ប្រធានសភាពាណិជ្ជកម្មថៃ ព្រួយបារម្ភអំពីវិបត្តិចំនួន ៣ ដែលកំពុងសង្កត់ប្រទេសថៃ៖ ១. ពន្ធ ត្រាំ ២. ជម្លោះអ៊ីរ៉ង់-អ៊ីស្រាអែល ដែលប៉ះពាល់ដល់ប្រេង និង ៣. បញ្ហាព្រំដែនថៃ-កម្ពុជា។
ក្រុមពាណិជ្ជករថៃបានជំរុញឲ្យរដ្ឋាភិបាលបង្កើតភាពច្បាស់លាស់ ដើម្បីឈានទៅដោះស្រាយបញ្ហាសេដ្ឋកិច្ច។ នយោបាយក្នុងស្រុកកំពុងប៉ះពាល់ដល់ទំនុកចិត្តរបស់អ្នកវិនិយោគ ជំរុញឱ្យមានការដោះស្រាយតាមប្រព័ន្ធប្រជាធិបតេយ្យ មិនត្រូវមាន«រដ្ឋប្រហារ»នោះទេ។ វិស័យហិរញ្ញវត្ថុនៅតែកាន់ក្បាលរបស់ខ្លួនដោយចង្អុលបង្ហាញថា ភាគហ៊ុនជាច្រើនត្រូវបានបោះចោលនាពេលកន្លងមក ហើយភាពមិនច្បាស់លាស់ខាងនយោបាយបានធ្វើឱ្យកាន់តែអាក្រក់ទៅៗ។
អ្នកធុរកិច្ចក្នុងប្រទេសថៃថា ថៃស្ថិតក្នុងស្ថានភាពហានិភ័យខ្ពស់ ចំពោះកត្តាខាងក្រៅ ដូចជាការចរចាពន្ធគយរបស់អាមេរិក ជម្លោះភូមិសាស្ត្រនយោបាយ ជម្លោះជាមួយកម្ពុជា និងកត្តាផ្ទៃក្នុងរបស់ថៃ ។ ឥឡូវនេះ វាពិបាកវាយតម្លៃ ទាំងរូបភាពរដ្ឋាភិបាលនៅបន្ត ឬត្រូវរំលាយសភាឬអត់? ប៉ុន្តែសភាវៈបច្ចុប្បន្នពិតជាមានហានីភ័យខ្ពស់ណាស់ បើសភាត្រូវរំលាយនោះ ការអនុម័តថវិកាមិនអាចប្រើបានដើម្បីជំរុញសេដ្ឋកិច្ចក្រៅផែនការពីថវិកាធម្មតាបាន ព្រោះវាផ្ទុយនឹងរដ្ឋធម្មនុញ្ញ»។
បច្ចុប្បន្ននេះប្រទេសថៃមានគម្រោងធំៗជាច្រើនកំពុងរង់ចាំរដ្ឋាភិបាលដើម្បីដំណើរការទៅតាមផែនការរបស់ខ្លួន ជាពិសេសបញ្ហាធំៗ ដូចជាការចរចាពន្ធអាមេរិក, ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នៅក្នុងប្រទេសផ្សេងៗដែលកំពុងរង់ចាំប្រទេសថៃបន្តរហូតដល់បញ្ចប់ និងជម្លោះរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ដែលនៅមិនទាន់ចប់នៅឡើយ ហើយគេមិនដឹងថានឹងបញ្ចប់ឬអត់នោះទេ។
វិស័យទេសចរណ៍នៅតែប្រឈមមុខពីការបាត់បង់ភ្ញៀវទេសចរចិន រួមដល់ទីផ្សារផ្សេងទៀតក៏ធ្លាក់ចុះផងដែរ វិស័យនាំចេញក៏រងផលប៉ះពាល់ ខណៈដែលទីផ្សារមូលធនថៃមិនមានភាពប្រសើរឡើយ ។ រឿងព្រំដែនរវាងប្រទេសថៃ និងកម្ពុជា ដែលប៉ះពាល់ដល់ប្រាក់ចំណូលនាំចេញ និងផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។ ស្ថានការណ៍នៃភាពមិនច្បាស់លាស់ខាងនយោបាយ ក៏បានជះឥទ្ធិពលដល់ទីផ្សារភាគហ៊ុនថៃផងដែរ ជាមួយនឹងតម្លៃជួញដូរ 46 ពាន់លានបាត។
អ្នកធុរកិច្ចថៃលើកឡើងទៀតថា ប្រសិនបើឲ្យនាយករដ្ឋមន្ត្រីលាលែងពីតំណែង គណៈរដ្ឋមន្ត្រីទាំងមូលនឹងត្រូវរំលាយ ដែលបង្កបញ្ហារអាក់រអួលក្នុងការគ្រប់គ្រងប្រទេស ទាំងខាងក្រៅ និងខាងក្នុង ព្រោះការបង្កើតគណៈរដ្ឋមន្ត្រីថ្មី អាចចំណាយពេលច្រើនខែ។ មួយទៀត ប្រសិនបើរដ្ឋាភិបាលថៃជ្រើសរើសការរំលាយសភា យ៉ាងហោចណាស់ក៏នឹងមាននាយករដ្ឋមន្ត្រីស្តីទី និងគណៈរដ្ឋមន្ត្រី ដែលអាចឱ្យរដ្ឋាភិបាលចាំផ្ទះបន្តជំរុញសេដ្ឋកិច្ចជាបន្តបន្ទាប់ក្នុងរយៈពេល 2-3 ខែខាងមុខទៀតដែរ ។
