វិបត្តិអ៊ុយក្រែនសង្ឃឹមលើប្រទេសចិនតែមួយ! ហ្វាង អ៊ី ៖ ចិនប្រឆាំងសង្គ្រាម រក្សាសន្តិភាព ឈរនៅលើភាពត្រឹមត្រូវក្នុងសង្គ្រាមអ៊ុយក្រែន

ព័ត៌មានអន្តរជាតិថ្ងៃអាទិត្យ ទី20 ខែមិីនា ឆ្នាំ2022 ម៉ោង 6:05 នាទី ល្ងាច

លោក ហ្វាង អ៊ី Photograph:( Reuters )

 

ដោយ សូរ្យសែង៖

លោក ហ្វាង អ៊ី រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានបញ្ជាក់នៅថ្ងៃទី ២០ មីនានេះថា​ ពេលវេលានឹងប្រាប់ថា ចិន​ឈរ​នៅលើភាពត្រឹមត្រូវ​ក្នុង​វិបត្តិ​អ៊ុយក្រែន​ជា​ប្រវត្តិសាស្ត្រ ជំហរ​របស់​ចិន​គឺ​ស្រប​តាម​បំណង​ប្រាថ្នា​របស់​ប្រទេស​ភាគច្រើន ។

នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រសួងការបរទេសចិនកាលពីថ្ងៃទី ២០ ខែមីនា លោក ហ្វាង បាននិយាយថា ចិនមិនចូលចិត្តការបង្ខិតបង្ខំ ឬដាក់សម្ពាធពីខាងក្រៅឡើយ ហើយក៏ប្រឆាំងនឹងការចោទប្រកាន់គ្មានការពិត និងការសង្ស័យដែលគ្មានមូលដ្ឋានលើប្រទេសចិនផងដែរ ។

សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​ចិន​ បាន​ធ្វើ​ឡើង​បន្ទាប់​ពីប្រធានាធិបតីអាមេរិក ចូ បៃដេន បានព្រមានប្រធានាធិបតីចិន ហ្ស៊ី ជិនពីង នៅក្នុងកិច្ចពិភាក្សាតាមវីដេអូ Zoom រយៈពេល ២ ម៉ោង នាថ្ងៃទី ១៨ ខែមីនាថា ប្រទេសចិននឹងរងផលប៉ះពាល់ បើ​គាំទ្រ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ទៅលើ​អ៊ុយក្រែន ។

ក្នុងអំឡុងពេលពិភាក្សាតាមវីដេអូនោះ មេដឹកនាំចិនបានប្រាប់លោក បៃដេន ថា សង្គ្រាម​នៅ​អ៊ុយក្រែន​ត្រូវ​តែ​បញ្ចប់​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ហើយបានអំពាវនាវឱ្យសមាជិកនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) ចរចាជាមួយរុស្ស៊ី ប៉ុន្តែមិនបន្ទោសរុស្ស៊ីទៅលើបញ្ហាដែលកើតឡើងនោះទេ ។

លោក ហ្វាង មានប្រសាសន៍ថា ខ្លឹមសារសំខាន់បំផុតដែលប្រធានាធិបតីចិន ហ្ស៊ី ជិនពីង និយាយ គឺ «ចិនជាកម្លាំងដ៏សំខាន់ក្នុងការរក្សាសន្តិភាពរបស់ពិភពលោកជានិច្ច», «...យើងតែងតែឈរដើម្បីរក្សាសន្តិភាព ទប់ទល់នឹងសង្គ្រាម» ចុងក្រោយសង្កត់ធ្ងន់ថា ប្រទេសចិនមានការសម្រេចចិត្តដោយឯករាជ្យ ។

«ជំហររបស់ចិនគឺផ្អែកលើការពិត និងដោយគ្មានការរើសអើង ហើយក៏បំពេញតម្រូវការរបស់ប្រទេសភាគច្រើនផងដែរ ពេលវេលានឹងបង្ហាញថា ប្រទេសចិនស្ថិតនៅលើភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ» ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម