សម្តេចតេជោ ប្រកាសថា ព្រឹទ្ធសភានឹងធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ដោយកំណត់យកខេត្តធ្វើជាមណ្ឌលបោះឆ្នោត មិនយកភូមិភាគនោះទេ! ជំរុញឲ្យសមាជិកព្រឹទ្ធសភា មានការទទួលខុសត្រូវនៅមូលដ្ឋាន។

ព័ត៌មានសង្គមថ្ងៃសុក្រ ទី27 ខែមិថុនា ឆ្នាំ2025 ម៉ោង 7:36 នាទី ល្ងាច

 

សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃទី ២៧ ខែមិថុនា នៅខេត្តព្រះវិហារថា ព្រឹទ្ធសភានឹងធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ដោយកំណត់យកខេត្តធ្វើជាមណ្ឌលបោះឆ្នោត មិនយក​ភូមិភាគនោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា ចំពោះការធ្វើវិសោធនកម្មបែបនេះ ដើម្បីជំរុញដល់សមាជិកព្រឹទ្ធសភា មានការទទួលខុសត្រូវនៅមូលដ្ឋាន។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្ដថា «នៅទីនេះគឺភូមិភាគទី៨ ដោយមានខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តរតនគីរី និងខេត្តមណ្ឌលគីរី ដោយមានសរុបទាំងអស់ចំនួន ៦ខេត្ត។ បច្ចុប្បន្ននេះគឺមា​នការលំបាកណាស់ ក្នុងការធ្វើគណនីភាព ជាមួយនឹងអង្គបោះឆ្នោត ខ្ញុំបានដាក់ចេញគោលដៅតែពីរប៉ុណ្ណោះ ក្នុងនីតិកាលទី៥ នៃព្រឹទ្ធសភានេះ ក្នុងនោះរួមមាន៖ ១. ធ្វើគណនីភាពជាមួយអង្គបោះឆ្នោត សំដៅថាឲ្យសមាជិកព្រឹទ្ធសភា ទៅជួបនឹងក្រុមប្រឹក្សាឃុំសង្កាត់ ហើយតាមរយៈក្រុមប្រឹក្សាឃុំ សង្កាត់នោះហើយដោយខ្លួន ត្រូវចុះទៅមូលដ្ឋាន ខ្ញុំមិនចង់ឲ្យសមាជិកព្រឹទ្ធសភា ដេកស៊ីប្រាក់ខែនៅភ្នំពេញនោះទេ»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា ដោយសារតែឥឡូវនេះ មួយភូមិភាគមានដល់ទៅ ៦ខេត្ត ហើយសមាជិកមានចំនួន ៦នាក់ ដូច្នេះលំបាកក្នុងការបែងចែកឲ្យអ្នកនេះទៅខេត្តណា? អ្នកនោះទៅខេត្តណា? ដូច្នេះហើយទើបកំពុងមានការគិតគូរធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា «វិធីដែលល្អជាងគេ តាមគំនិតផ្ដួចផ្ដើម ការពិភាក្សាជាបឋមជាមួយនឹងថ្នាក់ដឹកនាំមួយចំនួនថា​ យកប្រព័ន្ធវិធីបោះឆ្នោតតាមរដ្ឋសភាតែម្ដង គឺយកខេត្តធ្វើជាមណ្ឌល ដោយមិនចាំបាច់យកភូមិភាគ ក្នុងន័យនេះគឺចង់បញ្ជាក់ជា ឧទាហរណ៍ជាក់ស្ដែងថា ប្រសិនបើខ្ញុំមកឈរនៅខេត្តព្រះវិហារ គឺច្បាស់ថា ខេត្តព្រះវិហារខ្ញុំត្រូវតែមកខេត្តព្រះវិហារដោយជាក់លាក់។ ដូច្នេះលទ្ធភាពនៃការធ្វើវិសោធនកម្មបោះឆ្នោតព្រឹទ្ធសភា ដោយបែងចែកមណ្ឌលឡើងវិញពី៨ភូមិភាគ ទៅកាន់ជាង២៥មណ្ឌលបោះឆ្នោត ដោយអាចចាប់ផ្ដើមធ្វើពីចន្លោះខែកញ្ញា ឬខែតុលា »៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម