បទវិភាគ៖ តើ​អនាគត​នៃ​ទំនាក់ទំនង​តៃវ៉ាន់​-​ចិន ​តាម​រយៈ​លោក ឡៃ ឈិងដេ ទៅជាយ៉ាងណា?

ព័ត៌មានអន្តរជាតិថ្ងៃច័ន្ទុ ទី22 ខែមករា ឆ្នាំ2024 ម៉ោង 7:32 នាទី ល្ងាច

ដោយ សូរ្យសែង៖

លោក ឡៃ ឈិងដេ (Lai Qingde) ប្រធានាធិបតី​តៃវ៉ាន់​ថ្មី បានប្រកាសជាសាធារណៈជាច្រើនដងមកហើយថា  «តៃវ៉ាន់​ជា​រដ្ឋ​ឯករាជ្យ​មួយ​រួច​ទៅ​ហើយ ដូច្នេះ​មិន​ចាំបាច់​ប្រកាស​ឯករាជ្យទៀត​ទេ ចិន និង​តៃវ៉ាន់​មិន​ទាក់ទង​គ្នា​ឡើយ» ។

មន្ត្រីចិនបាននិយាយម្តងហើយម្តងទៀតថា លោក ឡៃ គាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់ និង​ជា​មនុស្ស​ម្នាក់​ដែល «គ្រោះថ្នាក់ខ្លាំងណាស់» ។

លោក ឡៃ ធ្លាប់បានផ្ញើអត្ថបទមួយទៅចុះផ្សាយក្នុងកាសែត Wall Street Journal ដែលមានចំណងជើងថា «ផែនការរបស់ខ្ញុំក្នុងការរក្សាសន្តិភាពរវាងចិន និងតៃវ៉ាន់» វាបានចែងអំពីគោលការណ៍ចំនួនបួន៖

  1. លើកកម្ពស់សក្តានុពលរបស់កងទ័ព ដើម្បីរារាំងសត្រូវ
  2. ពង្រឹងស្ថិរភាពសេដ្ឋកិច្ច កាត់បន្ថយការពឹងផ្អែកលើប្រទេសចិន
  3. ពង្រឹងទំនាក់ទំនងជាមួយសម្ព័ន្ធមិត្តលោកខាងលិច និងជប៉ុន
  4. រក្សាទំនាក់ទំនងជាមួយមេដឹកនាំចិន ដោយស្មើមុខគ្នា និងមានសេចក្តីថ្លៃថ្នូរ

បើប្រៀបធៀប ភាពខុសគ្នារវាងលោក ឡៃ ឈិងដេ និងលោកស្រីអតីតប្រធានាធិបតី ឆៃ អ៊ិងវើន គឺលោកស្រីជាអ្នកចរចា ។ មុន​ចូល​ប្រឡូក​ក្នុង​ឆាក​នយោបាយ លោកស្រី​ជា​តំណាង​ចរចា​ឲ្យ​តៃវ៉ាន់ យុទ្ធសាស្ត្ររបស់គាត់ គឺ«បង្កើនអត្ថប្រយោជន៍ច្រើនសម្រាប់តៃវ៉ាន់ ឲ្យការបាត់បង់មានតិចបំផុត» ។

ចំណែក​លោក ឡៃ ​ជា​វេជ្ជបណ្ឌិត​ដែល​ពណ៌នា​ខ្លួន​ឯង​ថា​ជា​ «អ្នកលើកកម្ពស់ឯករាជ្យភាពជាក់ស្តែង(pragmatic independence promoter)» ។ ឡៃ កាន់តែច្បាស់នៅក្នុងការសម្រេចចិត្តរបស់គាត់ ប៉ុន្តែក្នុងពេលតែមួយ ដោយមានប្រវត្តិជា «វេជ្ជបណ្ឌិត» គាត់ដឹងខ្លួនឯងថា គួរប្រយ័ត្នប្រយែង បើមិនដូច្នេះទេ «អ្នកជំងឺ» អាច «ស្លាប់»បាន ។

