ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបលោក Ling Jinming ប្រធានក្រុមហ៊ុន Beijing High-Energy Dianchen Engineering Co.,Ltd. និងផ្តួចផ្តើមឱ្យមានការរៀបចំយុទ្ធសាស្រ្តរយៈពេលវែងក្នុងការវិនិយោគលើវិស័យបរិស្ថានដោយផ្តោតលើការគ្រប់គ្រងសំណល់រឹង និងការទាញយកថាមពលចេញពីសំណល់ទាំងនោះ។ គំនិតផ្តួចផ្តើមដ៏មានសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយប្រកបដោយការចូលរួមរវាងដៃគូអភិវឌ្ឍន៍ និងវិស័យឯកជននេះ បានធ្វើឡើង នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន។
ស្របគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន ក៏បានណែនាំទៅក្រុមហ៊ុន ឱ្យគិតគូរយុទ្ធសាស្រ្តក្នុងការវិនិយោគរយៈពេលវែងលើការគ្រប់គ្រងសំណល់រឹង ដោយក្រុមហ៊ុនអាចជ្រើសរើសខេត្ត៣ ហើយយកមួយជាចំណុចកណ្តាល សម្រាប់ស្តុកសំណល់ទាំងនោះយកទៅកែច្នៃឱ្យក្លាយជាថាមពលសម្រាប់ប្រើប្រាស់បាន។ យុទ្ធសាស្រ្តរយៈពេលវែងនេះ នឹងជួយវិភាគ និងវាយតម្លៃលើផលចំណេញ-ខាតនៃដំណើរការរបស់ក្រុមហ៊ុន ហើយអាចបង្ការហានីភ័យខាតបង់ ដើម្បីទទួលបានជ័យជម្នះជាមួយគ្នា គឺខាងភាគីក្រុមហ៊ុនក៏ទទួលបានផលចំណេញ ហើយសុខភាពបរិស្ថានកម្ពុជាក៏ល្អប្រសើរឡើង និងការពារផលប៉ះពាល់សុខភាពសាធារណៈជនពីការដុតសំរាមមិនត្រឹមត្រូវបានលក្ខណៈបច្ចេកទេសជាដើម។
សូមជម្រាបជូនថា កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងក្រសួងបរិស្ថាននិងក្រុមហ៊ុន Beijing High-Energy Dianchen Engineering Co.,Ltd. នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះប្រជាពលរដ្ឋកម្ពុជា អ្នកវិនិយោគ និងសុខភាពបរិស្ថាន ដោយបានកាត់បន្ថយចំនួនសំណល់ និងសំរាម ដែលបានបង្ករគ្រោះថ្នាក់ដល់សុខភាព និងជួយឱ្យកម្ពុជាកាន់តែមានសោភ័ណស្អាត អនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន គឺភាពស្អាត ភាពបៃតង និងចរីភាពស្របតាមចក្ខុវិស័យ «កម្ពុជាស្អាត កម្ពុជាមានភាពបៃតង ប្រកបដោយចីរភាព» ឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