នាយករដ្ឋមន្ត្រីថៃ កោះប្រជុំជាមួយក្រសួងបី

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី30 ខែមិថុនា ឆ្នាំ2025 ម៉ោង 8:03 នាទី ល្ងាច

 

ថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ១៧ និង ៣៧ នាទី លោកស្រី ផែថងថាន នាយករដ្ឋមន្ត្រីថៃ បានបង្ហោះនៅលើ Facebook និង Tweet តាមរយៈ X ថា បន្ទាប់ពីបានស្តាប់សហគ្រិននៅខេត្តស្រះកែវ និងខេត្តជាប់ព្រំដែនចំនួន ៦ ទៀតដែលមានបញ្ហាក្នុងការនាំចេញទំនិញ លោកស្រីបានកោះប្រជុំជាមួយអនុរដ្ឋមន្ត្រីក្រសួងការពារជាតិ អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងរដ្ឋលេខាធិការអចិន្ត្រៃយ៍នៃក្រសួងពាណិជ្ជកម្ម ដើម្បីចូលរួមពិភាក្សា និងស្វែងរកដំណោះស្រាយ។

ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​ហិរញ្ញវត្ថុថៃ ​បាន​រាយការណ៍​ថា បច្ចុប្បន្ន​មិន​មាន​ផលិតផល និង​ផ្លែឈើ​នៅ​សល់​នៅ​តាម​ព្រំដែន​ទេ។ ក្រសួងពាណិជ្ជកម្មបានរកឃើញទីផ្សារបន្ថែមសម្រាប់ផលិតផលទាំងនេះក្នុងប្រទេស ហើយបានរៀបចំផ្លូវផ្សេងទៀតសម្រាប់ផលិតផលមួយចំនួនដែលត្រូវនាំចេញទៅកាន់ប្រទេសឡាវ វៀតណាម និងចិន។ ចំណែក​កម្លាំង​ពលកម្ម​វិញ​ត្រូវ​បាន​គេ​បញ្ជាក់​ថា ​មាន​កម្លាំង​ពលកម្ម​គ្រប់គ្រាន់​ពី​ប្រទេស​ផ្សេង​មក​ធ្វើការ​ក្នុង​វិស័យ​កសិកម្ម​ និង​អាជីវកម្ម​ផ្សេងៗ។

ចំពោះតម្លៃកសិផល ដែលអាចរងផលប៉ះពាល់ពីការរត់ពន្ធពីបរទេស ដែលធ្វើឲ្យតម្លៃកសិផលក្នុងប្រទេសធ្លាក់ចុះនោះ ក្រសួងកសិកម្ម ក្រសួងពាណិជ្ជកម្ម និងក្រសួងហិរញ្ញវត្ថុ នឹងពិភាក្សារួមគ្នា ដើម្បីគ្រប់គ្រងបញ្ហានេះ ទាំងការកំណត់កូតា និងវិធានការគយច្បាស់លាស់ ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់កសិករថៃ និងរក្សាស្ថិរភាពតម្លៃផលិតផល ។

ការរាយការណ៍របស់ក្រសួងទាំងពីរខាងលើ ហាក់ផ្ទុយនឹងរបាយការណ៍របស់លោកស្រី អារ៉ាដា ហ្វឿងថង អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិថៃដែលបានបញ្ជាក់ថា វាបានប៉ះពាល់ដល់ពាណិជ្ជកម្មតាមព្រំដែន ទាំងការនាំចូល និងនាំចេញកម្រិតខ្ពស់បំផុត ត្រូវបានប៉ាន់ប្រមាណថា មានចំនួន 14,544 លានបាត(ប្រមាណ 446.5​ លានដុល្លារ)​ក្នុងមួយខែ ដោយបែងចែកទៅជាការនាំចេញជាង 11,000 លានបាត​(ប្រមាណ 337.3លានដុល្លារ) និងការនាំចូលជាង 2,700 លានបាត(ប្រមាណ 82.78 លានដុល្លារ) ខុសគ្នា ៤ ដងនៃការនាំចូល។ ទោះជាយ៉ាងណាក៏ដោយ ប្រសិន​បើការនាំចេញចាប់ពីខែមិថុនា រហូតដល់ដំណាច់ឆ្នាំ 2025 នោះថៃរំពឹងថា ផលប៉ះពាល់នឹងមានតម្លៃជាង 60,000 លានបាត (ប្រមាណ 1,842 លានដុល្លារ) ។

ផលិតផល​ដែល​អាច​​រង​ផល​ប៉ះពាល់​ក្នុង​លក្ខខណ្ឌ​នៃ​ការ​នាំ​ចេញ ​រួម​មាន ក្រុម​បន្លែ និង​ផ្លែឈើ ក្រុម​ទំនិញ​ប្រើប្រាស់ និង​ក្រុម​ទំនិញ​ឧស្សាហកម្ម។ ការនាំចូលរួមមាន ដំឡូងមី និងទំនិញឧស្សាហកម្ម។ តាម​ការ​ប៉ាន់​ស្មាន​ថា ស្ថានការណ៍​ជម្លោះ​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ នឹង​ប៉ះពាល់​ដល់​ពាណិជ្ជកម្ម​តាម​ព្រំដែន​សរុប​ក្នុង​ឆ្នាំ​២០២៥ ដែល​មាន​តម្លៃ​ប្រមាណ 1,85 ​ពាន់​ពាន់​លាន​បាត ៕

អត្ថបទ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម