អាពាហ៍ពិពាហ៍ ក្រោមក្លិនឈ្ងៀមនៃគ្រាប់រំសេវ និងឧស្ម័នបង្ហូរទឹកភ្នែក

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី08 ខែមិីនា ឆ្នាំ2021 ម៉ោង 10:52 នាទី ព្រឹក

#ដោយសូរ្យរិទ្ធ៖

ហ្វេសប៊ុក Zarzar Than

មេរៀនក្នុងមេរៀន ! ស្ថានភាពវឹកវរក្នុងសង្គមបែបនេះ ជាគំរូមួយដែលប្រទេសកម្ពុជាធ្លាប់ពើបប្រទះកន្លងមក  ។ នេះជាមេរៀនចាស់ តែនៅតែថ្មីសម្រាប់កម្ពុជា ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជន តែងរំឭកថា មិនឲ្យមានភាពបង្កចលាចល វឹកវរក្នុងសង្គម មិនឲ្យនរណាបំផ្លាញ«សន្តិភាព» ជួយថែរក្សា «សន្តិភាព មានសន្តិភាព ទើបមានការអភិវឌ្ឍ និងប្រជាជនរស់នៅមានសេរីភាព ទាំងការបំពេញធ្វើបុណ្យ ទេសចរណ៍ និងកម្សាន្តផ្សេងៗ» ។

នៅក្នុងប្រទេសណាក៏ដោយ ប្រសិនមានភាពចលាចលក្នុងសង្គម ក្នុងរូបភាពនយោបាយក្តី ឬមិននយោបាយក្តី តែង​តែធ្វើឲ្យរំខានចិត្ត រំខានអារម្មណ៍ប្រជាជនក្នុងការប្រកបរបររកស៊ី ឬការរស់នៅក្នុងសុភមង្គលគ្រួសារ ជាដើម ។

រូបហ្វេសប៊ុក Zarzar Than

ក្រឡេកមកមើលស្ថានការណ៍ប្រឆាំងតវ៉ានឹងរដ្ឋប្រហារក្នុងប្រទេសមីយ៉ាន់ម៉ា កាន់តែក្តៅគគុកទ្វេឡើងជារៀងរាល់ថ្ងៃ ព្រោះប៉ូលិស និងយោធាបានប្រើហិង្សាមិនសំចៃដៃ ក្នុងការរំលាយក្រុមបាតុកម្ម ព្រមទាំងប្រើគ្រាប់កាំភ្លើងពិតបាញ់ទៅលើប្រជាជន ។ ប៉ុន្តែជីវភាពរស់នៅរបស់ប្រជាជនខ្លះ នៅតែប្រព្រឹត្តទៅយ៉ាងស្ងៀមស្ងាត់ ដូចជាមង្គលការរបស់កូនកំលោះ-ក្រមុំមួយគូ រៀបចំឡើងក្រោមក្លិនឈ្ងៀមនៃគ្រាប់រំសេវ និងឧស្ម័ន ។

រឿងនេះត្រូវបានចែករំលែកដោយម្ចាស់ហ្វេសប៊ុកអ្នកថតរូប ហ្សារហ្សាថាន់ (Zarzar Than) នៅថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២១ ជួលថតរូបក្នុងមង្គលការ ប៉ុន្តែវាបានប្រែក្លាយកំណត់ត្រានូវជីវិត ដែលមិននឹកស្មានថា មានរឿងរ៉ាវកើតឡើង ។

រូបហ្វេសប៊ុក Zarzar Than

ពេលដំបូងគ្រប់យ៉ាងប្រព្រឹត្តទៅជាប្រក្រតី បរិយាកាសក្នុងថ្ងៃមង្គលការប្រកបដោយសេចក្តីសុខ អង្គុយចំកណ្តាលហ្វូងញាតិគ្រួសារ ភឿនភ្ញៀវដែលមកចូលរួមជូនពរ ប៉ុន្តែបរិយាកាសវាបានប្រែប្រួលភ្លាមៗ គឺហ្វូងប៉ូលិស កងកម្លាំងរក្សាសណ្តាប់ធ្នាប់មីយ៉ាន់ម៉ាជាច្រើនសិបនាក់ បានប្រាកដឡើងនៅតាមថ្នល់ ក្នុងការបង្ក្រាបបាតុកម្ម បាញ់ឧស្ម័នបង្ហូរទឹកភ្នែក បាញ់គ្រាប់កាំភ្លើងពិត បើមិនពួននឹងត្រូវស្លាប់ ។

រូបហ្វេសប៊ុក Zarzar Than

ភ្លាមៗបរិយាកាសក្នុងមង្គលការ ត្រូវបានចលាចល ទាំងភ្ញៀវ ទាំងអ្នកថតរូបត្រូវក្រាបពួនយកជីវិតមួយគ្រាសិន ខ្លាចគ្រាប់កាំភ្លើងហោះមកមិនប្រណី ប៉ុន្តែទោះយ៉ាងណា ពិធីសំពះផ្ទឹមកូនកំលោះ-កូនក្រមុំ នៅតែប្រព្រឹត្តទៅដោយបេះដូង​លោតក្ឌុកក្ឌាក់ៗ ហើយផ្សែងឧស្ម័នបានហើរមកជ្រៀតចូលតាមកញ្ចក់ផ្ទះល្មមតែឈ្លក់ចេញទឹកភ្នែកដែរ ។

ក្នុងទីបំផុត ពិធីមង្គលការក៏បានឆ្លងផុតទៅយ៉ាងល្អ កូនកំលោះ-ក្រមុំបានក្លាយជាគូស្វាមី-ភិយាពេញលេញ ហើយញាតិភឿនគ្រប់រូបក៏មានសុវត្ថិភាព ។ គេនាំគ្នានិយាយថា នេះជា«ថ្ងៃមង្គលនៃការចងចាំមិនអាចបំភ្លេចបាន» ៕



 

 


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម