ក្រុមហ៊ុន CAMBODIAN NOBLE TASTE FOOD CO., LTD. ប្រភេទកែច្នៃស្បែកគោ ដែលមានអាសយដ្ឋាននៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដឹកនាំក្រុមការងារជំនាញ និងតំណាងអាជ្ញាធរចម្រុះ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យការអនុវត្តវិធានការច្បាប់ដែលក្រសួងបរិស្ថានបានដាក់ចេញរួចមកហើយ។ តាមការសង្កេត ក្រុមការងារបានពិនិត្យឃើញស្ថានភាពទឹកព្រែកសង្កែនៅទីតាំងសំខាន់ៗក្បែរក្រុមហ៊ុនចំនួន៤ មានលក្ខណៈធម្មតា ពុំមានក្លិនស្អុយនោះទេ។ លទ្ធផលតេស្ដបឋម ឃើញថា ប៉ារ៉ាម៉ែត្រ pH, DO និង COD ស្ថិតនៅក្នុងកម្រិតស្ដង់ដារ ។
ដោយឡែក ការត្រួតពិនិត្យនៅក្នុងទីតាំងក្រុមហ៊ុន ក្រុមការងារបានពិនិត្យឃើញថា ក្រុមហ៊ុនបានផ្អាកសកម្មភាពផលិតកម្មជាបណ្តោះអាសន្ន និងគ្មានការបង្ហូរសំណល់រាវចេញពីទីតាំងក្រុមហ៊ុនទេ។ អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ក៏ពុំមានដំណើរការដែរ។ ក្រុមហ៊ុនបានធ្វើការបិទភ្ជិតប្រព័ន្ធលូ ដែលពីមុនក្រុមហ៊ុនប្រើប្រាស់សម្រាប់បង្ហូរសំណល់រាវចូលព្រែកសង្កែបានរួចរាល់។ ក្រុមការងារបានពិនិត្យតាមព្រៃកោងកាងជាប់របងក្រុមហ៊ុនឃើញថា ពុំមានកំណកខ្លាញ់ ឬ ប្រេង កកជាប់នឹងឬសកោងកាង និងពុំមានក្លិនស្អុយដូចមុនទៀតនោះទេ ហើយដើមកោងកាងបានលូតលាស់ឡើងវិញ។
ក្រុមការងារបានបន្តតម្រូវឲ្យក្រុមហ៊ុនអនុវត្តវិធានការមួយចំនួន ឆ្លើយតបនឹងចំណុចមិនទាន់បានបំពេញ ដូចខាងក្រោម៖
១.ក្រុមហ៊ុនត្រូវពន្លឿនការដំឡើងបរិក្ខារ នៅក្នុងអាងប្រព្រឹត្តិកម្មសម្អាតសំណល់រាវ ឱ្យបានឆាប់រួចរាល់ និងរាយការណ៍ជូនក្រសួងបរិស្ថាន ដើម្បីក្រសួងបរិស្ថានចុះត្រួតពិនិត្យ និងវាយតម្លៃ មុននឹងក្រុមហ៊ុនដាក់ឱ្យ អាងប្រព្រឹត្តិកម្មដំណើរការឡើងវិញ។
២.ត្រូវទុកដាក់ និងគ្រប់គ្រងសំរាម សំណល់រឹងឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងសហការជាមួយក្រុមហ៊ុនផ្ដល់សេវាប្រមូល និងដឹកជញ្ជូន ដោយមានការទទួលស្គាល់ពីអាជ្ញាធរមានសមត្ថកិច្ច៕