កិត្តិនីតិកោសលបណ្ឌិត ឯកឧត្តម ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ដែលក្នុងនាមជាអ្នកស្នេហាកីឡាវាយសី បានមានប្រសាសន៍ក្នុងពិធីបើកនិងបិទការប្រកួតវាយសីមិត្តភាព នៅថ្ងៃអាទិត្យ ទី ១០ ឧសភា ២០២៥ ថា «ការប្រកួតនេះគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ គឺនរណាក៏ឈ្នះដែរ» ។
ឯកឧត្តម ទេសរដ្ឋមន្ត្រី មានប្រសាសន៍ទៀតថា «ឆ្លងកាត់ការប្រកួតវាយសីមិត្តភាពរវាងស្ថាប័នទាំងពីរ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ពិតជាមានសារសំខាន់ណាស់ ដែលបានទទួលផ្លែផ្កានូវចំណងមិត្តភាពរវាងគ្នានឹងគ្នា វាមិនមែនកើតឡើងដោយឯកឯងនោះទេ គឺជាការបណ្តុះគំនិតស្ម័គ្រចិត្តស្រុះគ្នា ដើម្បីផ្គូផ្គងកីឡាករ-កីឡាការិនី ធ្វើការប្រកួតវាយសីនេះ» ។ ឯកឧត្តម ទេសរដ្ឋមន្ត្រី បន្តថា ការប្រកួតវាយសីនេះ នឹងបង្កើតជាប្រពៃណីសាមគ្គីម៉ឺនឆ្នាំរវាង ACU និងគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ។
ទាំងប្រសាសន៍ ឯកឧត្តម ទេសរដ្ឋមន្ត្រី ទាំងឯកឧត្តម សាំង វណ្ណៈ សុទ្ធតែអះអាងថា ឆ្នាំក្រោយៗនឹងមានការប្រកួតទៀត ហើយនឹងបន្តហ្វឹកហាត់កីឡាកររៀងៗខ្លួន ។
សូមបញ្ជាក់ថា ការប្រកួតវាយសីមិត្តភាពរវាងស្ថាប័នទាំងពីរ ២ លើកស្ថិតក្នុងអាណត្តិរបស់ ឯកឧត្តម លី ច័ន្ទតុលា ដែលកាលណោះឯកឧត្តម ជាប្រធានគណៈមេធាវី គឺលើកទី១ នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៣ មាន ១៤គូ និងលើកទី២ នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០២៤ មាន ១៤គូ ។ ចំណែកលើកទីបីនេះ (១០ ឧសភា ២០២៥) គឺជាអាណត្តិឯកឧត្តម សាំង វណ្ណៈ ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា មាន ១៩ គូ ក្នុងនេះក៏មានគូពិសេស ឯកឧត្តម ទេសរដ្ឋមន្ត្រី និងឯកឧត្តម ទូច ស៊ុនណារី អនុប្រធាន ACU ចូលរួមប្រកួតផងដែរ ហើយបន្ថែមពីះះសដសនេះ ក្នុងចំណោម ១៩ គូ មានគូកីឡាការិនីលាយបុរសតែ ១គូប៉ុណ្ណោះ ។
ការប្រកួតបានបញ្ចប់ក្នុងបរិយាកាសសំលេងហ៊ោរកងរំពង សប្បាយរីករាយ និងស្និទ្ធស្នាលរវាងកីឡាករ-កីឡាការិនីទាំងពីរស្ថាប័ន ៕