វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ខណ្ឌទួលគោក ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ឯកឧត្តម ទេសរដ្ឋមន្ត្រី​ ឱម យ៉ិនទៀង

ព័ត៌មានសង្គមថ្ងៃសុក្រ ទី20 ខែមិថុនា ឆ្នាំ2025 ម៉ោង 7:06 នាទី ល្ងាច

 

ក្រុមប្រឹក្សាខណ្ឌទួលគោក បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ សម្រាប់អាណត្តិទី៤ ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ថ្លៃថ្លាខ្ពង់ខ្ពស់របស់ កិក្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌទួលគោក ។ អញ្ជើញចូលរួមផងដែរ មានឯកឧត្តម ជួប ខុន សមាជិកក្រុមប្រឹក្សារាជធានី និងជាអនុប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌទួលគោក ឯកឧត្តម ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក លោក ម៉ែន សេរី ប្រធានក្រុមប្រឹក្សាខណ្ឌ រួមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីក្រុមការងារ និង ពលរដ្ឋមកពីសង្កាត់ទាំង១០ នៅអគារសហប្រតិបត្តិការកូរ៉េ-កម្ពុជា នាព្រឹកថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៥ ។

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ បង្កើតឡើងដើម្បីអាជ្ញាធរមូលដ្ឋាន និងក្រុមការងារ ត្រងយកសំណូមពរ សំណើ មតិយោបល់របស់ប្រជាពលរដ្ឋ រួមទាំងបញ្ហាប្រឈមផ្សេងៗ ដើម្បីគណៈអភិបាលខណ្ឌ រួមគ្នាដោះស្រាយ ក្នុងការបម្រើជីវភាពប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ភូមិ សង្កាត់ ឲ្យកាន់តែមានប្រសិទ្ធភាព ។ វេទិកាដ៏មានតម្លៃនេះ ក៏បានបង្ហាញពីសមិទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខណ្ឌទួលគោកទទួលបាននាឆ្នាំកន្លងមក ពិសេសនៅឆមាសទី១ ឆ្នាំ ២០២៥ នេះផងដែរ ។

តាមរយៈលោក ម៉ែន សេរី ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក បានឲ្យដឹងថា ខណ្ឌទទួលបានទទួលសេវាសាធារណៈពីប្រជាពលរដ្ឋចំនួន ៣.៩៤៥ សេវា ហើយក្នុងឧសភាកន្លងទៅនេះ ខណ្ឌទទួលបានច្រើនជាងគេ គឺសេវាអត្រានុកូលដ្ឋាន មានចំនួន ៨.២៦១ ច្បាប់ ។ សម្រាប់ការដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ គ្រាន់តែក្នុងខែឧសភា សង្កាត់ និងភូមិ រួមទាំងក្រុមការងារ បានដោះស្រាយរួចរាល់បាន ២.៤៨៤ សំណុំរឿង នៅសល់ ១១៦ ករណី កំពុងដោះស្រាយ និងបន្តប្រឹងដោះស្រាយ ដោយសារករណីខ្លះស្មុគស្មាញ ។ លោក ម៉ែន សេរី លើកឡើងដោយមោទនៈថា បញ្ហាប្រឈមផ្នែកសេវាសាធា​រណៈ សុខាភិបាល សន្តិសុខសង្គម សណ្តាប់ធ្នាប់ និងហេដ្ឋារចនាសម្ព័ន្ធ មានការថយចុះ ព្រោះជាកិច្ចការចាំបាច់ដែលខណ្ឌដោះស្រាយជូនពលរដ្ឋបានភ្លាមៗ ។

មានឈ្មោះជាវេទិកាពិគ្រោះយោបល់ ប្រជាពលរដ្ឋ មេភូមិ ចៅសង្កាត់ បានបញ្ចេញយោបល់យ៉ាងផុលផុស ត្រង់ទៅ ត្រង់មក រួមទាំងស្នើឲ្យជួយដោះស្រាយនូវបញ្ហាប្រឈមផ្សេងៗផងដែរ ក្នុងនោះបើប្រជាពលរដ្ឋមានចម្ងល់ ឬបញ្ហា ក៏អាចសរសេរលើក្រដាសដាក់ចូលក្នុងហឹបបានផងដែរ ។

រាល់សំណើ និងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ ចៅសង្កាត់លើកឡើង ត្រូវបានឯកឧត្តម ជា ពិសី អភិបាលខណ្ឌទួលគោក មានវិធានការ និងដំណោះស្រាយ ជូនវេទិកាពិគ្រោះយោបល់ភ្លាមៗ ។

កិត្តិនីតិកោសលបណ្ឌិត ទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានចង្អុលទិសឲ្យបង្កើតវេទិកានេះឡើង ដើម្បីរួមគ្នាពិគ្រោះយោបល់ និងធ្វើជូនប្រជាពលរដ្ឋរាល់បញ្ហាប្រឈមទាំងឡាយ ។ វេទិកានេះ ជាវេទិកាប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិស្មើៗគ្នាក្នុងការបញ្ចេញមតិយោបល់ ។ ឯកឧត្តម ទេសរដ្ឋមន្ត្រីថា សំលេងប្រជាពលរដ្ឋបានបន្លឺឡើងនៅក្នុងវេទិកាថ្ងៃនេះសំខាន់ណាស់ ព្រោះជាសិទ្ធិរបស់ម្ចាស់សន្លឹកឆ្នោត ដើម្បីពួកគាត់លើកបញ្ហាលំបាកមកឲ្យយើងជួយដោះស្រាយ មិនអាចមើលរំលងអំពីជីវភាពរបស់ពួកគាត់បានឡើយ ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខណ្ឌទួលគោក បានណែនាំថា អ្វីដែលយើងជួបបញ្ហា យើងត្រូវដាក់ផែនការធ្វើជាមួយគ្នា (ខណ្ឌ-ក្រុមការងារ) ធ្វើហើយ ធ្វើទៀត ធ្វើមិនចេះចប់ ។

ចុងបញ្ចប់ ឯកឧត្តម ទេសរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះវេទិកាដ៏មានសារសំខាន់នេះ ។ ឯកឧត្តមថា វេទិកានេះ «ជាពេលវេលាមួយថ្លៃណាស់ ដែលថ្នាក់ខណ្ឌ សង្កាត់ និងប្រជាជនម្ចាស់សន្លឹកឆ្នោត រួមទាំងក្រុមការងារយល់ដឹងគ្នា ដឹងពីទុក្ខកង្វល់របស់ពលរដ្ឋក្នុងមូលដ្ឋាន ហើយយកមកជជែក ពិគ្រោះយោបល់រួមគ្នា រកចំណុចល្អ ឲ្យទទួលបានលទ្ធផលល្អជូនពលរដ្ឋរបស់យើង ៕

  


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម