អត្ថបទ សូរ្យរិទ្ធ
គណៈរដ្ឋមន្ត្រីថៃ បានបើកកិច្ចប្រជុំពិសេស ដោយចាត់តាំងលោក «ភូមិថាំ» ធ្វើជានាយករដ្ឋមន្ត្រីទីមួយ មានអំណាចដូចនាយករដ្ឋមន្ត្រីពិតប្រាកដ ។
ថ្ងៃទី ៣ ខែកក្កដា មានកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃពិសេស ដែលដឹកនាំដោយលោក សុរិយា ចឹងរុងរឿងកិច ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងគមនាគមន៍ ដែលរក្សាការជានាយករដ្ឋមន្ត្រីស្តីទីបានមួយថ្ងៃ ជាប្រធានអង្គប្រជុំបើកក្បាលដំបូង បានអង្គុយនៅកៅអីដូចដើមក្នុងតំណែងជាឧបនាយករដ្ឋមន្ត្រី ដោយទុកកៅអីនាយករដ្ឋមន្ត្រីនៅទំនេរ។ លោកស្រី ផែថងថាន ដែលត្រូវបានតុលាការធម្មនុញ្ញបញ្ជាឱ្យបញ្ឈប់ការបំពេញតួនាទីជានាយករដ្ឋមន្ត្រី ក៏បានចូលរួមកិច្ចប្រជុំផងដែរ ដោយអង្គុយនៅជួរជាមួយនឹងរដ្ឋមន្ត្រីផ្សេងទៀត។
នៅពេលចូលក្នុងរបៀបវារៈនៃកិច្ចប្រជុំនោះ អង្គប្រជុំបានពិចារណា និងអនុម័តលើការចាត់តាំងលោក ភូមិថាំ វេច ចាយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើជានាយករដ្ឋមន្ត្រីទី១ ជាមុនសិន។ បន្ទាប់មក លោក ភូមិថាំ ចូលកាន់តំណែងជាប្រធានអង្គប្រជុំ បន្ទាប់ពីលោក សុរិយា ដើម្បីពិចារណាលើរបៀបវារៈដែលនៅសេសសល់។
លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្រ្តី បានបង្ហើបថា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនេះ បានឯកភាពតាមសំណើរបស់ ទីស្តីការនាយករដ្ឋមន្រ្តី ស្តីពីការចាត់តាំងឧបនាយករដ្ឋមន្រ្តី ភូមិថាំ ឱ្យធ្វើជំនួសនាយករដ្ឋមន្រ្តី ក្នុងករណីដែល ផែថងថាន នាយករដ្ឋមន្រ្តីមិនអាចបំពេញភារកិច្ចបាន ហើយចាត់តាំង ឧបនាយករដ្ឋមន្រ្តីតាមលំដាប់ ដូចខាងក្រោម៖
១. លោក ភូមិថាំ វេចចាយ៉ាឆៃ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
២. លោក សុរិយៈ ចឹងរុងរឿងកិច ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសាធារណការ
៣. លោក ភីរ៉ាផាន់ សាលីរដ្ឋវិផាក ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីថាមពល
៤. លោក ភិឆៃ ឈុនវឈិរៈ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ហិរញ្ញវត្ថុ
៥. លោក ប្រាសឺត ច័ន្ទថារ៉ាវង្សថង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ឌីជិថលដើម្បីសេដ្ឋកិច្ច និងសង្គម
ទោះជាយ៉ាងនេះក្តី ក្នុងការចូលកាន់តំណែងរក្សាការជំនួសនាយករដ្ឋមន្ត្រីស្តីទី លោក ភូមិថាំ នឹងមានអំណាច និងភារកិច្ចដូចគ្នានឹងនាយករដ្ឋមន្ត្រីពិតប្រាកដ ហើយមានអំណាច និងតួនាទីជាប្រធានគណៈកម្មាធិការ ឬគណៈកម្មការ ឬអង្គការណាមួយ។ ក្នុងករណីដែលបុគ្គលស្តីទី តាមប្រការ២-៥នឹងបញ្ជាលើកិច្ចការណាមួយដែលទាក់ទងនឹងការគ្រប់គ្រងបុគ្គលិក និងការអនុម័តថវិកាដែលស្ថិតនៅក្រោមអំណាចរបស់នាយករដ្ឋមន្ត្រីនោះ ត្រូវតែមានការយល់ព្រមពីគណៈរដ្ឋមន្ត្រី ៕