តាំងពីយប់កណ្តាលអធ្រាត្រឆ្លងចូលថ្ងៃទី ១៩ មិថុនា នៅលើបណ្តាញសង្គម មានព័ត៌មានជាច្រើននិយាយថា លោកស្រី ផែថងថាន បានចុះហត្ថលេខាលាចេញពីតំណែងហើយ ក្រោយពីបែកសារសំឡេងសន្ទនាជាមួយសម្តេចតេជោ ។ តែរហូតមកទល់នឹងម៉ោង ៩.៣០ នាទីព្រកឹ នៅមិនទាន់មានប្រភពព័ត៌មានផ្លូវការណាមួយ សូម្បីសារព័ត៌មានក្នុងស្រុកប្រទេសថៃ ក៏មិនមានព័ត៌មានអំពីលោកស្រី ផែថងថាន ឬ អ៊ុងអ៊ីង ចុះហត្ថលេខាលាលែងពីតំណែងដែរ ប៉ុន្តែមានប្រតិកម្មភាគច្រើនដូចព្យុះពីគណបក្សប្រឆាំង និងគណបក្សផ្សេងៗ ដែលមាននិន្នាការដាក់សម្ពាធឲ្យ អ៊ុងអ៊ីង រំលាយសភា និងលាចេញពីតំណែង ។
ប្រតិកម្មពីគណបក្សចម្រុះរដ្ឋាភិបាល និងបក្សប្រឆាំង ក្រោយពីវាំងនននៃការសន្ទនាតាមទូរស័ព្ទត្រូវបាន បើក។ «គណបក្សភូមិចៃថៃ» បានផ្តើមមុនគេ ដកខ្លួនចេញពីរដ្ឋាភិបាល ហើយអំពាវនាវឲ្យនាយករដ្ឋមន្ត្រីទទួលខុសត្រូវចំពោះទង្វើឲ្យប្រទេសថៃបាត់បង់កិត្តិយស សេចក្តីថ្លៃថ្នូរ ប្រជាជន និងយោធា ស្របពេលគណបក្ស «ផាឡាំងប្រាឆាឆាត» អំពាវនាវឲ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែង ហើយគណបក្សផ្សេងៗ ឲ្យនាយករដ្ឋមន្ត្រីរំលាយសភា។
ចំណែកគណបក្ស«រួមថៃសាងឆាត» បានបង្ហោះនៅលើ Facebook បញ្ជាក់ពីជំហររបស់ខ្លួនក្នុងការរក្សា និងការពារអធិបតេយ្យភាព កិត្តិយស និងផលប្រយោជន៍របស់ប្រទេសជាតិ និងប្រជាជនលើសអ្វីៗទាំងអស់។
គណបក្ស«ភឿថៃ» ជាបក្សកាន់អំណាច បានបង្ហោះសារថា គណបក្សភឿថៃបានបញ្ជាក់ពីបេសកកម្មរបស់ខ្លួនដើម្បីការពារអធិបតេយ្យភាព និងផលប្រយោជន៍របស់ប្រជាជនថៃ ដោយគាំទ្រដល់វិធីសាស្រ្តរបស់រដ្ឋាភិបាល វិស័យសន្តិសុខ យោធា និងក្រសួងការបរទេស ដោយប្រកាន់ខ្ជាប់នូវគោលការណ៍សន្តិភាពក្នុងការដោះស្រាយបញ្ហា។ ក្នុងស្ថានភាពបែបនេះ គ្មានកម្លាំងណាធំជាងការរួបរួមរបស់ប្រជាជនថៃសម្រាប់ប្រទេសថៃឡើយ។
គណបក្សប្រជាធិបតេយ្យ បានអញ្ជើញគណៈកម្មាធិការប្រតិបត្តិគណបក្សមកប្រជុំពិភាក្សាអំពីស្ថានការណ៍នយោបាយនៅទីស្នាក់ការវេលាម៉ោង ៥ល្ងាច។
គណបក្ស«ផាឡាំងប្រាឆារ៉ាត់» បានចេញសេចក្តីថ្លែងការណ៍សម្តែងការព្រួយបារម្ភចំពោះស្ថានការណ៍ និងការអនុវត្តគោលនយោបាយសន្តិសុខក្នុងស្រុក ក្រោមការដឹកនាំរបស់លោកស្រីនាយករដ្ឋមន្ត្រី ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពទន់ខ្សោយ កង្វះបទពិសោធន៍ និងជំនាញចរចាក្នុងការដោះស្រាយជម្លោះរវាងប្រទេសថៃ និងកម្ពុជា ដែលប៉ះពាល់ដល់ទំនុកចិត្តរបស់ប្រជាជនក្នុងការគ្រប់គ្រងប្រទេស។ ពួកគេក៏បានយល់ស្របថា នាយករដ្ឋមន្ត្រីគួរតែប្រកាសលាលែងពីតំណែងដើម្បីបង្ហាញការទទួលខុសត្រូវចំពោះភាពទន់ខ្សោយនេះ។ គណបក្ស«ថៃសាងថៃ» ក៏បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីបង្ហាញទំនួលខុសត្រូវដោយការលាលែងពីតំណែង ។
រីឯគណបក្ស«ថៃបង្កើតថៃ» ក៏បានអំពាវនាវឱ្យនាយករដ្ឋមន្ត្រីបង្ហាញទំនួលខុសត្រូវដោយការលាលែងពីតំណែង រួមទាំងការអំពាវនាវឱ្យគណបក្សចម្រុះ បង្ខំឱ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែងផងដែរ។
ថ្មីៗនេះ លោក ណាតាពង្ស រឿងបញ្ញាវុធ មេដឹកនាំគណបក្ស«ប្រជាជន»ថៃ បានធ្វើសេចក្តីថ្លែងការណ៍ទាមទារទៅកាន់នាយករដ្ឋមន្ត្រី ដោយបង្ហាញពីការទទួលខុសត្រូវនយោបាយ រំលាយសភា និងប្រគល់អំណាចជូនប្រជាពលរដ្ឋវិញ ។
គណៈកម្មការយោធាព្រឹទ្ធសភា បានចេញមុខអះអាងថា មិនអនុញ្ញាតឲ្យអ្នកណាបំផ្លាញកិត្តិយសប្រទេស ។ ពួកគេកំពុងរៀបចំដាក់សំណើដកលោកស្រី ផែងថងថាន ចេញពីតំណែងនាយករដ្ឋមន្ត្រីនៅថ្ងៃនេះ (១៩ មិថុនា) ៕