ក្រឡេកមើល «គោលការណ៍ទាំងបួន» ដែលលោក ឡៃ ឈីងដេ ធ្លាប់បានប្រកាសនោះ យើងអាចឃើញពីអនាគតរបស់តៃវ៉ាន់ ។ តៃវ៉ាន់លាដៃចាប់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច រួមទាំងប្រទេសជប៉ុនយ៉ាងច្បាស់ ហើយនឹងទិញអាវុធបន្ថែមទៀត បើកផ្លូវសម្រាប់ទាហានអាមេរិក ជួយបណ្តុះបណ្តាលកងទ័ពតៃវ៉ាន់ រួមទាំងបង្កើត​សុន្ទរកថា​មួយ​សម្រាប់​ប្រជាជាតិ​ប្រជាធិបតេយ្យ​ឱ្យ​មក​រួម​គ្នា​ការពារ​តៃវ៉ាន់​ដូច​ជា «ថ្ងៃនេះ​ហុងកុង ថ្ងៃខាងមុខតៃវ៉ាន់ «តៃវ៉ាន់នឹងមិនក្លាយជាអ៊ុយក្រែន 2» នៅថ្ងៃស្អែកទេ ។

នៅក្នុងសេដ្ឋកិច្ច តៃវ៉ាន់​នឹង​មាន​បំណង​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​លើ​ចិន ដោយបង្កើតខ្សែចង្វាក់ផ្គត់ផ្គង់រួមគ្នាជាមួយបណ្តាប្រទេសលោកខាងលិច ឧបករណ៍សំខាន់គឺ ឧស្សាហកម្ម semiconductor នៅតៃវ៉ាន់ គឺជាអ្នកផលិតដ៏សំខាន់ តៃវ៉ាន់​នឹង​ធ្វើ​ឱ្យ​ប្រទេស​ផ្សេង​ទៀត​ដឹង​ថា ​ខ្លួន​នឹង​រង​គ្រោះ ​ប្រសិនបើ​ចិន​គំរាម​តៃវ៉ាន់​Semiconductors នឹងខ្វះខាត ការផលិតអេឡិចត្រូនិកផ្សេងៗនឹងប្រឈមបញ្ហា ។

ស្ថានការណ៍នៃ​ការ​បំបែក​សេដ្ឋកិច្ច​របស់​តៃវ៉ាន់​ពី​ប្រទេស​ចិន​បាន​កើត​ឡើង​រួច​ហើយ ។ ស្ថិតិ​របស់​ក្រសួង​សេដ្ឋកិច្ច​តៃវ៉ាន់​បង្ហាញ​ថា ​កាលពី​ឆ្នាំ​មុន​ តៃវ៉ាន់វិនិយោគក្នុងប្រទេសចិនប្រមាណតែ 10% ប៉ុណ្ណោះ ដែលជាកម្រិតទាបរយៈពេល 30 ឆ្នាំ ខណៈដែលការវិនិយោគរបស់តៃវ៉ាន់នៅសហរដ្ឋអាមេរិក និងអាល្លឺម៉ង់បានកើនឡើងយ៉ាងឆាប់រហ័ស ។

ឡៃ ឈិងដេ និង​គណបក្ស​​ប្រជាធិបតេយ្យឈានមុខ​ នឹង​បង្ក​ឱ្យ​មាន «ការ​បំបែក​ភាគី» រវាង​សហរដ្ឋអាមេរិក ជាមួយចិនកាន់តែច្បាស់ នេះមិនមែនជានយោបាយផ្ទៃក្នុងរបស់តៃវ៉ាន់ទេ ដោយសារតែប្រទេសផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​សន្តិសុខ សេដ្ឋកិច្ច និង​ចង្វាក់​ផ្គត់ផ្គង់​ក៏​អាច​ត្រូវ​បង្ខំ​ឱ្យ​ជ្រើសរើសតែម្ខាង​ដែរ ៕


ហាមធ្វើការចម្លងអត្ថបទ ដោយមិនមានការអនុញ្ញាត្តិ។

ភ្ជាប់ទំនាក់ទំនងជាមួយយើងឥឡូវនេះ

អត្ថបទប្រហាក់ប្រហែល


ពាណិជ្ជកម្ម

អត្ថបទថ្មីៗ

អត្ថបទពេញនិយម