អ៊ុយក្រែនមិនទាន់ចូលជាសមាជិកណាតូផង ហេតុអ្វីរុស្ស៊ីវ៉ៃ? សង្គ្រាមនេះ អ្នកណាបាន អ្នកណាបាត់?

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី27 ខែកុម្ភៈ ឆ្នាំ2022 ម៉ោង 8:10 នាទី ល្ងាច

 

អត្ថបទ លោក សូរ្យរិទ្ធ៖

កែវភ្នែករាប់ពាន់លានគូនៅទូទាំងពិភពលោក កំពុងបាញ់ឆ្ពោះតែរឿងសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន មើលហើយ ឃើញហើយមានតែក្តីរន្ធត់ ទឹកភ្នែកលាយឈាម ការព្រាត់និរាសគ្រួសារ ការវិនាសហិនហោចខ្លោចផ្សា ។

អ្នកខ្លះនិយាយថា មូលហេតុមកពីប្រទេសអ៊ុយក្រែន ចង់បែកហ្ស៊ឺទៅចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ ណាតូ ឬហៅ អូតង់ ទើបរុស្ស៊ីខឹងខ្លាំង ដែលគោលបំណងតែមួយគត់ គឺមិនឲ្យអ៊ុយក្រែនទៅខាងណាតូ ។ កាលពីកន្លងមក លោកប្រធានាធាធិបតី វ៉ូឡូឌីមៀរ សេលេនស្គី ធ្លាប់បានទូរស័ព្ទផ្ទាល់ទៅប្រធានាធិបតីសហរដ្ឋ​អាមេរិក ចូ បៃដេន ថាខ្លួនចង់ចូលជាសមាជិកណាតូ ហើយមិនអស់ចិត្តលោក សេលេនស្គី បានជិះយន្តហោះទៅជួបផ្ទាល់ទៀត សាសព្ទអំពីចិត្តអន្ទះសាចង់ក្លាយជាណាតូនឹងគេ ។ រឿងនេះហាក់ដូចយកដុំរងើកភ្លើងទៅដុតដើមទ្រូងលោក ពូទីន ប្រធានាធិបតីរុស្ស៊ី ឲ្យឆេះងំ ទុំជាកំហឹង ខឹងក្រោធ ដាក់ផែនការវាយអ៊ុយក្រែនតែម្តង ។

បើអ៊ុយក្រែនមិនទាន់ទាំងបានចូលផង តើរុស្ស៊ីវាយប្រហារធ្វើអី្វ? នោះក៏មានរឿងមួយ ដែលអាចចាត់ទុកថាជា«លេស» របស់រុស្ស៊ីក៏បាន គឺចោទទៅលើប្រទេសអ៊ុយក្រែនថា ជាអ្នកធ្វើបាបជនជាតិរុស្ស៊ីជាច្រើនម៉ឺននាក់ដែលរស់នៅក្នុងទឹកដីអ៊ុយក្រែន រួមទាំងចោទថា ពួកគេរើសអើងសម្លាប់ជាតិសាសន៍របស់គេ ។

តើសមហេតុផលទេ ការដែលលើកបញ្ហាទាំងពីរមកបង្កាត់ភ្លើងសង្គ្រាមនាពេលនេះ ? នៅពេលសង្គ្រាមឆាបឆេះសន្ធោរសន្ធៅចាប់ពីថ្ងៃទី ២៤ ខែកុម្ភ: ឆ្នាំ ២០២២ មកដល់ថ្ងៃនេះ (២៧ កុម្ភៈ) តើអ្នកណាបាន អ្នកណាបាត់?

ដូចសារព័ត៌មាន «មតិអ្នក» របស់យើងបានចុះផ្សាយកន្លងមកថា បើរុស្ស៊ីធ្វើសង្គ្រាមពេញរូបរាង នោះរុស្ស៊ីជាអ្នកខាតធំជាងគេ ព្រោះត្រូវអស់ថវិកាច្រើន និងជីវិតកងទ័ពត្រូវបាត់បង់មិនតិចទេ ហើយការខូចខាតផ្នែកខាងក្រៅប្រទេស ច្រើនមហាសាល ។

លោក ចូ បៃដេន បានព័ត៌មានពីចារកម្មថា រុស្ស៊ីនឹងវាយអ៊ុយក្រែននៅពាក់កណ្តាលខែកុម្ភៈនេះ ឬលើស ៣-៤ថ្ងៃទៀត ហើយ ណាតូ និយាយថា ការដកទ័ពរបស់រុស្ស៊ីដកចេញពីព្រំដែន គឺជាលេសទេ គឺជាស្រមោល ។ ចុះបើរុស្ស៊ីមិនវាយ តើមុខមាត់អាមេរិក និងណាតូយកទៅទុកកន្លែងណា តែនេះវាយមែន ដែលធ្វើឲ្យសហរដ្ឋអាមេរិក និងអឺរ៉ុប ដេកស្រួល ដោយ សារបានលេសមួយ ដាក់ទណ្ឌកម្មទៅលើរុស្ស៊ីគ្រប់បែបយ៉ាង ទាំងកិច្ចការលើសុញ្ញអាកាស ផ្តាច់ប្រព័ន្ធអាកាស ផ្តាច់ប្រព័ន្ធសេដ្ឋកិច្ច​ រួមទាំងបង្កកទ្រព្យសម្បត្តិដ៏ច្រើនមហាសាល ឲ្យស្ថិតក្នុងកណ្តាប់ដៃពួកគេ ។ ​ចុះបើរុស្ស៊ីមិនវាយវិញ នោះមិនអ៊ុយក្រែនលើកដៃពីរសំពះអរគុណអាមេរិក ដែលបានជួយជ្រោមជ្រែង បានជំនួយទោះតិចក៏ហៅមហាគុណដែរ ។

អ៊ុយក្រែន ដំបូងឯកាណាស់ ធ្វើសង្គ្រាមតែម្នាក់ឯង ដោយណាតូក្តី សហរដ្ឋអាមេរិកក្តី សហគមន៍អឺរ៉ុបក្តី ដេកមើលទូរសទ្សន៍យ៉ាងរំភើយ តែទើបម្នាក់ៗបានប្រែឥរិយាបថនាពេលថ្មីៗនេះ ដោយបញ្ជូនកងកម្លាំង និងយុទ្ធោបករណ៍ទៅជួយអ៊ុយក្រែន ដូចទៅបន្តក់ទឹកសន្សើមនាដង្ហើមចុងក្រោយ ។ ទម្រាំសង្គ្រាមឆេះបាន ៣ ថ្ងៃ ទីក្រុងធំៗរបស់អ៊ុយក្រែន រួមទាំងទីក្រុងគៀវផង ត្រូវរលាយខ្ទេច ជីវិតមនុស្សទាំងទាហាន ទាំងស៊ីវិល ក្មេង ចាស់ បាត់បង់ជីវិត បាត់ទីជម្រកដោយមីស៊ីល និងយន្តហោះទម្លាក់គ្រាប់របស់រុស្ស៊ីផង ។

នេះជាសង្គ្រាម យក្សធំ វាយយក្សតូច អ្នកបាត់ អ្នកណាបាន?


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម