ឆ្នាំជាធម្មជាតិ មនុស្សមានការប្រែប្រួល ដូចជាមុខមាត់ជាដើម ដូច្នេះត្រូវធ្វើបច្ចុប្បន្នភាពឡើងវិញ ដើម្បីកុំឲ្យមានផលរំខាននៅពេលទៅបោះឆ្នោត ដោយសារតែរូបថត និងមនុស្សពិតមិនដូចគ្នា ។
លោក ហង្ស ពុទ្ធា មានប្រសាសន៍ថា សម្រាប់ឆ្នាំ២០២៥ នេះ គឺជាការចាប់ផ្តើមនៃការធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ ។ អ្វីដែលយើងធ្វើកន្លងមក ពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោតមកទល់នឹងឆ្នាំ ២០២៤ គឺជាការធ្វើទិន្នន័យជីវប្រវត្តិពាក់ព័ន្ធដល់ការសរសេរអក្ខរាវិរុទ្ធ ដាក់ភេទ ថ្ងៃខែឆ្នាំកំណើតខុស ជាដើម នេះយើងកាន់តែមានភាព ត្រឹមត្រូវស្ទើរតែ ១០០% ហើយ ប៉ុន្តែដោយសារ ១០ឆ្នាំកន្លងមកហើយ អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចុះឈ្មោះក្នុងឆ្នាំ ២០១៦ នេះ ១០ឆ្នាំជាធម្មជាតិ មនុស្សអាចមានការប្រែប្រួល ដូចជា ទម្រង់មុខ ប្រស្រីភ្នែក ជាដើម ។
លោក ហង្ស ពុទ្ធា បន្តថា ពាក្យថា ជីវមាត្រគឺសំដៅទៅលើសញ្ញាណគោលរបស់មនុស្សម្នាក់ៗ ដែលជាទូទៅអាចមានខុសគ្នា ដូចជា សំលេង ប្រស្រីភ្នែក ស្នាមខ្ចៅដៃ និងផ្សេងៗទៀត ប៉ុន្តែបើតាម គ.ជ.ប. បានផ្តោតដើម្បីរក្សាគុណភាពបញ្ជីបោះឆ្នោតអចិន្ត្រៃយ៍ គឺធ្វើបច្ចុប្បន្នភាពទិន្ន័យជីវមាត្រ យកតែពីរចំណុចទេ គឺយករូបថត (ទម្រង់មុខ និងស្នាមខ្ចៅដៃ) ដើម្បីកុំឲ្យមានបញ្ហាដល់ថ្ងៃបោះឆ្នោត រូបថត និងមនុស្សពិត អត់ដូចគ្នា ។ ដូច្នេះចាប់ពីឆ្នាំ ២០២៥ ទៅ គឺជារៀងរាល់ឆ្នាំបូកថែមនូវកិច្ចការមួយនេះ ។
ឆ្លើយនឹងសំណួរដែលសួរថា ៖ តើនឹងមានហានីភ័យយ៉ាងណា ប្រសិនណាប្រជាពលរដ្ឋពុំបានទៅធ្វើបច្ចុប្បន្នភាពនូវជីវមាត្រ?
លោក ហង្ស ពុទ្ធា បានបកស្រាយថា «ជាទូទៅ ប្រសិនជាមិនបានទៅ ក៏មិនមានបញ្ហាអីដែរ គ្រាន់តែអ្វីខ្លះដែលរំខានពេលវេលាសម្រាប់ថ្ងៃបោះឆ្នោត នៅពេលដែលមុខមាត់មិនដូចគ្នា រូបថតដែលបានលើកឡើងខាងលើ តែ គ.ជ.ប. នៅតែលើកទឹកចិត្តថា បើសិនជាឆ្នាំនេះអត់បានអញ្ជើញទៅទេ សុំឆ្នាំក្រោយៗទៀតអញ្ជើញទៅធ្វើទិន្ន័យជីវមាត្រចុះ» ។
សំណួរមួយទៀតថា ៖ ពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពទិនន្ន័យជីវមាត្រ តើទាមទារឲ្យមានឯកសារភ្ជាប់មកជាមួយអ្វីខ្លះទៅ?
អ្នកនាំពាក្យរូបនេះ មានប្រសាសន៍ថា អ្នកមានឈ្មោះក្នុងបញ្ជីត្រូវយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជាឯកសារគោលទៅជាមួយ សម្រាប់ផ្ទៀងផ្ទាត់នូវទិន្ន័យរបស់អ្នកបោះឆ្នោត ។
លោកបានបញ្ជាក់ថា នេះជាចំណុចថ្មីមួយ ប៉ុន្តែដំណើរការទាំងឡាយ ដូចឆ្នាំទូទៅដែរ គឺការពិនិត្យបញ្ជី និងការចុះឈ្មោះបោះឆ្នោតនៅតែបន្ត ដូច្នេះអញ្ជើញប្រជាពលរដ្ឋដែលមានអាយុពី ១៧ ទៅ ១៨ឆ្នាំ អញ្ជើទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ។ លោកបន្ថែមថា បើនិយាយពីការចុះឈ្មោះបោះឆ្នោត វាមានលក្ខខណ្ឌមួយចំនួនទៀតដែរ ប៉ុន្តែសំខាន់គឺ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ហើ់យបើសិនជាមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមិនមានសុពលភាពទេ អ្មកត្រូវចុះឈ្មោះ ត្រូវទៅស្នើសុំចុះឈ្មោះដោយភ្ជាប់នូវឯកសារមួយទៀត គឺ«ឯកសារបញ្ជាក់អត្តសញ្ញាណបម្រើឲ្យការចុះឈ្មោះឆ្នាំ ២០២៥ ឯកសារនេះគឺបងប្អូនត្រូវទៅជួបនៅរដ្ឋបាលឃុំ-សង្កាត់សិន ដើម្បីស្នើសុំ ដោយត្រូវយកទៅជាមួយនូវ សំបុត្រកំណើត សាក្សី ២រូបដែលមានសិទ្ធិបោះឆ្នោត និងរូបថត 3x4 ចំនួន ២ សន្លឹក បានទទួលឯកសារបញ្ជាក់អត្តសញ្ញាណនេះហើយ គឺអាចយកទៅស្នើសុំចុះឈ្មោះបោះឆ្នោត ដូចអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរដែរ ៕
ប្រសាសន៍របស់លោក ហង្ស ពុទ្ធា នេះ ស្រង់ពីកិច្ចសម្ភាសន៍ជាមួយវិទ្យុ វាយោ