អំណោយសម្ភារទុកដាក់សំណល់រឹងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជូនកងរាជអាវុធហត្ថលើផ្ទៃប្រទេស

ព័ត៌មានសង្គមថ្ងៃសុក្រ ទី04 ខែកក្កដា ឆ្នាំ2025 ម៉ោង 7:21 នាទី ល្ងាច

 

អំណោយជាធុងសំរាមចំនួន៣០ ធុងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រគល់ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស សម្រាប់គ្រប់គ្រងសំណល់រឹង នាព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងបរិស្ថាន ប្រគល់ជូនដោយឯកឧត្តម ចាយ សាមិត្ត រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសមិទ្ធផលនានា និងអបអរសាទរពិធីប្រារព្ធខួបលើកទី៣២ ទិវាបង្កើតកងរាជអាវុធហត្ថ (១៤ កក្កដា ១៩៩៣-១៤ កក្កដា ២០២៥) ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងអំណរគុណ ដល់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ដែលបានផ្តល់សម្ភារទុកដាក់សំរាមសំណល់ប្លាស្ទិកនាពេលនេះ ដោយឯកឧត្តមរដ្ឋមន្រ្តី បានគិតគូរខ្ពស់លើការថែទាំសុខភាព អនាម័យបរិស្ថាន និងសោភ័ណភាពនៅតាមមូលដ្ឋាន។

ការប្រគល់ធុងសំរាមនាពេលនេះ ជាការបង្ហាញទៅដល់ភាពស្អាតនៅលើទឹកដីរបស់កម្ពុជា ក្នុងនោះមានទាំងកងយោធពលខេមរភូមិន្ទផងដែរ បានចូលរួមជាមួយពលរដ្ឋយ៉ាងផុលសផុសដល់ភាពស្អាត ដែលជាការឆ្លើយតបនឹងគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលកម្ពុជា និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះជីវភាព សុខភាព និងការរស់នៅប្រកបដោយចីរភាព របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជាថ្មីម្តងទៀត បានថ្លែងអំណរគុណដល់ទឹកចិត្តអ្នកចូលរួមទាំងអស់ ក្នុងយុទ្ធនាការដើម្បីកម្ពុជាមានភាពស្អាត ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការសម្អាត«ផ្លូវជាតិគ្មានសំរាមនិងសំណល់ប្លាស្ទិក»  ដោយបានប្រែផ្នត់គំនិតទៅជាទម្លាប់ដ៏ប្រពៃអំពីការទុកដាក់សំរាម និងសំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវៗ។ ឯកឧត្តមរដ្ឋមន្រ្តីមានសុទិដ្ឋិនិយមចំពោះការចូលរួមដើម្បីកម្ពុជាមានភាពស្អាត អនុលោមតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលជំរុញឱ្យកម្ពុជាមានភាពស្អាត បៃតង និងចីរភាព និងឆ្លើយតបនឹងគោលដៅយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម