គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានជម្រាបចេញសេចក្តីជូនដំណឹងមួយដល់គណបក្សនយោបាយឈរឈ្មោះបោះឆ្នោតទាំងអស់ អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងធ្វើការទទួលស្បោង «ឃ» និងកញ្ចប់ «ឃ ពិសេស» ព្រមទាំងសម្ភារ ឯកសារបោះឆ្នោតពាក់ព័ន្ធដទៃទៀតពីគណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត (គធ.ខប) ទាំង ២៥ ចាប់ពីថ្ងៃទី២៧-២៩ ខែកក្កដា ឆ្នាំ២០២៣ នេះតទៅ ។
បន្ទាប់ពីបានទទួលសម្ភារ និងឯកសារបោះឆ្នោតខាងលើ គ.ជ.ប នឹងធ្វើការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់បញ្ជាក់អំពីភាពត្រឹមត្រូវលើលទ្ធផលនៃការបោះឆ្នោតតាមមណ្ឌលបោះឆ្នោតរាជធានី-ខេត្តនីមួយៗ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣ នេះតទៅ ចាប់ពីវេលាម៉ោង ៨:៣០នាទីព្រឹក នៅទីស្ដីការ គ.ជ.ប។
សេចក្ដីជូនដំណឹងនេះចាត់ទុកជាការអញ្ជើញតំណាងគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍បោះឆ្នោតជាតិ និងអន្តរជាតិ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលរួមសង្កេតមើល និងយកព័ត៌មានកុំបីខាន៕