បញ្ហាព្រំដែនរវាងប្រទេសថៃ និងកម្ពុជា ប្រទេសថៃប្រឈមនឹងហានិភ័យមួយធំណាស់ នៅពេលយោធាបិទព្រំដែនទាំងអស់មកទល់នឹងថ្ងៃទី ២៤ ខែមិថុនានេះ នាំឲ្យកម្ពុជាឆ្លើយតបមិនឲ្យដឹកទំនិញ នាំប្រេង ហ្គាស ឆ្លងកាត់ នោះថៃបាត់ចំណូលខ្លាំងមែនទេ។ គណៈកម្មការឯកជនរួម ៣ ស្ថាប័ន ពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារ (JSCCIB) បានលើកឡើងថា រឿងខ្សែអាត់សំឡេង ក៏បានប៉ះពាល់ដល់ទំនុកចិត្តផ្ទៃក្នុង និងជាហានិភ័យដល់សេដ្ឋកិច្ចថៃផងដែរ ។
លោក អ៊ីសារេត រតនាឌីឡុក ភូកេត អនុប្រធានសហព័ន្ធឧស្សាហកម្មថៃ (FTI) បានផ្តល់យោបល់ផ្ទាល់ខ្លួនថា ជម្លោះនៅព្រំដែនកម្ពុជា-ថៃ ពេលនេះបានកើនលើសពីការរំពឹងទុក វាបានក្លាយជាបញ្ហានយោបាយផ្ទៃក្នុង ដែលប៉ះពាល់ដល់តំណែងដឹកនាំ ក៏ដូចជាស្ថិរភាពនយោបាយរបស់ប្រទេសថៃ។ ស្ថិរភាពនយោបាយជាកត្តាសំខាន់ក្នុងការកសាងទំនុកចិត្តសេដ្ឋកិច្ចសម្រាប់អ្នកវិនិយោគ ។ លោកថា ប្រសិនបើគណបក្សភឿថៃនៅតែអាចគ្រប់គ្រងស្ថានការណ៍បាន ខ្ញុំគិតថា ទំនុកចិត្តនឹងត្រលប់មកវិញជាយថាហេតុ។
ឥឡូវនេះ «អ្វីដែលវិស័យឯកជនថៃចង់ឃើញ គឺប្រសិនបើមានការផ្លាស់ប្តូរនយោបាយ គួរតែធ្វើតាមប្រព័ន្ធ មិនមែនអំណាចក្រៅប្រព័ន្ធ ដូចជា«រដ្ឋប្រហារ»នោះឡើយ ។ ក្រោមច្បាប់មាន ៣ ជម្រើស៖ ១.លោកស្រី ផែថងថាន នៅជានាយករដ្ឋមន្រ្តីបន្ត និងកែសម្រួលគណៈរដ្ឋមន្ត្រី ២.នាយករដ្ឋមន្រ្តីលាលែងពីតំណែង ហើយឲ្យរដ្ឋសភា រើសនាយករដ្ឋមន្ត្រីថ្មី និងគណៈរដ្ឋមន្ត្រីថ្មី ៣. រំលាយសភា ដើម្បីឲ្យប្រជាជនជ្រើសរើសតំណាងរបស់ខ្លួនម្តងទៀត ហើយត្រឡប់មកបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីឡើងវិញ»។
អាជីវករនៅថៃ លក់បន្លែមិនដាច់
ពាណិជ្ជករថៃលើកឡើងទៀតថា ចំណុចខ្សោយរបស់រដ្ឋាភិបាលថៃ គឺមានគណបក្សនយោបាយចម្រុះច្រើនពេក និងបញ្ហាខ្មៅមួយទៀត គឺអំពើពុករលួយ ប្រសិនបើបញ្ហានេះមិនត្រូវបានលុបបំបាត់ធ្ងន់ធ្ងរទេ ប្រជាជននឹងមិនមានទំនុកចិត្ត និងមិនមានការវិនិយោគទេ ។
ចំពោះការចរចារពន្ធជាមួយអាមេរិក អ្នកសេដ្ឋវិទូថៃនិយាយថា បើរដ្ឋាភិបាលក្លាយជារដ្ឋាភិបាលចាំផ្ទះ គេមិនអាចស្រមៃថាត្រូវចរចាជាមួយលោក ត្រាំ យ៉ាងដូចម្តេចទេ អាចមិនបានទទួលលទ្ធផលជាក់ស្តែង។
លោក ភិផាត់ លឿងណាណាមិតឆៃ ប្រធានសេដ្ឋវិទូនៃក្រុមហ៊ុន Kiatnakin Phatra Financial Group និយាយថា «នយោបាយថៃជាប្រធានបទពិបាកយល់ ដោយសារមិនមានភាពច្បាស់លាស់»។ តើរំលាយសភាឬ? តើថវិកាឆ្នាំ 2026 នឹងអនុម័តឬអត់ គឺអាស្រ័យលើនយោបាយទាំងស្រុង ។ បើថវិកាមិនហុចឲ្យទេ សេដ្ឋកិច្ចថៃក្នុងត្រីមាសចុងក្រោយនៃឆ្នាំនេះនឹងធ្លាក់ចុះជាក់ជាមិនខាន ហើយបញ្ហានយោបាយដ៏ផុយស្រួយក្នុងប្រទេស ដែលធ្វើឱ្យអ្នកវិនិយោគថៃ និងបរទេសបាត់បង់ទំនុកចិត្ត ៕
បន្លែនៅថៃ មានតែអ្នកលក់ គ្មានអ្នកទិញ