ដោយសារស្ថានការណ៍តានតឹងក្នុងតំបន់ ធ្វើឲ្យវិស័យយោធានៅប្រទេសមួយចំនួន បង្កើនថវិកាកម្រិតខ្ពស់បំផុត

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី28 ខែមេសា ឆ្នាំ2024 ម៉ោង 7:44 នាទី ល្ងាច

ដោយសារកម្រិត​ភាព​តានតឹង​នៅ​អាស៊ី​ភាគ​ខាង​កើត​ បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ ទាំង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់ និង ឧបទ្វីបកូរ៉េ និងសមុទ្រចិនខាងត្បូង ប៉ុន្តែ​ដោយសារ​មាន​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន និងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាសនៅមជ្ឈិមបូព៌ា បណ្តាលឱ្យមានការយកចិត្តទុកដាក់​ខ្លាំងផ្នែកយោធា

របាយការណ៍ថ្មីរបស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិStockholm (SIPRI)បង្ហាញថា ការចំណាយផ្នែកយោធានៅអាស៊ីបូព៌ាក្នុងឆ្នាំ2023 បានកើនឡើង6.2% ធៀបនឹងឆ្នាំមុនដល់411 ពាន់លានដុល្លារ ។

ប្រទេសចិន ដែលជាប្រទេសចំណាយយោធាច្រើនជាងគេទីពីររបស់ពិភពលោកបន្ទាប់ពីសហរដ្ឋអាមេរិក (916 ពាន់លានដុល្លារ) បានផ្តល់ថវិកាចំនួន296 ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិក្នុងឆ្នាំ2023 កើនឡើង6.0% ធៀបនឹងឆ្នាំមុន នេះ​ជា​ការ​កើន​ឡើង​លើក​ទី ២៩ ជាប់​គ្នា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ។

ការចំណាយយោធារបស់ចិនមានចំនួនពាក់កណ្តាលនៃការចំណាយយោធាសរុបនៅទូទាំងអាស៊ី និងអូសេអានី។នៅពេលចិនបង្កើនថវិកាប្រទេស​ជិត​ខាង​របស់​ចិន​ក៏​បាន​បង្កើន​ថវិកា​យោធាដូចគ្នា

ប្រទេសជប៉ុនបានបែងចែកថវិកាយោធាចំនួន50.2 ពាន់លានដុល្លារក្នុងឆ្នាំ2023 ពោលគឺកើនឡើង11% ធៀបនឹងឆ្នាំមុន។ នេះ​ជា​ការ​កើន​ឡើង​ច្រើន​បំផុត​ចាប់​តាំង​ពី​ឆ្នាំ1972

SIPRIបាននិយាយថា«ប្រទេសជប៉ុនមានបំណងពង្រឹងវិធានការតបតរបស់ខ្លួនតាមរយៈការវិនិយោគដ៏ធំនៅក្នុងយន្តហោះ កប៉ាល់ និងមីស៊ីលរយៈចម្ងាយឆ្ងាយ» ខណៈដែលផែនការរបស់រដ្ឋាភិបាលជប៉ុនអំពាវនាវឱ្យមានការចំណាយយោធាចំនួន310ពាន់លានដុល្លារក្នុងឆ្នាំ2023-2027

តៃវ៉ាន់បានបែងចែកថវិកាយោធាចំនួន16.6ពាន់លានដុល្លារ កើនឡើង11%ពីឆ្នាំមុនផងដែរ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់គឺ ទិន្នន័យបង្ហាញថា តៃវ៉ាន់បានបង្កើនថវិកាយោធារបស់ខ្លួនចំនួន56%ពីឆ្នាំ2014ដល់ឆ្នាំ2023ជាមួយនឹងមូលនិធិបន្ថែមដែលបានបង្កើតឡើងក្នុងឆ្នាំ2020និងម្តងទៀតនៅឆ្នាំ2022សម្រាប់ការទិញយន្តហោះចម្បាំងF-16និងប្រព័ន្ធកងទ័ពជើងទឹក។

ចំណែក​កូរ៉េខាងត្បូង​ដែល​បាន​ពង្រឹង​វិស័យ​យោធា​ត្រីភាគី​ជាមួយ​អាមេរិក និង​ជប៉ុន។ ការ​ចំណាយ​ផ្នែក​យោធា​នឹង​កើន​ឡើង​ដល់​ 47.9 ​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៣ ដែល​មាន​ការ​កើន​ឡើង​១,១%​ធៀប​នឹង​ឆ្នាំ​មុន ហើយ​កង​កម្លាំង​ទ័ព​អាកាស​របស់​សហរដ្ឋ​អាមេរិក និង​កូរ៉េ​ខាង​ត្បូង​កំពុង​ធ្វើ​សមយុទ្ធ​រួម​ធំ​បំផុត​មិន​ធ្លាប់​មាន នៅឧបទ្វីបកូរ៉េដែលមានយន្តហោះជាង100 គ្រឿងបានចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិត។

ទោះជាយ៉ាងណាក៏ដោយ របាយការណ៍របស់SIPRIបង្ហាញថា ការចំណាយលើផ្នែកយោធាក៏កំពុងកើនឡើងនៅគ្រប់តំបន់នៃពិភពលោកផងដែរ។ នេះគឺជាឆ្នាំដំបូងចាប់តាំងពីឆ្នាំ2009 ដែលការចំណាយយោធាបានកើនឡើងនៅទូទាំងតំបន់ទាំងប្រាំ ដោយសារSIPRIបែងចែកពួកគេតាមភូមិសាស្ត្រ ហើយជារួម ថវិកាយោធាពិភពលោកបានកើនឡើងក្នុងរយៈពេល9 ឆ្នាំជាប់ៗគ្នា ដែលឈានដល់កម្រិតខ្ពស់បំផុតគឺ2,443,000 លានដុល្លារអាមេរិក  ។

ប្រទេសរុស្ស៊ីដែលកំពុងមានសង្រ្គាមជាមួយអ៊ុយក្រែននឹងចំណាយប្រាក់ចំនួន109ពាន់លានដុល្លារក្នុងឆ្នាំ2023កើនឡើង24%ធៀបនឹងឆ្នាំមុន ហើយស្មើនឹង16%នៃការចំណាយសរុបរបស់រដ្ឋាភិបាល។

អ៊ុយក្រែន​ជា​ប្រទេស​ដែល​ចំណាយ​យោធា​ធំ​ជាង​គេ​ទី​ប្រាំបី​ក្នុង​ពិភពលោក​ដែល​មាន​តម្លៃ​64.8 ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ2023 កើនឡើង51% ធៀប​នឹង​ឆ្នាំ​មុន58% នៃការចំណាយសរុបរបស់រដ្ឋាភិបាល។

ប៉ុន្តែនៅពេលប្រៀបធៀបអ៊ុយក្រែន និងរុស្ស៊ី ការចំណាយយោធារបស់អ៊ុយក្រែនមានត្រឹមតែ59%នៃប្រទេសរុស្ស៊ីប៉ុណ្ណោះ

បកប្រែពី prachachat

ដោយ សូរ្យសែង


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម